ឆាយ វីរៈយុទ្ធ​ថា​ នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ក្នុង​ពេល​ឆាប់ៗ!

 
 

តារា​ចម្រៀង​ពូកែ​ដាក់​មនោសញ្ចេតនា​ លោក ឆាយ វីរៈយុទ្ធ ​ប្រាប់ Sabay ​ថា ​​លោក​នឹង​មាន​របស់​ថ្មី​ប្លែក​ជា​ទី​ទាក់ទាញ​ពី​ទស្សនិកជន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

ការ​លើក​ឡើង​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ​ ខណៈ​ដែល​គេ​ដឹង​ថា​ ផលិតកម្ម​សាន់ដេ​ត្រៀម​ថត​បី​រឿង​ក្នុង​ឆ្នាំ​ ២០១៤ ​ក្នុង​នោះ​រឿង​ទី​មួយ​បាន​លេច​ចេញ​ជា​រូប​រាង​ហើយ​គឺ “សង្សារ​ខ្មោច” មាន​លោក នីកូ និង ​កញ្ញា សុខ ពិសី​ជា​តួឯក។

ហេតុផល​អាច​ក្លាយ​ជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​ពីរ​របស់​សាន់ដេ​ ដែល​នៅ​សល់​ឬ​យ៉ាង​ណា​ទើប​ធ្វើ​ឱ្យ​លោក ឆាយ វីរៈយុទ្ធ​លើក​ឡើង​ដូច្នេះ?

ឆាយ វីរៈយុទ្ធ ច្រៀង​ក្នុង​កម្មវិធី​កាល​ពី​ពេល​កន្លង​ទៅ

លោក ឆាយ វីរៈយុទ្ធ​បាន​ឱ្យ​ដឹង​ថា ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​លោក​នឹង​បង្ហាញ​​ភាព​ប្លែកៗ និង​ថ្មី​ដើម្បី​ឱ្យ​ប្រិយមិត្ត និង​មិត្តៗ​យុវវ័យ​ជា​អ្នក​គាំទ្រ​របស់​ខ្លួន​រំភើប​សប្បាយ​ចិត្ត។ “តម្រូវ​ការ​ទីផ្សារ​​បច្ចុប្បន្ន ដូច្នេះ​ហើយ​ខ្ញុំ​ត្រូវ​តែ​រក​អ្វី​ដែល​ថ្មី និង​ប្លែក​ជូន​ទស្សនិកជន​ដើម្បី​កុំ​ឱ្យ​ពួកគាត់​អុញ​ទ្រាន់ ហើយ​បន្ត​គាំទ្រ​ខ្ញុំ​តទៅ​ទៀត”។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អតីត​តារា​ចម្រៀង​ល្បី​ឈ្មោះ​ក្នុង​ផលិតកម្ម M និង​ Bigman ​ខាង​លើ​មិន​ព្រម​បង្ហើប​ឱ្យ​ដឹង​ថា​ តើ​​ការ​ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ក្នុង​ពេល​ឆាប់ៗ​នោះ​អ្វី​ឡើយ។ លោក​ថា​ទស្សនិកជន​នឹង​បាន​ដឹង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

នៅ​ពេល​ចោទ​សួរ​ថា​​ តើ​ការ​ត្រៀម​ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​នោះ គឺ​​មាន​​ការ​រៀប​ចំ​ខ្លួន​ប្លែក បទ​ចម្រៀង​ថ្មីៗ​ជា​ទី​ទាក់ទាញ និង​ ការ​អាច​ក្លាយ​ជា​តួឯក​​ក្នុង​ផលិតកម្ម​សាន់ដេ​ឬ​យ៉ាង​ណា។ តារា​ចម្រៀង​មាន​ឈ្មោះ​ដើម​​ ប្រុក ឆោម អះអាង​ថា​ ចំណុច​អស់​ទាំង​នេះ​ក៏​ជា​ការ​រួម​ចំណែក​មួយ​ផង​ដែរ​ក្នុង​ការ​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ក្នុង​ពេល​ខាង​មុខ។

ម្ចាស់​បទ “សង្សារ​លួច​លាក់” ចង់​ឱ្យ​ប្រិយមិត្ត និង ​មិត្តៗ​យុវវ័យ​តាមដាន​សកម្មភាព​របស់​ខ្លួន​រៀង​រាល់​ពេល​ដើម្បី​ដឹង​ថា​ អ្វី​ដែល​ថ្មី និង ​ប្លែក​លោក​ត្រៀម​នឹង​ផ្ដល់​ជូន។ លោក​លើក​ឡើង​ថា ​ពេល​នេះ​ទាំង​រូប​លោក ក៏​ដូច​ជា​ក្រុមហ៊ុន​សាន់ដេ​កំពុង​តែ​ញាប់ដៃញាប់ជើង​ក្នុង​ការ​រៀប​ចំណី​អារម្មណ៍​ថ្មី​ដល់​ទស្សនិកជន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

មុន​នឹង​ឈរ​ជើង​នឹង​ដល់​ពេល​បច្ចុប្បន្ន​ លោក ឆាយ វីរៈយុទ្ធ ធ្លាប់​ច្រៀង​ក្នុង​ផលិតកម្ម​ជា​ច្រើន​ដូចជា ក្នុង​ ឆ្នាំ​ ២០០០ ​លោក​បាន​បោះ​ជំហាន​ដំបូង​​ចូល​ទៅ​កាន់​ផលិតកម្ម​ រស្មី​ស្ទឹង​សែន​។

ក្រោយ​មក​​លោក​បាន​ចូល​ទៅ​ច្រៀង​ក្នុង​ផលិតកម្ម Blue Diamond ។ កេរ្តិ៍ឈ្មោះ​របស់​លោក ឆាយ វីរៈយុទ្ធ ចាប់​ផ្ដើម​គេ​ទទួល​ស្គាល់​ច្រើន​​នៅ​ពេល​ឈាន​ជើង​មក​ចូល​ផលិតកម្ម​ M។ ក្រោយ​ពី​ចាក​ចេញ​ពី​ផលិតកម្ម​ M លោក​បាន​បោះ​ជំហាន​ចូល​ទៅ​កាន់​ផលិតកម្ម​ Big Man ហើយ​ក្រោយ​មក​ច្រៀង​ក្នុង​ផលិតកម្ម​ សាន់​ដេ​ ដល់​ពេល​បច្ចុប្បន្ន៕

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម