នគរបាល​​ខណ្ឌដង្កោ​ចាប់ខ្លួន​ក្រុម​អ្នកលេង​ កាំបិត​និង​ដាវ​អុកឡុក​ សាលារៀន​ប៉ុនប៉ង​កាប់​សិស្ស

 
 

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកលេង​៣​នាក់ ក្នុង​ចំណោម​៥​នាក់ ប្រដាប់​ដោយ​កាំបិត និង​ដាវ​គ្រប់​ដៃ បាន​ធ្វើ​សកម្មភាព​អុកឡុក​នៅ​ក្នុង​សាលារៀន​មួយ និង​ប៉ុនប៉ង​កាប់សម្លាប់​សិស្ស​នៅ​ក្នុង​សាលា​នោះ ដោយ​បោយ​ដៃ​ហៅ​សិស្ស​ម្នាក់​ឲ្យ​ចេញ​ទៅ​ប្រយុទ្ធ​ស្លាប់​រស់​ជាមួយ​ពួក​ខ្លួន​នោះ ត្រូវ​បាន​កម្លាំង​ប៉ូលិស​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ ធ្វើការ​ចាប់ខ្លួន​បាន នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៦ នៅ​មុខ​វិទ្យាល័យ​ទួល​អំពិល ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ចាប់ខ្លួន​បាន​នោះ​មាន ១-​ឈ្មោះ អំ វី​រៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុ​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ​, ២-​ឈ្មោះ តឹ​ម មាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ និង ៣-​ឈ្មោះ កែវ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ។ ប៉ូលិស​ដកហូត​បាន​ដាវ និង​កាំបិត​ចំនួន​៣​ដើម​ផង​ដែរ ។ ចំណែក​២​នាក់​ទៀត​ដែល​បាន​រត់គេច​ខ្លួន​រួច​នោះ​មាន ១-​ឈ្មោះ អ៊ី ណូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ និង ២-​ឈ្មោះ ស្នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ​ក្រុម​អ្នកលេង​ទាំង​៥​នាក់​នោះ​បាន​នាំ​គ្នា​ទៅ ធ្វើការ​ អុកឡុក​វិទ្យាល័យ​ ខាងលើ​ដោយ​បាន​បោយ​ដៃ​ ហៅ​យុវជន​ម្នាក់​ឈ្មោះ ហេង តេ​ង អាយុ​២០​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១២ រៀន​នៅ​វិទ្យាល័យ​ខាងលើ មាន​ទីលំនៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ឲ្យ​ចេញ​ទៅ​ខាងក្រៅ​សាលា ដើម្បី​ប្រយុទ្ធ​គ្នា​ឲ្យ​ ដឹង​ឈ្នះ​ចាញ់ ហើយ​កន្លង​មក​ ក្រុម​ជន​ទាំងនេះ​ក៏​ធ្លាប់ បាន​ព្រួត​វាយ​ជន​ រង​គ្រោះ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ពេល​នោះ​ជន​រង​គ្រោះ​ មិន​ហ៊ាន​ចេញ​ក្រៅ​សាលា​ទេ ហើយ​បាន​ទូរស័ព្ទ​រាយការណ៍​ ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ដង្កោ សហការ​ជាមួយ​ប៉ូលិស​ ខណ្ឌ​ក្រោម​បញ្ជា និង​ការ​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ចុះ​ទៅ​ អន្តរាគមន៍ និង​ចាប់​ឃាត់ខ្លួន​បាន​ ៣​នាក់ រួម​និង​វត្ថុ​តាង ដាវ​កែ​ច្នៃ​ចំនួន​៣​ដើម យក​មក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ជន​ទំនើង​ខាងលើ​នេះ​កន្លង​មក​តែងតែ​បង្ក​ការ​អុកឡុក​នៅ​ក្នុង​ មូលដ្ឋាន​ខណ្ឌដង្កោ ជា​ញឹកញាប់​ហើយ​ ប៉ូលិស​ក៏​ធ្លាប់​បាន​ឃាត់ខ្លួន ធ្វើ​កិច្ចសន្យា ឲ្យ​អាណាព្យាបាល​ ធានា​ទៀត​ផង តែ​មិន​រាងចាល ពេល​នេះ​ប៉ុនប៉ង​កាប់ សម្លាប់​មនុស្ស និង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​សិស្ស​ នៅ​ក្នុង​សាលា ទើប​ចាប់ខ្លួន​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ តុលាការ​តែ​ម្ដង ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម