អាជ្ញាធរ​ម៉ាឡេស៊ី​បញ្ជាក់​ថា អ្នក​ដំណើរ​អាមេរិក​ម្នាក់ ដែល​ទៅ​ពី​កម្ពុជា ពិត​ជា​មាន​មាន​វីរុស​កូរ៉ូណា ក្រោយ​ធ្វើ​តេស្ត​ពីរ​ដង

 
 

អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​ប្រកាស​បញ្ជាក់​ថា លទ្ធផលធ្វើតេស្តពីរដងលើអ្នក​ដំណើរ​ជនជាតិ​អាមេរិក​ម្នាក់ ដែល​ចុះ​ពី​កប៉ាល់ Westerdam ដែលចូលចតនៅក្រុងព្រះសីហនុនោះ នៅតែរកឃើញ​ថា មានមេរោគកូរ៉ូណាថ្មី ឬបង្ក​ជំងឺ ​កូវីត-១៩ ពេល​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី។ ការធ្វើតេស្តពីរ​ដង​នេះ គឺ​បន្ទាប់ពី​ក្រសួង​សុខាភិបាល​កម្ពុជា​មិន​អស់ចិត្ត និង​ទាមទារ​ឲ្យ​​អាជ្ញាធរ​ម៉ាឡេស៊ី​​ពិនិត្យ​​សា​ឡើង​​វិញ។

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ្នកស្រី វ៉ាន់ អាហ្សីហ្សា វ៉ាន់ អ៊ីស្មែល (Dr. Wan Azizah Wan Ismail) ថ្លែង​ការពារ​លទ្ធផល​រក​ឃើញ​វីរុស​កូរ៉ូណា​លើ​ស្ត្រី​អាមេរិក​វ័យ ៨៣ឆ្នាំ​​នោះ​ថា ការធ្វើតេស្ត គឺ​ធ្វើ​ឡើង​តាម​ស្តង់ដារ​ពិភពលោក (World Class)។ អ្នកស្រី​បន្ត​ថា ស្រ្តីចំណាស់ម្នាក់នោះ ត្រូវបានធ្វើតេស្តពីរ​លើក ហើយលទ្ធផល គឺវិជ្ជមានទាំងពីរលើក។ មន្ត្រី​ជាន់​ខ្ពស់​ប្រទេស​ម៉ាឡេស៊ី​រូប​នេះ ក៏​ប្រកាស​​ហាម​​មិន​​ឲ្យ​​អ្នក​ដំណើរ​លើ​នាវា វ៉េស្ទើដាម (Westerdam) ដែល​​កំពុង​​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​នៅ​​ឡើយ​​នោះ ធ្វើដំណើរចូល​ប្រទេសម៉ាឡេស៊ីទៀត ដោយសារ​​តែ​​ទាក់ទង​​នឹង​អ្នក​មាន​​វីរុស​​ឆ្លង​​ដ៏​​កាច​សាហាវ​​មួយ​​នេះ។

ការអះអាងរបស់មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ីនេះ គឺ​បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បង្ហាញការ​មិន​អស់​ចិត្ត និង​ថែម​ទាំង​បាន​ដាក់​លិខិត​ស្នើសុំ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី ពិនិត្យ​ឡើង​វិញ​អំពី​លទ្ធផល​នៃ​ការ​​​ធ្វើ​​តេស្ត​​​លើ​​ស្ត្រី​​ជន​​ជាតិ​​អាមេរិក​​រូប​​នោះ ដើម្បី​ឲ្យ​មាន​​ភាព​​សុក្រឹត។ ការមិនអស់ចិត្តនេះ ដោយ​ក្រសួង​សុខាភិបាលកម្ពុជា អះអាងថា មុន​នឹង​ចាក​ចេញ​ពី​កម្ពុជា ស្ត្រី​ជន​ជាតិ​អាមេរិក​រូប​នោះ រួម​ទាំង​អ្នក​ដំណើរ​ផ្សេងទៀត ត្រូវបានក្រសួងពិនិត្យយ៉ាងល្អិតល្អន់ និង​បាន​ធ្វើ​ការ​ជាមួយ​​អង្គការ​​សុខភាព​​ពិភពលោក ប៉ុន្តែ​រក​មិន​ឃើញ​មាន​​រោគ​សញ្ញា​​ជំងឺ​​រលាក​ផ្លូវ​ដង្ហើម កូវិត១៩ នេះ​ទេ។

អាស៊ីសេរី​បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោក លី សូវ៉ាន់ ជាច្រើន លើក​តែ​​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

រីឯស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រកាសថា ខ្លួនបានដឹងអំពីសេចក្ដីរាយការណ៍នានា ដែលថា អ្នក ដំណើរ​ជន​ជាតិ​អាមេរិក​ម្នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​នៅ​ប្រទេស​ម៉ាឡេស៊ី រក​ឃើញ​មាន​ជំងឺ​ កូវិដ១៩ បន្ទាប់​​ពី​ចាក​ចេញ​ពី​កប៉ាល់ វេស្ទ័រដាម (Westerdam) ដែល​ចូល​ចត​នៅ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​​ទី១៤ កុម្ភៈ។ ស្ថានទូត​អាមេរិក កំពុងសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា និង​ស្ថានទូត​សហរដ្ឋ​​អាមេរិក​​ប្រចាំ​​តំបន់ និង​ក្រុមហ៊ុន​កប៉ាល់​នោះ ដើម្បី​ធានា​ថា ពលរដ្ឋ​អាមេរិក​ទាំង​នោះ​ទទួល​បាន​ជំនួយ​​ជ្រោមជ្រែង​​នានា។

ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានរកឃើញរោគសញ្ញា​ជំងឺ​រលាក ផ្លូវ​ដង្ហើម កូវិត១៩ (Covid-19) នេះ នៅលើស្រ្តីជនជាតិអាមេរិក វ័យ ៨៣ឆ្នាំ ដែល​ធ្វើ​ដំណើរ​រួម​គ្នា​​ជា​​មួយ​​អ្នក​ដំណើរ ១៤៤នាក់ផ្សេងទៀត តាមជើងយន្តហោះពីភ្នំពេញទៅប្រទេសម៉ាឡេស៊ី កាល​ពីថ្ងៃទី១៤ កុម្ភៈ។ មនុស្សទាំង ១៤៥នាក់នេះ ស្ថិត​ក្នុង​ចំណោម​អ្នក​ដំណើរ ១.៤៥៥​នាក់ និង​បុគ្គលិក ៨០២នាក់នៅលើកប៉ាល់ វ៉េស្ទើរដាម (Westerdam) ដែលរបបក្រុងភ្នំពេញអនុញ្ញាត​ឲ្យចូល​ចតនៅ​កំពង់ផែ​ក្រុងព្រះសីហនុ និងបន្តដំណើរតាមជើងយន្តហោះ ទៅ​កាន់​ប្រទេស​រៀងៗ ខ្លួន។

កប៉ាល់ទេសចរណ៍មួយនេះ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែ​មានប្រទេសចំនួន៥ បដិសេធមិនឱ្យចូលចតឡើយ ព្រោះខ្លាចក្នុងចំណោម​មនុស្សរាប់ពាន់​នាក់​នៅ​លើ​កប៉ាល់​នោះ មានផ្ទុកមេរោគវីរុស​បង្ក​រលាកផ្លូវដង្ហើម កូវីត១៩ (Covid-19)។ លោក ហ៊ុន សែន មិន ត្រឹមតែនាវានេះចូលចតនៅកម្ពុជានោះទេ លោក​​ថែម​ទាំង​ទទួល​ដោយ​ផ្ទាល់ និង​ប្រកាស​​ឲ្យ​​អ្នក​​ទេសចរ​ទាំង​នោះ អាចស្នាក់នៅកម្ពុជា និងដើរកម្សាន្តគ្រប់ទីកន្លែង។ លោក ហ៊ុន សែន ទាំងអំពាវ នាវ​កុំឲ្យប្រជាពលរដ្ឋកម្ពុជា ជាពិសេស តាមសណ្ឋាគារ និងភោជនីយដ្ឋាន មិន​ត្រូវ​​រើសអើង និង​​ភ័យ​​ខ្លាច​នោះ​ទេ។

នាយកប្រតបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា នៅ​​ពេល​​ដែល​​អ្នក​​ដំណើរ​​ត្រូវ​​បាន​​រក​​ឃើញ​​ថា មាន​​វីរុស​​​បង្ក​​​ជំងឺ កូវីត១៩ ក្រោយ​​ការ​​ចាក​​ចេញ​​ពី​កម្ពុជា​​​នេះ ធ្វើ​ឲ្យ​​មាន​ការ​ចោទ​សួរ​យ៉ាង​ខ្លាំង​ទៅ​លើ​សមត្ថភាព​របស់​ក្រសួង​សុខាភិបាល​កម្ពុជា។ ទន្ទឹម​​គ្នា​​នេះ លោក​​យល់​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​​តែ​​ផ្សព្វផ្សាយ​​ឲ្យ​​ប្រជា​ពលរដ្ឋ​​មាន​​​ការ​​​ប្រុង​ប្រយ័ត្ន​​ខ្ពស់ ដូច​ជា ការពាក់ម៉ាស់ការពារជាដើម ពោលគឺ​មិនត្រូវលើកទឹកចិត្តកុំឲ្យពលរដ្ឋពាក់ម៉ាស់​ការពារ​នោះ​ទេ ព្រោះ​វីរុស​ប្រភេទថ្មីនេះ មាន​ការ​ឆ្លង​ឆាប់​រហ័ស សូម្បី​តែ​គ្រួពេទ្យ​នៅ​ប្រទេស​ចិន​​ជាង ១ពាន់ ៧រយ​​នាក់ ក៏​បាន​ឆ្លង និង​​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ដែរ៖ «»

នេះមិនមែនជាករណីទីមួយទេ ដែលអ្នកធ្វើដំណើរមានផ្ទុកជំងឺរលាកផ្លូវដង្ហើម កូវិត-១៩ នេះ ត្រូវ​បាន​រក​ឃើញ ក្រោយ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ កាលពីចុងខែ​មករា មានជនជាតិ​ចិន ៣នាក់ ត្រូវ​បានរក​ឃើញថា មានជំងឺនេះ ក្រោយ​ចាក​ចេញ​​​ពី​ប្រទេស​កម្ពុជា​ដែរ។

អង្គការសុខភាពពិភពលោក ធ្លាប់​ប្រកាស​ពី​ការ​ព្រួយបារម្ភថា ប្រទេសដែលមាន​ប្រព័ន្ធ​សុខាភិបាល ទន់​ខ្សោយ អាច​មិន​មាន​សមត្ថភាព​រក​ឃើញ​វីរុស​ប្រភេទ​ថ្មី​នេះ​ទេ។

ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវិត១៩ នេះ ស្ថានទូត​ប្រទេស​ជប៉ុន ក៏​​បាន​​ប្រកាស​​ផ្តល់​សម្ភារៈ ៤ប្រភេទ​ដល់​កម្ពុជា ក្នុង​​មាន​​ដូច​ជា​​អាវ​​បំពង់​​ជាង ៩ពាន់ (៩.៣៦០) ឈុត អាកុល​សម្អាត​​​ដៃ វ៉ែនតា​​ការពារ​​សុវត្ថិភាព​​ចំនួន ៥៤០ និង​​ស្រោម​​ដៃ​​ជាង ២ម៉ឺន ៤ពាន់ (២៤.៤០០) គូ។

គិតត្រឹមថ្ងៃ១៦ ខែកុម្ភៈជំងឺរលាកផ្លូវដង្ហើម កូវិត១៩ ដែលបង្កឡើងដោយ​មេរោគ​វីរុស សារស៊ីអូវី២ (SARS-Cov-2) ដែល​មាន​ប្រភព​រីក​រាល​ដាល​ពី​ក្រុងវូហាន ប្រទេស​ចិន បាន​​សម្លាប់​​មនុស្ស​កើន​​​ដល់​ជាង ១ពាន់ ៦រយ (១.៦៦៩) នាក់​​​ហើយ ខណៈអ្នកឆ្លងកើនដល់ជិត ៧ម៉ឺន (៦៩.២៦៤) នាក់។ អ្នក​ឆ្លង និង​ស្លាប់​ភាគ​ច្រើន គឺ​នៅប្រទេសចិន។ វីរុសនេះ បាន​​ឆ្លង​​រីក​​រាល​ដាល​​ដល់​ប្រទេស​​ជិត ៣០ទៀត នៅ​​​លើ​​​ពិភព​​លោក។ ប្រទេស​មួយ​ចំនួន រឹត​បន្តឹង​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន ដើម្បី​ទប់​ស្កាត់​​វីរុស​ដ៏​កាច​​សាហាវ​នេះ ហើយ​មាន​តែ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ដែល​បង្ហាញ​ជំហរ​​មិន​​ព្រួយ​​បារម្ភ និង​​ស្វាគមន៍​​អ្នក​​ដំណើរ​​​ទាំង​អស់​ដូច​​ធម្មតា ទោះ​បី​ជា​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា រង​ការ​រិះគន់​ថា នៅ​​ទន់​​ខ្សោយ​​ក្តី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម