សង្ខេបព័ត៌មាន នៃការវិវឌ្ឍន៍ នយោបាយនៅកម្ពុជា នាពេលថ្មីៗ កន្លងទៅនេះ
រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ មួយចំនួន ពីប្រភពសារព័ត៌មាននានា អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖
សង្គ្រោះជាតិថា ការចាប់សកម្មជនដាក់គុក ធ្វើឲ្យតានតឹងនយោបាយ
ភ្នំពេញៈ គណបក្សសង្គ្រោះជាតិបានសម្ដែងការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំងខណៈដែលសកម្មជនរបស់ខ្លួនចំនួន ១១ នាក់ត្រូវបានកាត់ឲ្យជាប់ទោសហើយត្រូវចាប់បញ្ជូនទៅឃុំខ្លួនភ្លាមៗ នៅពន្ធនាគារដោយថាបញ្ហានេះបានធ្វើឲ្យមានភាពតានតឹងខាងនយោបាយឡើងវិញ។ ជាមួយគ្នានេះគណបក្សសង្គ្រោះជាតិកំពុងស្វែងរកការជួយអន្តរាគមន៍ពីស្ថានទូតនានាដើម្បីឲ្យមានការដោះលែងសកម្មជនទាំងនេះវិញ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
UN ថា ខ្លួនបានផ្ដល់ផែនទី ១៨ផ្ទាំងដល់កម្ពុជា តែរដ្ឋាភិបាលថា មិនទាន់ទទួលបានដំណឹង
អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនបានផ្តល់ផែនទីចំនួន១៨ផ្ទាំងដល់ប្រទេសកម្ពុជាហើយ តាមសំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្នើសុំខ្ចីផែនទី កម្ពុជាតម្កល់ទុកនៅអង្គការសហប្រជាជាតិនោះ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជានិងវៀតណាម។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី ថា មិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។ បើតាមវិទ្យុសហរដ្ឋអាមេរិកជាខេមរៈភាសា វីអូអេ មន្ត្រីនាំពាក្យលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អ្នកនាង Eri Kaneko ថា អង្គការសហប្រជាជាតិ បានផ្តល់ផែនទីចំនួន១៨ផ្ទាំងដែលកម្ពុជាបានស្នើសុំហើយ។ «ជាការឆ្លើយតបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិបានផ្តល់ផែនទីចំនួន១៨ផ្ទាំងដែលយើងបានរកឃើញក្នុងកន្លែងតម្កល់ឯកសាររបស់យើង នោះ ជូនដល់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាក្នុងបូរីញូវយ៉ក»។ នេះជាសំដីរបស់អ្នកនាង Eri Kaneko ដែលបានស្រង់ដោយវីអូអេ។ ប្រភព៖ ថ្មីៗ
CPP ប្រាប់ដៃគូសន្ទនា ឲ្យចេះបែងចែក រវាងកិច្ចព្រមព្រៀង នយោបាយ និងច្បាប់
គណបក្សប្រជាជនកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍ របស់ខ្លួន នាល្ងាចថ្ងៃទី២២ ខែកក្កដា នេះ បានប្រកាសជំហរស្មោះត្រង់របស់ខ្លួន នូវគោលការណ៍ទាំងឡាយ នៃវប្បធម៌សន្ទនា ហើយបានអំពាវនាវ ឲ្យគណបក្សសង្គ្រោះជាតិ បន្តគោរពកិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពគ្នា ដោយបែងចែកឲ្យដាច់ស្រឡះ រវាងកិច្ចព្រមព្រៀងនយោបាយ និងច្បាប់។ ក្នុងសេចក្តីថ្លែងការណ៍ដែលទំនងជាឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនោះ បក្សកាន់អំណាចធ្វើការប្រកាសនូវគោលការណ៍សំខាន់ៗមួយចំនួនរបស់ខ្លួន ដូចជាការបន្តប្រតិបត្តដោយស្មោះត្រង់នូវគោលការណ៍ទាំងឡាយនៃវប្បធម៌សន្ទនា ក្រោមឆ័ត្រនៃរដ្ឋធម្មនុញ្ញ និងច្បាប់ ពោលគឺមិនអាចគ្របដណ្តប់លើវិស័យតុលាការ។ ប្រភព៖ ថ្មីៗ
លោក សម រង្ស៊ី អះអាងថា លោកមិនមែនគេចវេះ ការជួយសកម្មជន ដែលជាប់ពន្ធនាគារនោះទេ
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ចាត់ទុកថាវត្តមានរបស់លោក នៅក្រៅប្រទេស មិនមែនមានន័យថា លោកមិនយកចិត្តទុកដាក់ ចំពោះសកម្មជនទាំង១១នាក់ ដែលត្រូវបានតុលាការផ្តន្ទាទោសនោះទេ ប៉ុន្តែថាវត្តមានរបស់លោក ក្នុងប្រទេសមិនមែនតែងតែចាំបាច់ រហូតនោះទេ។ លោក សម រង្ស៊ី បានលើកឡើងបែបនេះជាការឆ្លើយតប នឹងការរិះគន់មួយចំនួន ថាមូលហេតុអ្វី បានជាលោកចេញទៅក្រៅប្រទេស ខណៈសកម្មជន កំពុងតែមានបញ្ហា។ កាលពីថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោក មាជ សុវណ្ណារ៉ានិងសកម្មជន គណបក្សសង្គ្រោះជាតិ ១០នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំ ទៅ២០ឆ្នាំ ពីបទដឹកនាំនិងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។ តាមរយៈលិខិតមួយដែលចេញផ្សាយនៅថ្ងៃនេះ លោក សម រង្ស៊ី បានលើកឡើងថា គម្រោងទៅប្រទេសបារាំង លោកបានត្រៀមជាច្រើនសប្តាហ៍មកហើយ ដោយរង់ចាំការត្រឡប់មក ក្នុងប្រទេសវិញរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ កាលពីទី២០ខែកក្កដា។ លោកបន្តថាថ្នាក់ដឹកនាំ របស់គណបក្សសង្រ្គោះជាតិ បានប្រតិកម្មភ្លាមនៅពេលដឹងថា មានការផ្តន្ទាទោសកម្មជនទាំង១១នាក់។ លោកបន្តថា លោកមានសហសេវិក របស់លោកក្នុងប្រទេសសម្រាប់ ផ្តល់ព័ត៌មានទាក់ទង នឹងការចាប់ខ្លួនសកម្មជនរបស់គណបក្ស។ ប្រភព៖ VOD
លោក ហ៊ុន សែន ដាក់បទបញ្ជា កុំឲ្យមានបដិវត្តន៍ពណ៌ នៅកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាដាច់ណាត់មិនឱ្យមានបដិវត្តពណ៌នៅកម្ពុជា រួមទាំងផ្ដល់អនុសាសន៍ និងយុទ្ធសាស្ត្រផ្សេងៗទៀត កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការមកពីបណ្ដាអង្គភាពនានា នៅទូទាំងប្រទេសប្រមាណ ៥.០០០នាក់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជានាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធគឺជាឧបករណ៍របស់រដ្ឋក្នុងកិច្ចការពារប្រជាជាតិ ការពាររដ្ឋធម្មនុញ្ញ និងការពាររដ្ឋាភិបាលស្របច្បាប់ ពោលគឺរាល់ទង្វើខុសច្បាប់ត្រូវអនុវត្តតាមច្បាប់ ហើយទង្វើផ្ដួលរំលំរដ្ឋាភិបាលដោយខុសច្បាប់នោះ ត្រូវកម្ចាត់ចោលភ្លាមដោយគ្មានការស្ទាក់ស្ទើរនោះទេ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា បដិវត្តន៍ពណ៌ គឺផ្ដើមចេញពីបាតុកម្មតវ៉ាដូចដែលបានកើតមាននៅតាមបណ្ដាប្រទេសមជ្ឈិមបូព៌ា ដូចជាទុយណេស៊ី (Tunisia) លីប៊ី (Libya) ស៊ីរី (Syria) ជាឧទាហរណ៍ស្រាប់ ហើយគណបក្សសង្គ្រោះជាតិ ក៏បានយករូបមន្តទាំងនោះមកអនុវត្តនៅកម្ពុជា ជាច្រើនលើកច្រើនសាមកហើយដែរ ចាប់តាំងពីក្រោយពេលបោះឆ្នោត ឆ្នាំ២០១៣៖ «បដិវត្តន៍ពណ៌គឺជាការប្រើប្រាស់កម្លាំងតវ៉ាដោយកម្លាំងប្រជាជន ឬហៅថា People Power ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ឧទាហរណ៍ ដូចកន្លងមកបក្សប្រឆាំងប្រមូលប្រជាពលរដ្ឋជាច្រើនចូលកាន់កាប់ទីក្រុងភ្នំពេញ ក្រោយពេលបោះឆ្នោតអីហ្នឹង គេហៅថា បដិវត្តន៍ពណ៌ ព្រោះវាមិនមែនជាបាតុកម្ម ធ្វើឡើងដោយសុទ្ធចិត្តទេ គឺក្នុងគោលបំណងផ្នូលរំលំតែម្ដង»។ ប្រភព៖ RFA
រៀបចំដោយ ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!