កម្មករ​រោងចក្រ ស្យុង យិន នាំ​គ្នា​ដេក​យាម​មុខ​រោងចក្រ ក្រោយ​ពេល​ថៅកែ​បរាជ័យ​ដឹក​សម្ភារៈ និង​ម៉ាស៊ីន​ភ្លើង​ចេញ

 
 

កម្មករ​រោងចក្រ​ ស្យុងយិន (Zhong Yin Cambodia B Textile Co. LTD) នៅ​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នាំ​គ្នា​បន្ថែម​កម្លាំង ដេក​យាម​ខាង​ក្រៅ​របង​រោងចក្រ ទាំង​ថ្ងៃ និង​យប់ ក្រោយ​ពេល​ថៅកែ​រោងចក្រ​នេះ ព្យាយាម​ដឹក​សម្ភារៈ និង​ម៉ាស៊ីន​ភ្លើង​ចេញ ហើយ​កម្មករ​ទប់ស្កាត់​ទាន់។

ប្រធាន​សហជីព​ស្មារតី​កម្មករ​ខ្មែរ ប្រចាំ​រោងចក្រ ស្យុង យិន លោក អ៊ឹម រ៉ា ប្រាប់​ថា ឥឡូវ​នេះ កម្មករ​បាន​បណ្ដាក់​វេន​គ្នា​យាម​ទាំង​ថ្ងៃ ទាំង​យប់ ច្រើន​ជាង​មុន ដោយ​សារ​តែ​ខ្លាច​ថៅកែ​លួច​ដឹក​សម្ភារៈ​ចេញ​ក្រៅ​រោងចក្រ​ទៀត។ លោក​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី១២ កុម្ភៈ ថៅកែ​បាន​បញ្ជា​ឲ្យ​ដឹក​សម្ភារៈ​ដេរ និង​ឥវ៉ាន់ ចេញ​ពី​រោងចក្រ​ តែ​ក្រុម​កម្មករ​ហាម​ឃាត់ មិន​ឲ្យ​ដឹក​សម្ភារៈ​ចេញ​ក្រៅ​រោងចក្រ​ឡើយ ដរាប​ណា ថៅកែ​មិន​ទាន់​ដោះស្រាយ​វិវាទ​ចប់​សព្វ​គ្រប់៖ «សុំ​ឲ្យ​ខាង​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់ សុំ​ឲ្យ​គាត់​ជួយ​មើល​អា​បញ្ហា​ហ្នឹង​ណា​បង។ សុំ​ឲ្យ​ជួយ​ជំរុញ​រោងចក្រ​ឲ្យ​គាត់ បើ​សិន​ជា​បិទ​ទូទាត់​ឲ្យ​កម្មករ​តាម​ច្បាប់​មក។ បើ​សិន​ជា​បើក​ ទទួល​យក​កម្មករ​ចូល​ធ្វើការ​វិញ។ ខ្ញុំ​មាន​សំណូម​ពរ​តែ​ប៉ិន​ហ្នឹង​ទេ​បង»

រោងចក្រ ស្យុង យិន នេះ ជា​ក្រុមហ៊ុន​របស់​ថៅកែ​ជនជាតិ​​ចិន និង​មាន​កម្មករ​ សរុប​ជិត ៦រយ (៥៩២) នាក់ ដែល​ដេរ​សំលៀក​បំពាក់​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន H&M និង​ម៉ាក​យីហោ​ល្បីៗ ផ្សេង​ទៀត។ កម្មករ​នៅ​រោងចក្រ​នេះ​ជា​ច្រើន​រយ​នាក់ តវ៉ា​បណ្ដាក់​គ្នា តាំង​ពី​ចុង​ខែ​កញ្ញា ឆ្នាំ២០១៩ មក ព្រោះ​ថៅកែ បាន​បញ្ចប់​កិច្ច​សន្យា​ការងារ​របស់​ពួកគេ ដោយហេតុ​ថា រោងចក្រ​គ្មាន​ឥវ៉ាន់​ដេរ។

លោក អ៊ឹម រ៉ា អះអាង​ថា មក​ដល់​ពាក់​កណ្ដាល​ខែ២ នេះ រោងចក្រ ស្យុង យិន អត់​មាន​ឥវ៉ាន់​ឲ្យ​កម្មករ​ធ្វើ​ការ​ទេ ប៉ុន្តែ​ប្រកាស​រើស​កម្មករ​ថ្មី​រាល់​ថ្ងៃ ដើម្បី​មក​ជំនួស​កម្មករ ដែល​កំពុង​តវ៉ា។ រោងចក្រ​នេះ បាន​សម្រុក​បញ្ឈប់​កម្មករ​ខ្លាំង នៅ​ចុង​ឆ្នាំ២០១៩ ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ ដែល​រង​ការ​បញ្ចប់​កិច្ច​សន្យា​កាន់​តែ​ច្រើន​ឡើង ប្រមូល​​​​​ផ្ដុំ​គ្នា​តវ៉ា​មុខ​រោងចក្រ​រាល់​ថ្ងៃ។

ដោយសារ​វិវាទ​ចេះ​តែ​អូស​បន្លាយ កាល​ពី​ពាក់​កណ្ដាល​ខែ​មករា ក្រុម​កម្មករ​បាន​នាំ​គ្នា​យក​ញត្តិ ទៅ​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្រសួង​ការងារ និង​សាលា​​ខេត្ត​កណ្ដាល ប៉ុន្តែ​ក្នុង​រយៈ​ពេល​រំលង​មួយ​ខែ​មក​ហើយ ក៏​នៅ​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​ឆ្លើយ​​តប​អ្វី​ពី​ស្ថាប័ន​ទាំង​នេះ​ឡើយ។

ជុំវិញ​ការ​ចោទ​ថា ភាគី​ថៅកែ​​រោងចក្រ​មាន​គម្រោង ចង់​លួច​ដឹក​សម្ភារៈ និង​ឥវ៉ាន់​ចេញ​ក្រៅ​រោង​ចក្រ និង​ការ​ដេក​យាម​នៅ​មុខ​ទ្វារ​រោងចក្រ​នេះ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​រដ្ឋបាល​រោងចក្រ ស្យុង យិន លោក តុំ គឹមសឿន និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​វិវាទ បាតុកម្ម កូដកម្ម​គ្រប់​មុខ​សញ្ញា គឺ​លោក ទេស រុក្ខា​ផល បាន​ទេ នៅ​ថ្ងៃ​ទី១៥ កុម្ភៈ។

កម្មករ​ម្នាក់​ទៀត គឺ​ជា​ប្រធាន​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ​ស្យុងយិន លោក សំរ៉ុង បូរី និយាយ​ថា ពួក​គាត់ ប្ដូរ​វេន​គ្នា​ដេក​យាម​ពេល​យប់ នៅ​មុខ​រោងចក្រ​ជិត​មួយ​សប្ដាហ៍​ហើយ ដើម្បី​ការពារ​ក្រែង​​ថៅកែ​លួច​ដឹក​ឥវ៉ាន់​ចេញ​ម្ដង​ទៀត។ មន្ត្រី​សហជីព​រូប​នេះ អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​ពន្លឿន​ដំណោះ​ស្រាយ​ដល់​កម្មករ ព្រោះ​ការ​តវ៉ា​នៅ​រោងចក្រ ស្យុង យិន នេះ ក្លាយ​ជា​បញ្ហា​រ៉ាំរ៉ៃ និង​អូស​បន្លាយ​ជិត​កន្លះ​ឆ្នាំ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម