កាដូចូល​ឆ្នាំ​ពី​សម្តេច​តេ​ជោ​…១២០​គ្រឿង​សម្រាប់​៧​ថ្ងៃ​ត្រៀម​ឱ្យ​ជិះ​គ្មាន​អស់​មួយ​រៀល !

 
 

រាជធានី​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ប្រជាពលរដ្ឋ​ដែល​ជិះ​រថយន្តក្រុង​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ នឹង​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​នោះ​ឡើយ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​ប្រសាសន៍​ថា រថយន្តក្រុង​សាធារណៈ​របស់​សាលា​រាជធានី​ភ្នំពេញ​ចំនួន​១២០​គ្រឿង នឹង​ត្រូវ​បញ្ចេញ​សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត​នានា ដោយ​ឥត​គិតថ្លៃ រយៈពេល​៧​ថ្ងៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ឈាន​ចូល​មក​ដល់​ខាង​មុខ​នេះ ដើម្បី​បញ្ចប់​ការ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​របស់​ក្រុមហ៊ុន​ឯកជន ។

ថ្លែង​ក្នុង​ពិធី​ជួបជុំ​ពិសារ​ភោជនាហារ​ជាមួយ​គ្រួសារ​កីឡា​ជាតិ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែមេសា សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​ចេញដំណើរ​ទៅ​តាម​បណ្តា​នានា អាច​ធ្វើ​ដំណើរ​ជាមួយ​រថយន្តក្រុង​សាធារណៈ ដោយ​មិន​គិតថ្លៃ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់ ១៨ ខែមេសា ។

សម្តេច​បញ្ជាក់​ថា «​ឱកាស​នេះ​ជូន​ព័ត៌មាន​ចំពោះ​កីឡាករ កីឡាការិនី ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​បាន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១២ ខែមេសា ដល់​ថ្ងៃ​ទី​១៨ ខែមេសា នេះ រយៈពេល​៧​ថ្ងៃ​សាលាក្រុង​ភ្នំពេញ​នឹង​ដាក់​រថយន្តក្រុង​ចំនួន​១២០​គ្រឿង ដើម្បី​ដឹក​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​ខេត្ត និង​ពី​ខេត្ត​យើង​មក​ភ្នំពេញ​វិញ ដោយ​មិន​គិត​ប្រាស់​សម្រាប់​បងប្អូន ។

ព្រោះ​ខ្ញុំ​មិន​ចង់​និយាយ​ពី​បញ្ហា​ច្រំ​ដែល​ៗ ជាមួយនឹង​ម្ចាស់​រថយន្ត​ទៀត​ទេ កាល​មុន​នេះ​ប៉ុន្មាន​ឆ្នាំ​ហើយ ដែល​ខ្ញុំ​បាន​អំពាវនាវ ឱ្យ​ពួក​គេ គឺ​កុំ​ដំឡើង​ប្រាស់​នៅ​ក្នុង​ពេល​ចូល​ឆ្នាំ និង​ពេល​ភ្ជុំ ក៏​ប៉ុន្តែ​មួយ​ចំនួន​ក៏​បាន​ស្តាប់ មួយ​ចំនួន​មិន​បាន​ស្តាប់​ទេ ដូច្នេះ​ហើយ បានជា​យើង​ដាក់​រថយន្ត របស់​យើង​តែ​ម្តង ។ ទៅ​តាម​ផ្លូវ ដែល​រួម​មាន​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤​ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨​ដែរ នឹង​ចាប់ផ្តើម​ចេញដំណើរ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១២​ខែមេសា​តែ​ម្តង​។

ហើយ​ក្នុង​នោះ​ផ្លូវជាតិ​លេខ ១​ភ្នំពេញ កណ្តាល ស្វាយ​រៀង​ចំនួន ៥​គ្រឿង ភ្នំពេញ កណ្ដាល ព្រៃវែង​ចំនួន​៥​គឿ​ង​សរុប​ចំនួន​១០​គឿ​ង​។ ផ្លូវជាតិ​លេខ​២ ភ្នំពេញ​ទៅ​តាកែវ ចំនួន​៥​គ្រឿង​។ ផ្លូវជាតិ​លេខ ៣ ភ្នំពេញ​ទៅ​កែប​ចំនួន ៥​គ្រឿង ភ្នំពេញ​ទៅ​កំពត​ចំនួន​៥ គ្រឿង​សរុប​ចំនួន​១០​គ្រឿង​។ ផ្លូវជាតិ​លេខ​៤ ភ្នំពេញ​ទៅ​កំពង់ស្ពឺ ចំនួន​៣​គ្រឿង ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​ចំនួន​៧ គ្រឿង​សរុប​ចំនួន ១០​គ្រឿង​។

ផ្លូវជាតិ​លេខ ៥ ភ្នំពេញ​ទៅ​កំពង់ឆ្នាំង ចំនួន ៥​គឿ​ង ភ្នំពេញ​ទៅ​ពោធិ៍សាត់ ចំនួន​១០ គ្រឿង ភ្នំពេញ​ទៅ​បាត់ដំបង​ចំនួន ១៥​គ្រឿង ភ្នំពេញ​ទៅ​បន្ទាយ​មាន​ជ័យ ១៥​គឿ​ង សរុប​ចំនួន​៤៥​គ្រឿង​។ ផ្លូវជាតិ​លេខ ៦ ភ្នំពេញ​ទៅ​កំពង់ធំ ចំនួន​៥ គ្រឿង ភ្នំពេញ​ទៅ​សៀមរាប​ចំនួន ១៥​គ្រឿង សរុប ចំនួន​២០ គ្រឿង​សម្រាប់​ផ្លូវជាតិ​លេខ​៦​។ ផ្លូវជាតិ​លេខ ៦ និង​ផ្លូវជាតិ លេខ​៧ ពី​ភ្នំពេញ​ទៅ​កំពង់ចាម ចំនួន​៥​គ្រឿង ភ្នំពេញ​ទៅ​ត្បូងឃ្មុំ ចំនួន​៥ គ្រឿង​សរុប ចំនួន​១០ គ្រឿង​។ ផ្លូវជាតិ​លេខ ៧ និង​ផ្លូវជាតិ​លេខ ៨ ភ្នំពេញ​ទៅ​ក្រចេះ ចំនួន​៥​គ្រឿង ភ្នំពេញ​ទៅ​ស្ទឹង​ត្រែង​ចំនួន ៥ គ្រឿង​សរុប ចំនួន​១០ គ្រឿង​។

ដូច្នេះ​យើង​មាន​ទាំងអស់ ចំនួន​១២០ គ្រឿង​សម្រាប់​ការ​ជូន​ដំណើរ​របស់​ប្រជាពលរដ្ឋ​របស់​យើង ចេញ​ទៅ​ចូល​ឆ្នាំ​ហើយនឹង​ត្រឡប់​ចូល​ក្រុងភ្នំពេញ​វិញ​។ ពួក​គាត់​អាច​ធ្វើ​ដំណើរ ជ្រើសរើស​តាម​ផ្លូវ​នេះ​។ ដូច្នេះ​ខ្ញុំ​គិត​ថា​ចូល​ឆ្នាំ​ឆ្នាំ​នេះ​មាន​ភាព​សប្បាយ​រីករាយ​របស់​ប្រជាជន​របស់​យើង​ក្នុង​ការ​ធ្វើ​ដំណើរ​» ៕

ប្រភព : កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម