រថយន្ដក្រុងរបស់រដ្ឋគ្រោងពង្រីកសេវាដឹកអ្នកដំណើរទៅគ្រប់បណ្ដាខេត្ត
រាជធានីភ្នំពេញ ៖ បើទោះបីមានការខាតបង់ប្រមាណ១០ម៉ឺនដុល្លារជារៀងរាល់ខែ សម្រាប់ចំណាយទៅលើសេវាខ្សែរថយន្តក្រុងដឹកអ្នកដំណើរសាធារណៈក្តី តែរដ្ឋបាលរាជធានីភ្នំពេញមិនរាថយឡើយ សំខាន់ផលចំណេញបានទៅលើប្រជាពលរដ្ឋ និងជាទិសដៅថ្ងៃអនាគត រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងនៅតែបន្តជំរុញការពង្រីកខ្សែរត់បន្ថែមឲ្យបានច្រើននៅឆ្នាំ២០១៨ និងបន្ថែមឲ្យបានស្ទើរតែពាសពេញរាជធានីភ្នំពេញ នៅឆ្នាំ២០២០ខាងមុខ ហើយគ្រោងនឹងពង្រីកទៅគ្រប់បណ្ដាខេត្ត-ក្រុងទូទាំងប្រទេស ។ នេះបើតាមការអះអាងពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ។
អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ លោក អ៊ាន សុឃីម បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក មានពលរដ្ឋប្រមាណចន្លោះពី៦,៥ពាន់នាក់ទៅ៧ពាន់នាក់ក្នុងមួយថ្ងៃបានជិះរថយន្តនេះ ហើយអ្នកដែលជិះមិនបង់ថ្លៃ មានដូចជា កូនសិស្ស ជនចាស់ជរា និងជនពិការប្រមាណ៤០% ជារៀងរាល់ថ្ងៃ ។ បើគិតពីចំណូល និងការចំណាយវិញ រដ្ឋបាលរាជធានីមានការខាតបង់ជារៀងរាល់ខ ទៅលើប្រាក់ខែបុគ្គលិក ការចំណាយហ្គាស និងការងារជួសជុល ដែលច្រើនជាងចំណូលតែម្តង ហេតុនេះរដ្ឋត្រូវបំពេញបន្ថែម ។
« ទោះបីរដ្ឋមានការខាតបង់ជារៀងរាល់ខែក្តី តែរដ្ឋបាលរាជធានីភ្នំពេញនៅតែខិតខំពង្រីកបន្ថែមខ្សែរត់ឲ្យបានច្រើនទៀត ក្នុងនោះតាមរយៈជំនួយរបស់អង្គការចៃកា ប្រទេសជប៉ុន ដែលគ្រោងផ្តល់ជំនួយឧបត្ថម្ភរថយន្តក្រុងចំនួន១៨០គ្រឿងបន្ថែមទៀត គឺនៅឆ្នាំ២០១៨ គ្រោងផ្តល់ចំនួន៩០គ្រឿង, ឆ្នាំ២០២០ចំនួន៥០គ្រឿង និងសល់៤០គ្រឿងកំពុងពិចារណា»។ នេះបើតាមការអះអាងរបស់អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរូបនេះ ។
លោកបញ្ជាក់ថា មូលហេតុដែលចំនួនអ្នកជិះពុំមានការកើនឡើង ដោយសារមានខ្សែរត់តែ៣ខ្សែ មិនបានទៅដល់គោលដៅដែលពលរដ្ឋចង់បាន ហេតុនេះហើយរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងត្រៀមពង្រីកឲ្យបានច្រើនខ្សែ ឬទូទាំងរាជធានីភ្នំពេញតែម្តង ទើបមានអ្នកជិះច្រើន។ លោកនិយាយថា ៖ « បច្ចុប្បន្ន រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង មានរថយន្តបម្រើសាធារណៈចំនួន៥៧គ្រឿងសម្រាប់ខ្សែរត់ចំនួន៣ ក្នុងនោះរថយន្ត៣៤គ្រឿងបានដំណើរការរាល់ថ្ងៃ និង១៤គ្រឿងទៀតសម្រាប់ត្រៀមបម្រុង » ។
កាលពីពេលកន្លងមក លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅពេលឆាប់ៗខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងពង្រីកសេវាកម្មខ្សែរថយន្តដឹកជញ្ជូនសាធារណៈរបស់ក្រុង ឲ្យទៅដល់គ្រប់បណ្តាខេត្ត-ក្រុងនៅទូទាំងប្រទេស ទោះបីពេលនេះ សេវាខ្សែរថយន្តក្រុងសាធារណៈនៅភ្នំពេញមានការខាតជារៀងរាល់ខែក្តី គឺនៅតែមានជំហរមិនរាថយឡើយ ។ ការពង្រីកសេវាបែបនេះ ដើម្បីយកសេវាពីខេត្តទៅចិញ្ចឹមសេវាដឹកជញ្ជូននៅក្នុងក្រុងផងដែរ ហើយអាជ្ញាធរភ្នំពេញនៅតែអនុគ្រោះមិនតម្រូវឲ្យយកប្រាក់ពីប្រជាពលរដ្ឋចំនួន៤ប្រភេទ គឺសិស្ស ព្រះសង្ឃ ជនចាស់ជរា និងជនពិការ ដដែល ។
សូមបញ្ជាក់ថា ខ្សែរថយន្តក្រុងសម្រាប់ដឹកអ្នកដំណើរសាធារណៈនៅរាជធានីភ្នំពេញ ទាំង៣ខ្សែរួមមាន ៖
១-ខ្សែទី១ ចាប់ផ្តើមពីម៉ោង៥និង៣០នាទី ដល់ម៉ោង៨និង៣០នាទី ដោយចេញដំណើរពីចំណតគីឡូម៉ែត្រលេខ៩ ឫស្សីកែវ តាមផ្លូវជាតិលេខ៥ រង្វង់មូលស្តាតចាស់ មហាវិថីព្រះមុនីវង្ស ស្ពានព្រះមុនីវង្ស ឆ្ពោះទៅផ្លូវជាតិលេខ១ រហូតដល់ចំណតបឹងឈូក រួចត្រឡប់មកវិញ ហើយខ្សែទី១នេះ មានចំណត៦៧កន្លែង ។
២-ខ្សែទី២ ចាប់ផ្តើមពីម៉ោង៥និង៣០នាទី ដល់ម៉ោង៨និង៣០នាទី ដោយចេញដំណើរពីចំណតផ្សាររាត្រី វិថីព្រះស៊ីសុវត្ថិ ស្ពានជ្រោយចង្វា រង្វង់មូលស្តាតចាស់ ផ្លូវលេខ៧០ ផ្លូវលេខ២៧៣ អង់តែនទួលគោក មហាវិថីគីមអ៊ីលស៊ុង មហាវិថីម៉ៅសេទុង ភ្លើងស្តុបបូកគោ មហាវិថីព្រះមុនីវង្ស ឆ្ពោះទៅផ្លូវជាតិលេខ២ រហូតដល់រង្វង់មូលតាខ្មៅ រួចត្រឡប់មកវិញ ខ្សែនេះមានចំណតចំនួន៦៨កន្លែង ។
៣-ខ្សែទី៣ ចាប់ផ្តើមពីម៉ោង៥និង៣០នាទី ដល់ម៉ោង៨និង៣០នាទី ដោយចេញដំណើរ ពីចំណតផ្សាររាត្រី ផ្លូវលេខ១០៦ តិវិថីព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី មហាវិថីកម្ពុជាក្រោម ក្រោមស្ពានអាកាស៧មករា មហាវិថីសហពន្ធ័រុស្ស៊ី ព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់ចោមចៅ រួចត្រឡប់មកវិញ ដែលខ្សែទី៣នេះ មានចំណតចំនួន៤៩កន្លែង ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!