លំ សុក្រិត ចូល​ច្រៀង​វិញ​ក្រោយ​រៀន​ចប់

 
 

លំ សុក្រិត អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម Rock នឹង​វិល​រក​អាជីព​ចម្រៀង​សារ​ជា​ថ្មី​ម្ដង​ទៀត ក្រោយ​បញ្ចប់​ការ​សិក្សា​ជំនាញ​ធនាគារ​របស់​ខ្លួន នៅ​អំឡុង​ ២​ ខែ​ ខាង​មុខ​នេះ។ ដោយ​សារ​អាជីព​នេះ​ធ្លាប់​ធ្វើ​ឲ្យ​រូប​គេ​មាន​ការ​ទទួល​ស្គាល់​ច្រើន ទើប​មិន​អាច​បោះបង់​ចោល​បាន​ទេ។

នៅ​ក្នុង​ជំនួប​ជាមួយ​ Sabay ព្រឹក​មិញ​នេះ តារា​ចម្រៀង​ខាង​លើ​ប្រាប់​ថា រូប​គេ​កំពុង​ស្វែង​រក​ផលិតកម្ម​មួយ ដែល​ផ្ដល់​ឱកាស​សម្រាប់​ចាប់​ផ្ដើម​អាជីព​ចម្រៀង​ជា​ថ្មី​នេះ។ តារា​ចម្រៀង​រូប​នេះ នឹង​ចាប់​ផ្ដើម​ចេញ​មុខ​ជា​បណ្ដើរៗ​តាម​កម្មវិធី​ប្រគំ​តន្ត្រី​នានា​ឡើង​វិញ បង្ហាញ​សមាសភាព​របស់​ខ្លួន​ឆាប់ៗ​នេះ។

សុក្រិត ចាប់​ផ្ដើម​បាត់មុខ​បន្តិច​ម្ដងៗ​ពី​វិស័យ​ចម្រៀង​បន្ទាប់​ពី​ផលិតកម្ម ​Rock ត្រូវ​បិទ​ទ្វា​ផ្អាក​ចេញ​បទ​ចម្រៀង​ប៉ុន្មាន​ឆ្នាំ​មុន ខណៈ​តារា​ចម្រៀង​ជួរ​មុខ​ផ្សេង​ទៀត ប្រញាយ​គ្នា​រក​ទ្រនំ​ថ្មី​បន្ត​អាជីព​ចម្រៀង​របស់​ពូក​គេ​រៀង​ខ្លួន។ ក្នុង​នោះ​លោក ខាន់ ជែម បាន​ទៅ​ទើរ​លើ​ផលិតកម្ម Sunday រី​ឯ​កញ្ញា ផន នីដា និង​ កញ្ញា សួស វីហ្សា បាន​រសាត់​ទៅ​ដល់​ផលិតកម្ម​ហង្សមាស​ជា​ដើម។

ដោយ​ឡែក លំ សុក្រិត មិន​បាន​រក​ផលិតកម្ម​ចម្រៀង​ណា​មួយ​បន្ត​ច្រៀង​នោះ​ទេ ប៉ុន្តែ​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ចិន​មួយ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ភាពយន្ត ថែម​ទាំង​​មាន​ឱកាស​ក្លាយ​តួ​ឯក​ក្នុង​រឿង “កំពូល​សិស្ស” ឬ”Supper Student”។ ការ​សម្ដែង​រួម​គ្នា​ជាមួយ​តារា​បរទេស បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​គេ​ហាក់​កើន​ឡើង​មួយ​កម្រិត។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ភាព​ល្បីល្បាញ​នោះ បាន​សាបរលាប​ទៅ​វិញ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ខណៈ​រូប​គេ​ក៏​មមាញឹក​ក្នុង​​ការ​សិក្សា​ផង​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្នុង​ជំនួប​ដដែល​កាល​ពី​ព្រឹកមិញ តារា​ចម្រៀង​ខាង​លើ​បាន​សន្យា​ថា នឹង​វិល​រក​អាជីព​ចម្រៀង​វិញ​មិន​ខាន​ឡើយ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ឆ្លើយ​តប​តាម​ការ​សំណូមពរ​របស់​អ្នក​គាំទ្រ​របស់​ខ្លួន ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា។

” ចំពោះ​សមត្ថភាព​វិញ​អាច​ធ្វើ​បាន ស្ថិត​លើ​ឱកាស​ជាក់​ស្ដែង​ប៉ុណ្ណោះ”។ ធម្មតា​សមាសភាព​តារា​ចម្រៀង​កាន់​តែ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ក្លាយ​ជា​ឧបសគ្គ​មួយ​សម្រាប់​រូប​គេ ដែល​ត្រូវ​ត្រៀម​ខ្លួន​ប្រកួតប្រជែង ដណ្ដើម​ប្រជាប្រិយភាព​ឡើង​វិញ។ ផលិតកម្ម​តូច ឬ​ធំ​មិន​សំខាន់​សម្រាប់​រូប​គេ​ឡើយ សំខាន់​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​។ ចុង​ក្រោយ​អតីត​តារា​ចម្រៀង​រូប​នេះ ស្នើ​សុំ​ឲ្យ​មាន​ការ​គាំទ្រ​ឡើង​វិញ​សម្រាប់​ការ​វិល​វិញ​របស់​គេ៕


-បទ​”សង្សារ​វិទ្យាល័យ”


ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម