ក្តៅ​យ៉ាងនេះ សូ​ម្បី​តែ​ដំរី​ ក៏​មិន​អាច​ទ្រាំ​បាន​ដែរ

 
 

ខេត្តសៀមរាប ៖ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ខ្លាំង​ពេក ដំរី​១​ក្បាល​បាន​គាំងបេះដូង​ងាប់​ភ្លាម​ៗ​នៅ​មុខ​ប្រាសាទ​បាក់​ខែង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់​ពី​ដឹក​ភ្ញៀវ​ទេសចរ​រួច ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​មានការ​អាណិតអាសូរ​ជា​ពន់ពេក​ពី​សំណាក់​ម្ចាស់​ដំរី ព្រមទាំង​អ្នក​ភូមិ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​បានឃើញ​ហេតុការណ៍​នេះ​ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន ​«​កោះសន្តិភាព​»​ បាន​ឲ្យ​ដឹង​ថា នៅ​​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២​មេ​សា សត្វ​ដំរី​ដែល​ងាប់​ដោយសារ​ធាតុអាកាស​ក្តៅ​នោះ​ត្រូវ​បាន​កប់​នៅ​ក្រោយ​កសិដ្ឋាន​ប៉ែក​ខាងជើង​ប្រាសាទ​បាក់​ខែង ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ពិធី​កប់​រួច​ម្ចាស់​ដំរី និង​អ្នក​ភូមិ​ក៏​ធ្វើ​ពិធីសូត្រមន្ត​តាម​បែប​សាសនា​ផង​ដែរ ។

លោក ព្រុំ វិច ប្រធាន​មន្ទីរ​បសុព្យាបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា សត្វ​ដំរី​ដែល​ងាប់​នៅ​មុខ​ប្រាសាទ​បាក់​ខែង​ដោយសារ​អាកាសធាតុ​ក្តៅ​គាំងបេះដូង​នោះ​មាន​អាយុ​ជាង​៦០​ឆ្នាំ ៕

រូបភាព៖ ក្តៅ​យ៉ាងនេះ សូ​ម្បី​តែ​ដំរី​ ក៏​មិន​អាច​ទ្រាំ​បាន​ដែរ

រូបភាព៖ ក្តៅ​យ៉ាងនេះ សូ​ម្បី​តែ​ដំរី​ ក៏​មិន​អាច​ទ្រាំ​បាន​ដែរ

រូបភាព៖ ក្តៅ​យ៉ាងនេះ សូ​ម្បី​តែ​ដំរី​ ក៏​មិន​អាច​ទ្រាំ​បាន​ដែរ

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួរបញ្ជាក់ផងដែរថា សត្វដំរី គឺជាប្រភេទសត្វ ដែលស្លូតបូត និងចិត្តល្អ។ ដូចជាកាលពីពេលថ្មីៗ កន្លងទៅនេះ សកម្មភាពដ៏កម្រប្រទះមួយ បានបង្ហាញឲ្យឃើញ ពីសេចក្តី ស្រលាញ់ដ៏គួរ ឲ្យស្ងប់ស្ងែង របស់មេដំរី មួយក្បាល ជំនះគ្រប់ឧបសគ្គ ដោយ ចំណាយពេល រហូតដល់ ១១ម៉ោង ដើម្បីជួយទាញ កូនរបស់ចេញឲ្យ រួចផុតចេញពី ក្នុងអណ្តូងភក់ មួយកន្លែង ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មេដំរីព្រៃ មួយក្បាលនេះ បាន ចំណាយពេលតាំងពី ម៉ោង ៩ ល្ងាច រហូតដល់ ៨ព្រឹក ដើម្បី ជួយកូនរបស់វា ដែល បានធ្លាក់ ចូលក្នុងអណ្តូង តែទោះជា មេដំរី ខំប្រឹង ជួយយ៉ាងណា នៅតែមិនអាច ជួយសង្គ្រោះបាន ដែលហេតុការណ៍នេះ កើតឡើង នៅ ក្នុងស្រុកចាន់ត្រា ក្នុង ប្រទេសឥណ្ឌា។ 

ក្រោយមក បើតាមសំដីលោក Jitendra ដែលជាជាអ្នក ថតវីដេអូឃ្លីប ពីសកម្មភាពនេះ បាន និយាយថា ប្រជាជនដែល បាន ឃើញហេតុការណ៍ ក៏ នាំគ្នា ចូលមក ជួយសង្គ្រោះ កូនដំរី ដោយព្យាយាម បញ្ឆោតឲ្យ មេដំរីចេញពី មាត់ អណ្តូង ហើយ អ្នកស្រុក ក៏បានចូលមកជួួយជីកដី ដើម្បីឲ្យមេដំរីនេះ អាចជួយសង្គ្រោះ កូនដំរីបាន សម្រេច ។

ជាចុងក្រោយ មេដំរី និង កូនដំរី បានជួបជុំគ្នាវាវិញ ហើយ អ្នកស្រុក ក៏អនុញ្ញាតឲ្យ ពួកវាបន្តដំណើរ ចូល ក្នុងព្រៃវិញ ដោយសុខសាន្ត ។

រូបភាព៖ មេដំរី មួយក្បាល ចំណាយពេល ១១ម៉ោង ទាញកូនរបស់វា ចេញពីក្នុងអណ្តូងភក់

រីឯនៅប្រទេសថៃ ឯណោះវិញ ក្រុមអ្នកទេសចរ ផ្អើលនាំគ្នាទៅ ឲ្យសត្វដំរី ឡើងជាន់ ជាការម៉ាស្សា ដើម្បីរំសាយ អារម្មណ៍ នឿយហត់។

ការម៉ាស្សា ដោយការឡើងជាន់ ពីសត្វដំរី ទម្ងន់ជាង ៣តោន មិនមែនជារឿងលេងសើច ដែលមនុស្សគ្រប់គ្នា នឹកឃើញ ចង់សាកល្បង ដើម្បីរំសាយការនឿយហត់នោះទេ ក៏ប៉ុន្តែ មានភ្ញៀវទេសចរ ជាច្រើន បានទៅ ជំរុំព្រៃ ក្នុងប្រទេសថៃ ដើម្បីទទួលយក ការម៉ាស្សា បែបនោះ។

ការម៉ាស្សាដ៏ចំលែកនេះ ត្រូវបានគេបង្កើតឡើង នៅក្នុងខេត្តឈៀងម៉ៃ ដែលទីនោះ មានពូជដំរីអាស៊ី មួយចំនួន ទង្ងន់ចន្លោះពី ២ ទៅ ៥តោន កន្លះ ផ្តល់សេវា ម៉ាស្សា ដល់អ្នកទេសចរ ដោយប្រើ ប្រម៉ោយ និង ជើងរបស់វា។ ទោះជាយ៉ាងណាក៏ដោយ ការម៉ាស្សា ដោយដំរីនេះ មិនអនុញ្ញាតិឲ្យអ្នកដែល មានស្មារតី ខ្លាចញញើត សាកល្បងនោះទេ ព្រោះបើសិនជាពួកគេ កម្រើកចុះឡើង អាចប្រឈមមុខ នឹងការស្លាប់ ដោយសារ ដំរីជាន់។

អ្នកទេសចរ ឈ្មោះ Ian Maclean មកពីកោះហាវ៉ៃ ប្រទេសអាមេរិក ដែលកំពុង ថតភ្ញៀវទេសចរ ស្រីប្រុស ២នាក់ទៀត កំពុងក្រាប ឲ្យដំរីម៉ាស្សា បានប្រាប់ថា៖ “កំឡុងដំណើរទេសចរ ជុំវិញទ្វីបអាស៊ី ខ្ញុំបានឃើញ ការម៉ាស្សាដោយសត្វ ផ្សេងៗ រួមមានទាំង ការម៉ាស្សា ដោយសត្វពស់ថ្លាន់ នៅមីយ៉ាន់ម៉ាផងដែរ”។

“នៅប្រទេសថៃ ម្ចាស់សួនសត្វ មានភាពវៃឆ្លាត ដោយពួកគេ រកនឹកឃើញ ពីវិធីដែលអាចរក ប្រាក់បន្ថែម។ ប៉ុន្តែវាមើលទៅ ហាក់ដូចជាគ្រោះថា្នក់បន្តិច នៅពេលដែល សត្វដំរីឡើង ជាន់លើ ជើង របស់ភ្ញៀវទេសចរ។ អ្នកអាចស្រមៃថា តើមានអ្វី អាចកើតឡើង ហើយអ្នកដែលត្រូវដំរី ជាន់ឈឺខ្លាំងប៉ុណ្ណា!”៕

រូបភាព៖ ក្រុមអ្នកទេសចរ ផ្អើលនាំគ្នាទៅ ឲ្យសត្វដំរី ឡើងជាន់ ជាការម៉ាស្សា ដើម្បីរំសាយ អារម្មណ៍ នឿយហត់

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម