តារា​ថៃ​ល្បីៗ​ ស្កាត់​មក​ជួប​អ្នក​គាំទ្រ​នៅ​ស្រុក​ខ្មែរ​ ម្សិលមិញ

 
 

តារា​សម្ដែង​ល្បី​របស់​ថៃ​ចំនួន ​៧​ នាក់ បាន​ស្កាត់​មក​ជួប​អ្នក​គាំទ្រ​របស់​ពូក​គេ ក្នុង​ប្រទេស​កម្ពុជា កាល​ពី​រសៀល​ម្សិលមិញ​នេះ នៅ​ក្នុង​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា “ជំនួប​តារា” ដែល​រៀប​ចំ​ដោយ​រោង​ភាពយន្ត Platinum Cineplex ផ្សារ​ទំនើប​សុរិយា។

តារា​ថៃ​ទាំង​នោះ សុទ្ធសឹងតែ​ជា​តួអង្គ​សំខាន់​នៅ​ក្នុង​ភាពយន្ត​ល្បី​រឿង “ខ្ញុំ​ខ្លាច​ហើយ​ម៉ែ​ណាត” កំពុង​ទទួល​បាន​ការ​គាំទ្រ នា​ពេល​បច្ចុប្បន្ន និង ​ត្រៀម​យក​មក​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ខាង​លើ​នៅ​ថ្ងៃ​ទី​ ១៥ ខែ​ឧសភា​ ខាង​មុខ​នេះ។

អ្នក​គាំទ្រ​ណែនណាន់ ប្រដាប់​ដោយ​ទូរសព្ទ​ទំនើប ដើម្បី​ផ្ដិត​យក​រូបភាព​ Supper Star របស់​គេ​រៀង​ខ្លួន​ ​ដោយ​មាន​ទាំង​សំឡេង​ហ៊ោកញ្ជ្រៀវ ធ្វើ​ឲ្យ​អាជីវករ​លក់ដូរ​ក្បែរ​នោះ​ចម្លែក​ចិត្ត ព្រោះ​មិន​ដែល​មាន​យុវវ័យ​ចូលរួម​ច្រើន​ដូច្នេះ​ទេ។ ទឹក​ចិត្ត​កើត​ចេញ​ពី​ការ​គាំទ្រ​របស់ Fans ធ្វើ​ឲ្យ​តារា​ថៃ​ទាំង​ ៧​ ដួង​ នោះ ហាក់​ញញឹម​បិទ​មាត់​មិន​ជិត។

លោក ឈុំ ប៊ុនលី បុគ្គលិក​​​រោងភាពយន្ត​ Platinum Cineplex ​បាន​និយាយ​ថា អ្នក​គាំទ្រ​ច្រើន​ដូច្នេះ មិន​មែន​មាន​តែ​នៅ​រោង​ភាពយន្ត​នោះ​ទេ សូម្បី​ពូក​គេ​ចុះ​ពី​យន្ត​ហោះ ក៏​មាន​អ្នក​គាំទ្រ​ជា​យុវវ័យ ទៅ​ចាំ​ទទួល​យ៉ាង​កកកុញ​ដែរ។ ដោយ​ឡែក​សម្រាប់​កម្មវិធី​រសៀល​ម្សិលមិញ​នេះ មាន​មនុស្ស​ចូលរួម​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ធ្វើ​ឲ្យ​បរិវេណ​ខាង​មុខ​រោង​ភាពយន្ត​មិន​អាច​ផ្ទុក​មនុស្ស​អស់​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា បុគ្គលិក​រូប​នេះ ក៏​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ដំណើរ​របស់​តារា​សម្ដែង​ថៃ​ទាំង​នោះ​ផង​ដែរ​ថា ពូក​គេ​ក៏​ចង់​ដឹង​ពី​សន្ទុះ ​នៃ​ការ​គាំទ្រ នៅ​ក្នុង​ប្រទេស​កម្ពុជា ចំពោះ​រឿង “ខ្ញុំ​ខ្លាច​ហើយ​ម៉ែ​ណាត” ដែល​នឹង​ចាក់​បញ្ចាំង​ក្នុង​ពេល​ខាង​មុខ​នេះ មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ផលិត​វគ្គ​ទី​ ២ ​បន្ត​ទៀត និង​ ការ​គាំទ្រ​ចំពោះ​តារា​របស់​ពូក​គេ។

រឿង “ខ្ញុំ​ខ្លាច​ហើយ​ម៉ែ​ណាត” នឹង​ធ្វើ​ការ​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​ ១៥ ខែ​ ឧសភា ខាង​មុខ​នេះ​ នៅ​រោងភាពយន្ត​Platinum Cineplex ផ្សារ​ទំនើប​សុរិយា។ អ្នក​ចង់​ទស្សនា សូម​អញ្ជើញ​ទៅ​កាន់​រោងភាពយន្ត​នេះ ឬ​កក់​សំបុត្រ​តាម​រយៈ​គេហទំព័រ www.platinumcineplex.com.kh ៕


ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម