ស្វែងរកថវិកាដើម្បីតម្លើងពាក្យស្លោក តាមសាលារៀន រម្លឹកពីការចងចាំ និងការទប់ស្កាត់ អំពើប្រល័យពូជសាសន៍

 
 

ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា/វិទ្យាស្ថានស្លឹករឹត កំពុងរៃអង្គាសថវិកាចំនួន១ម៉ឺនដុល្លាសហរដ្ឋ អាមេរិកដើម្បីយកមក តម្លើងពាក្យស្លោកចំនួនដប់កន្លែងបន្ថែមទៀតនៅតាមវិទ្យាល័យ ចំនួនដប់ក្នុងខេត្ដ មួយចំនួន នារយៈពេលពីរឆ្នាំខាងមុខនេះ។

ពាក្យស្លោកនីមួយៗមានចំនួនពីរប្រយោគគឺ 
១) និយាយពីការរស់នៅក្នុងសម័យខ្មែរក្រហម គឺនិយាយពីការផ្សះផ្សា អប់រំកូនចៅឱ្យអត់ឱន អធ្យាស្រ័យគ្នា។
២) រៀនប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ គឺរៀនពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍។

មជ្ឈមណ្ឌលឯកសារ កម្ពុជា ធ្វើការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គ្រោងរៀបចំតម្លើងផ្ទាំង ពាក្យស្លោកស្ដីពីការ ប្រឆាំងនឹងអំពើប្រល័យ ពូជសាសន៍នៅគ្រប់វិទ្យាល័យទាំងអស់ទូទាំង ប្រទេសនាពេលអនាគត ក្នុងន័យអប់រំ និងរម្លឹកពីការចងចាំពីរបបខ្មែរក្រហម និងដើម្បីទប់ស្កាត់ អំពើប្រល័យពូជសាសន៍មិនឱ្យកើតឡើងជាថ្មីម្ដង ទៀត។ ជាមួយគ្នានេះដែរ ពាក្យស្លោកនេះមានអត្ថន័យគ្រប់គ្រាន់ក្នុងការជម្រុញនិងលើកទឹកចិត្ដដល់សិស្សា នុសិស្សដែលជាកេ្មងជំនាន់ក្រោយឱ្យនិយាយរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមជាមួយឪពុកម្ដាយ ជីដូនជីតា និងបងប្អូនរបស់ខ្លួនដើម្បីស្វែងយល់បន្ថែមពីរបបនេះ ក្នុងន័យលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំ ទូលាយថែមទៀត។ ម្យ៉ាងវិញទៀត សិស្សានុសិស្សអាចរៀន សូត្រពីការអត់ឱន អធ្យាស្រ័យគ្នា ផ្សះផ្សា គ្នា ដើម្បីបញ្ចប់ការរើងអើង រវាងជនរងគ្រោះនិងអតីតកម្មាភិបាលខ្មែរក្រហម និងដើម្បីទប់ស្កាត់អំពើ ប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល។

ថវិកាដែលបានមកពីការបរិច្ចាគរបស់សប្បុរសជន នឹងយកទៅ ប្រើប្រាស់ដើម្បីឆ្លាក់ពាក្យស្លោក បន្ថែមនៅលើថ្មម៉ាប ឬបន្ទះលោហធាតុ និងតម្លើងនៅតាមវិទ្យាល័យចំនួនដប់ដូចជា វិទ្យាល័យអូរសំព័រ ក្នុងខេត្ដបន្ទាយមានជ័យ វិទ្យាល័យកំរៀង វិទ្យាល័យសំពៅលូន និងវិទ្យាល័យសំឡូតក្នុង ខេត្ដបាត់ដំបង វិទ្យាល័យភ្នំស្រួចក្នុងខេត្ដកំពង់ស្ពឺ វិទ្យាល័យ កោះស្លាក្នុងខេត្ដកំពត វិទ្យាល័យចម្ការដូង ក្នុងខេត្ដកែប វិទ្យាល័យវាលវែងក្នុងខេត្ដពោធិសាត់ វិទ្យាល័យចុងកាល់ និងវិទ្យាល័យត្រពាំងប្រាសាទ ក្នុងខេត្ដឧត្ដរមាន ជ័យ។ ក្រោយពីតម្លើងរួច ពិធីសម្ពោធជាផ្លូវការនិងត្រូវប្រារព្វធ្វើឡើង ដោយមានការចូលរួមពីសំណាក់ មន្ដ្រីជាន់ខ្ពស់របស់ក្រសួង អប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១០មក មជ្ឈមណ្ឌលឯកសារកម្ពុជា/វិទ្យាស្ថានស្លឹករឹត និង ក្រសួងអប់រំ យុវជន និងកីឡា បានតម្លើងពាក្យស្លោកចំនួន១៩ផ្ទាំងរួចហើយនៅវិទ្យាល័យចំនួន១៩ក្នុង ទូទាំងប្រទេស។ ក្នុងពិធីសម្ពោធពាក្យស្លោកនីមួយ សិស្សានុសិស្សបានចូលរួមវេទិកាពិភាក្សា និងសំនួរ-ចម្លើយស្ដីអំពីប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ និងទទួលបានឯកសារមួយចំនួន ដូចជា សៀវភៅ ប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ និងទស្សនាវដ្ដីស្វែងរកការពិត។

សប្បុរសជនអាចបរិច្ចាកថវិកា សម្រាប់គម្រោងតម្លើងពាក្យស្លោក តាមសាលារៀននេះតាម រយៈគេហទំព័រខាងក្រោម។ រាល់សំនួរផេ្សងៗសូមទាក់ទងមជ្ឈមណ្ឌលឯកសារកម្ពុជា/វិទ្យាស្ថានស្លឹករឹត តាមរយៈទូរសព្ទលេខ ០២៣ ២១១ ៨៧៥ និងអាចចូលមកកាន់គេហទំព័រ https://www.generosity.com/memorial-fundraising/genocide-education-memorial-project-cambodia 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម