បុរសម្នាក់ ប្រើ​ល្បិច​ទិញ​ទុរេន ​មិន​ចង់​ឲ្យ​ប្រាក់

 
 

រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ប្រើល្បិចទិញទុរេនចំនួន២១គីឡូក្រាមយកទៅចូលរួមកម្មវិធីបុណ្យបងប្អូនពេលបកទុរេនដាក់ក្នុងប្រអប់រួចរាល់ហើយឲ្យជិះម៉ូតូទៅតាមយកប្រាក់នៅផ្ទះបុណ្យពេលជិះម៉ូតូដល់ពាក់កណ្តាលផ្លូវថា អស់សាំងម៉ូតូត្រូវបានស្ត្រីជាអ្នកលក់ទុរេនចាប់ប្រគល់ឲ្យសមត្ថកិច្ចទើបឲ្យប្រាក់ថ្លៃទុរេន ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី០៥ សីហា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

បុរសទិញទុរេនមិនចង់ឲ្យប្រាក់មានឈ្មោះ ហែម ផល្លី អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BH-៤០៨៩ ។ ចំណែកឯស្ត្រីជាម្ចាស់ទុរេនមានឈ្មោះ ប៉ាន់ សុផល អាយុ៥៤ឆ្នាំ មុខរបរលក់ទុរេន មានទីលំនៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រីឯទុរេនដែលកម្មង់ទិញនោះមានចំនួន២១គីឡូក្នុងមួយគីឡូ១៨.៥០០រៀលសរុបទឹកប្រាក់៣៨៨.៥០០រៀល ។

តាមសម្តីស្ត្រីជាម្ចាស់ទុរេនបានឱ្យដឹងថា នៅមុនកើតហេតុបុរសម្នាក់បានជិះម៉តូម៉ាកសង់កូរ៉េមួយគ្រឿងទៅនៅឈប់នៅមុខរទេះគាត់លក់ទុរេន ហើយបានកម្មង់ទុរេនរបស់គាត់ចំនួន២១គីឡូក្រាមយកទៅធ្វើបុណ្យបងប្អូននៅល្ងាចនេះដោយឱ្យរូបគាត់បកដាក់ក្នុងប្រអប់ស្មោចំនួន៤ប្រអប់ ។ បន្ទាប់ពីរូបគាត់ថ្លឹងគ្រប់គីឡូរួចហើយគាត់បានបកសំបកចេញយកសាច់ដាក់ក្នុងប្រអប់ស្មោពណ៌សចំនួន៤ប្រអប់ធំៗ ហើយបុរសនោះបានយកប្រអប់ទុរេនលើកដាក់លើម៉ូតូរួចបានប្រាប់ថា ឱ្យកូនមីងជិះម៉តូតាមក្រោយទៅយកលុយនៅផ្ទះបងប្អូនដែលកំពុងធ្វើបុណ្យនៅសង្កាត់ច្រាំចំរេះទី១ ខណ្ឌឬស្សីកែវ ។

បន្ទាប់ពីបកទុរេនរួចអស់ហើយអ្នកលក់ទុរេនមិនទុកចិត្តរូបគាត់បានទៅជាមួយកូនដែរ ដោយរូបគាត់ជិះម៉ូតូជាមួយអ្នកទិញទុរេន ខណៈជិះម៉ូតូដល់ចំណុចចំណតរថយន្តគីឡូម៉ែត្រលេខ៩ ស្រាប់តែអ្នកទិញទុរេនឈប់ម៉ូតូហើយប្រើល្បិចថា ម៉ូតូអស់សាំងហើយឲ្យពួកគាត់ទៅរកកន្លែងលក់សាំងឈប់ចាំគាត់ទាំងពីរនាក់ តែរូបគាត់មើលទៅមិនស្រួលបានចាប់កាងម៉ូតូជាប់ ស្រាប់តែបុរសជាអ្នកទិញទុរេនបានឡើងជិះម៉ូតូបម្រុងជិះគេចខ្លួនត្រូវគាត់ទាញម៉ូតូផ្តួលស្រែកឆោឡោបង្កឱ្យមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះជួលចាប់ក្របួចជាប់ប្រគល់ឱ្យនគរបាលទួលសង្កែដើម្បីសាកសួរបន្ត ។ ក្រោយពីសមត្ថកិច្ចធ្វើការសាកសួររួចហើយបុរសដែលប៉ុនប៉ងឆបោកទិញទុរេនអត់ឲ្យលុយ នោះបានទូរស័ព្ទទៅសាច់ញាតិយកប្រាក់មកសងថ្លៃទុរេនចំនួន៣៨៨.៥០០រៀលដើម្បីបញ្ចប់រឿង ៕

បុរសម្នាក់ប្រើ​ ល្បិច​ទិញ​ទុរេន​មិន​ចង់​ឲ្យ​ប្រាក់

ប្រភព : កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម