ពិតជាគួរឲ្យសរសើរ! ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ លោក សេរីមន្ត នាំក្មេងៗដែលជាជនអនាថា និងសុំទាន ទៅញ៉ាំភីហ្សា (មានវីដេអូ)

 
 

ភ្នំពេញ៖ យើងសង្កេតឃើញថា នៅក្នុងថ្ងៃនេះអ្នកដែលមានគូស្នេហ៍ តែងបង្ហាញក្តី ស្រលាញ់ដាក់គ្នាទៅវិញទៅមក ដោយទៅដើរលេង និងទទួលទានអាហារជាមួយគ្នា យ៉ាងរ៉ូមែនទិកជាដើម។ ប៉ុន្តែសម្រាប់លោក ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងលំដាប់ជួរមុខមួយរូប  លោកបានប្រើថ្ងៃដ៏ពិសេសនេះ ចែករំលែកក្តីស្រលាញ់របស់លោក ទៅកាន់ជនអនាថា និងក្មេងៗសុំទាន ជាច្រើននាក់ ដោយជូនពួកគេទៅញ៉ាំភីហ្សាដ៏ឈ្ងុយឆ្ងាញ់វិញ។

តាមរយៈរូបភាពប៉ុន្មានសន្លឹក រួមជាមួយវីដេអូមួយផង ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់លោក ខេមរៈ សិរីមន្ត ផ្តល់ជូនភីហ្សាដល់ជនអនាថានៅម្តុំផ្សារដើមគរ ហើយលោកថែមទាំងបានរួមតុ ជាមួយពួកគេថែមទៀតផង។

គណនីហ្វេសប៊ុកផេកសេរីមន្ត បានសរសេរសារ ភ្ជាប់ជាមួយនឹងរូបភាព រួមទាំងវីដេអូនោះដែរថា "ថ្ងៃបុណ្យនៃក្តីស្រលាញ់ ខ្ញុំបានចែករំលែកក្តីស្រលាញ់ទៅកាន់ពួកគាត់ ដោយជូនពួកគាត់មកញ៉ាំភីហ្សា {ដែលពួកគាត់ជាក្មេងអនាថានឹងសុំទាននៅម្ដុំស្តុបផ្សារដើមគរ} "។

តាមរយៈសកម្មភាពទាំងអស់នេះ យើងអាចមើលឃើញយ៉ាងច្បាស់ថា ពួកគាត់ទាំងអស់គ្នា ពិតជាមានសេចក្តីរំភើប និងរីករាយជាខ្លាំងចំពោះសេចក្តីស្រលាញ់ដែលលោក ខេមរៈ សិរីមន្ត បានចែករំលែកចំពោះពួកគាត់នៅថ្ងៃនេះ។ មិនតែប៉ុណ្ណោះវាក៏បានបង្ហាញឲ្យឃើញថា លោក ខេមរៈ សិរីមន្ត មិនមានការប្រកាន់ពីឋានៈមាន ក្រ ឬពណ៌សម្បុរអ្វីឡើយ ព្រោះជាខ្មែរតែមួយ ហើយគ្មានជាតិសាសន៍ណាស្រលាញ់យើង ជាងជាតិសាសន៍យើងផ្ទាល់នោះទេ៕

វីដេអូខាងក្រោម៖

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ពេជ្រ សោភា សុខចិត្តយកពេលផ្អែមល្ហែម នៅក្នុងទិវានៃសេចក្តីស្រលាញ់ មកចែកជូនជាអំណោយ ដល់កុមារកំព្រា និងចាស់ជរាវិញ!

នៅក្នុងទិវានៃសេចក្តីស្រលាញ់ ឆ្នាំនេះ តារាចម្រៀងស្រី កំពុងតែទទួលបានសន្ទុះ នៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន អ្នកនាង ពេជ្រ សោភា បានរៀបចំកាដូពិសេស ដើម្បីចែកជូនដល់ ចាស់ជរា និងកុមារកំព្រា។

ភាគច្រើន នៅក្នុងថ្ងៃនេះ តាមការពិតទៅ អ្នកដែលមានគូស្នេហ៍ តែងបង្ហាញក្តី ស្រលាញ់ដាក់គ្នាទៅវិញទៅមក ដោយទៅដើរលេង និងទទួលទានអាហារជាមួយគ្នា យ៉ាងរ៉ូមែនទិក។ ប៉ុន្តែសម្រាប់ អ្នកនាង ពេជ្រ សោភាវិញ គឺដឹកដៃ លោក ឆឹម សក្កដា ទៅធ្វើរឿងសប្បុរសធម៌ ដែលរូបនាង នឹងធ្វើការចែកអំណោយ ជូនកុមារកំព្រា និងចាស់ជរា។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានប្រកូសប្រកាស ឲ្យអ្នកគាំទ្ររបស់នាង អាចចូលរួមជាមួយនាងបានផងដែរ ដើម្បីបានបុណ្យទាំងអស់គ្នា នៅក្នុងទិវានៃសេចក្តីស្រលាញ់ ចំថ្ងៃទី១៤ ខែកុម្ភៈ។

យ៉ាងណាមិញ ខណៈពេលនេះ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា មិនទាន់បង្ហើបនោះទេ ថានាងនឹងចែកអំណោយនៅទីណា និងពេលណានោះ ដូច្នេះមានតែតាមដានទាំងអស់គ្នា៕ 


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម