ចាក់​សាំង​ ដុត​ឈើ​ប្រណីតចោល​ ខណៈ​ផ្ទុះ​ជម្លោះ​ ជាមួយ​មេព្រៃ (មានវីដេអូ)

 
 

ខេត្តស្ទឹងត្រែង ៖ ក្រុម​អ្នក​ដឹកឈើ​ប្រណី​ត ទៅ​ចែកចាយ ​នៅ​តាម​សិប្បកម្ម​កែ​ច្នៃ​ឈើ​ បាន​ផ្ទុះ​ជម្លោះ​ជាមួយ​មេព្រៃ​ រហូត​ឈាន​ដល់​ការ​ ចាក់​សាំង​ដុត​ឈើ ​កម្ទេច​ចោល នៅ​ខាងកើត​ស្ពាន​សេ​កុង ក្បែរ​សណ្ឋាគារ​រស្មី​ពេជ្រ កាលពី​វេលា​ម៉ោង​១២ និង​៥១​នាទី​ ថ្ងៃត្រង់ ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៦ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ដឹកឈើ​ប្រណីត​តាម​ម៉ូតូ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹងសរសៃក​ ជាមួយ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​បន្ទាប់​ពី​ពួក​គេ​ដឹកឈើ​តាម​ម៉ូតូ​ចេញពី​ សង្កាត់​សាមគ្គី​បម្រុង​ចូល​ទៅ​ចែកចាយ​តាម​សិប្បកម្ម​កែ​ច្នៃ​ឈើ​ធ្វើ​គ្រឿង ​សង្ហា​រឹម​នៅ​ក្រុង​ស្ទឹង​ត្រែង តែ​ត្រូវ​ក្រុម​ជំនាញ​ឃាត់​ជាប់​ខណៈ​ដឹក​មក​ដល់​ខាងកើត​ស្ពាន​សេ​កុង ក្បែរ​សណ្ឋាគារ​រស្មី​ពេជ្រ ។ ដោយសារ​តែ​ការ​សម្រុះសម្រួល​ជាមួយ​សមត្ថកិច្ច​មិន​បាន ក្រុម​អ្នក​ដឹកឈើ​ប្រណីត​ក៏​បាន​ចាក់​សាំង​ដុត​ឈើ​ចោល​នៅ​ចំពោះ​មុខ​មេព្រៃ​ តែ​ម្តង តែ​ការ​ឆាបឆេះ​នោះ​បាន​ត្រឹម​មួយ​ចំហួល​សាំង​ប៉ុណ្ណោះ​ក៏​រលត់​ទៅ​វិញ និង​មិន​បង្ក​ឲ្យ​ខូចខាត​ទ្រង់ទ្រាយ​ឈើ​ប្រណីត​ឡើយ ។

ក្រុម​អ្នក​ដឹកឈើ​ប្រណីត​ទាំងនោះ​បាន​ប្រាប់​«​កោះសន្តិភាព​»​ក្រោយ​ កើតហេតុ​ថា ពួក​គេ​បាន​ដឹកឈើ​ចេញពី​សង្កាត់​សាមគ្គី​បម្រុង​ទៅ​កាន់​ក្រុង​ស្ទឹង​ត្រែង​ ដើម្បី​ចែកចាយ​តាម​សិប្បកម្ម​កែ​ច្នៃ​ឈើ តែ​ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​ក្រុម​មេព្រៃ​ឃាត់​ ពួក​គេ​សុំ​សម្រុះសម្រួល​តែ​មេព្រៃ​មិន​ព្រម​ ថា​ត្រូវ​តែ​ចាប់ ។ ដោយ​ការ​អង្វរក​មិន​ត្រូវ​គ្នា ទើប​ពួក​ខ្លួន​ទម្លាក់​ឈើ​ចុះ​ពី​ម៉ូតូ​ចាក់​សាំង​ដុត​ចោលតែ​ម្តង ។

លោក អឿ គឹ​ម​ហេង មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​បាន​ប្រាប់​«​កោះសន្តិភាព​»​ដែរ​ ថា ដោយ​មានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ លោក​ក៏​បាន​ឃាត់​ក្រុម​ម៉ូតូ​ដឹកឈើ​ទាំងនោះ​ដើម្បី​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​តទៅ​ទៀត ហើយនឹង​ដោះ​លែង​ម៉ូតូ​ឲ្យ​ត្រឡប់​ទៅ​វិញ តែ​ពួក​គាត់​មិន​ព្រម​ឲ្យ​ធ្វើការ​រឹបអូស​ទេ ថែម​ទាំង​ចាក់​សាំង​ដុត​បំផ្លាញ​វត្ថុ​តាង​ទៀត តែ​វត្ថុ​តាង​ទាំងនោះ​បាន​ត្រឹម​តែ​​ឆេះ​មួយ​ចំហួល​សាំង​ក៏​រលត់​ទៅ​វិញ​ទៅ ទើបត្រូវ​ដឹក​ជញ្ជូន​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​តែ​ម្តង ។

លោក អឿ គឹ​ម​ហេង បន្ត​ថា ក្រោយ​ការ​ដឹក​ជញ្ជូន​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ជំនាញ​ធ្វើការ​វាស់វែង​មាន​ចំនួន​០,៦១៣​ម៉ែត្រគូប ជា​ប្រភេទ​ឈើ​បេង ។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​បើ​ទោះបីជា​ពួក​គេ​មាន​ចេតនា​ដុត​បំផ្លាញ​វត្ថុ​តាង​ក៏​ដោយ ក៏​មន្ត្រី​ជំនាញ​នឹង​ធ្វើ​កំណត់ហេតុ​ទៅ​តាម​នីតិវិធី​ដែរ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម