អស្ចារ្យណាស់! នគរបាលប៉ុស្តិ៍ក្រាំងពង្រម្នាក់ ស្នេហ៍ប្រពន្ធគេហើយ យកកាំភ្លើង AK បាញ់គំរាមប្តីទៀត
ខេត្តកណ្តាល ៖ បុរសម្នាក់ដែលគេស្គាល់ថា ជានគរបាលប៉ុស្តិ៍ក្រាំងពង្រ ត្រូវនគរបាលស្រុកកណ្តាលស្ទឹងធ្វើការឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី០៣ សីហា ២០១៥ បន្ទាប់ពីបានប្រើកាំភ្លើង AK បាញ់ចំនួន៣គ្រាប់គំរាមប្តីប្រពន្ធ កាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី០២ សីហា ស្ថិតនៅចំណុចភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ដោយសារតែបុរសនោះត្រូវគេអះអាងថា មានស្នេហ៍លួចលាក់ជាមួយប្រពន្ធគេ ហើយបែកការណ៍ ។
នគរបាលស្រុកកណ្តាលស្ទឹងបានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះជា កំសត់ ហៅសុខា អាយុ២៥ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជានគរបាលប៉ុស្តិ៍ក្រាំងពង្រ ។ ចំណែកជនរងគ្រោះដែលត្រូវជនសង្ស័យបាញ់គំរាមឈ្មោះហៃ ហន ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករសំណង់ និងប្រពន្ធឈ្មោះន.ប.ផ ជាកម្មការិនីរោងចក្រ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
នគរបាលបានប្រាប់ឱ្យដឹងទៀតថា កន្លងមកជនសង្ស័យ និងប្រពន្ធជនរងគ្រោះបានលួចមានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីខែឧសភា ឆ្នាំ២០១៥ មកម្ល៉េះ ហើយធ្លាប់ដើរលេងជាមួយគ្នាច្រើនលើកទៀត ។ បន្ទាប់មក ជនរងគ្រោះជាប្តីបានដឹងរឿង ជន សង្ស័យ និងប្រពន្ធខ្លួនលួចមានទំនាក់ទំនងស្នេហានឹងគ្នា ក៏បានទូរស័ព្ទទៅជនសង្ស័យថា ឱ្យឈប់ទាក់ទងជាមួយប្រពន្ធខ្លួនទៀត ហើយជនរងគ្រោះជាប្តីខឹងប្រពន្ធបានវាយប្រពន្ធ ក៏ដឹងដល់ជនសង្ស័យបានទូរស័ព្ទមកគំរាមជនរងគ្រោះថា បើឯងវាយនាង ប្រយ័ត្នខ្លួន ពេលឯងធ្វើការពេលយប់ប្រយ័ត្នក្បាលធ្លាក់ពីលើម៉ូតូ ហើយម៉ូតូឯងក៏អញយកទៅលក់បានមួយពាន់ដុល្លារដែរ ។
ពេលនោះជនរងគ្រោះភ័យខ្លាច ក៏ឈប់ធ្វើការរួចនៅផ្ទះជាមួយប្រពន្ធ ប៉ុន្តែជនសង្ស័យនិងប្រពន្ធរងគ្រោះ នៅតែបន្តលួចទាក់ទងគ្នាតាមទូរស័ព្ទដដែល ដោយសារជនរងគ្រោះនិយាយប្រពន្ធមិនស្តាប់ ក៏ទះកំផ្លៀងមួយដៃ ហើយរឿងនេះបានដឹងដល់ជនសង្ស័យម្តងទៀត ។
លុះមកដល់វេលាម៉ោង៤រសៀលថ្ងៃទី០២ សីហា ជនសង្ស័យបានទូរស័ព្ទមកជនរងគ្រោះ ហើយនិយាយគំរាមថា ឯងប្រយ័ត្នខ្លួន ល្ងាចនេះ អញនឹងទៅលេងផ្ទះហ្អែងហើយ ផ្ទះហ្អែងទទួលបាន៣០គ្រាប់សុះអត់ ។ បន្ទាប់មកនៅវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃដដែល ជនសង្ស័យបានជិះម៉ូតូម៉ាក CRB ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ន.បប ១.២២២៣ ដោយយកកាំភ្លើងម៉ាក AK47 កាត់ឮស្នូកចេញពីបន្ទប់ព្រហ្មទណ្ឌនៃប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ខណ្ឌដង្កោ ជិះសំដៅទៅផ្ទះជនរងគ្រោះដែលស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ ។
ពេលទៅដល់មុខផ្ទះជនរងគ្រោះរួច ជនសង្ស័យក៏ឈប់ម៉ូតូនៅលើផ្លូវលំ រួចបត់ក្បាលម៉ូតូបែរមកទិសដៅខាងលិចវិញ តែពុំបានចុះពីលើម៉ូតូទេ ហើយក៏បាញ់ចំនួន៣គ្រាប់ តម្រង់ទៅផ្ទះជនរងគ្រោះត្រូវចំធ្លាយដំបូល ពេលដែលជនរងគ្រោះនិងប្រពន្ធដេកក្នុងផ្ទះ ក៏បានឮស្នូរគ្រាប់កាំភ្លើង ក៏ចុះពីលើផ្ទះមកមើល ឃើញជនសង្ស័យជិះម៉ូតូ និងកាន់កាំភ្លើងគេចខ្លួនទៅទិសខាងលិច ដោយយកកាំភ្លើងខាងលើ មកទុកក្នុងបន្ទប់ប៉ុស្តិ៍ក្រាំងពង្រវិញ ដោយពុំមានកងកម្លាំងណាម្នាក់បានឃើញឡើយ និងបានបន្សល់ទុកនូវសំបកគ្រាប់កាំភ្លើងចំនួន៣គ្រាប់។
នគរបាលបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញប៉ុស្តិ៍ និងស្រុកបានចុះទៅសហការស្រាវជ្រាវ លុះដល់ល្ងាចថ្ងៃទី០៣ សីហា ជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនមកផ្ទះជនរងគ្រោះ ហើយបានជេរដល់សមត្ថកិច្ចប៉ុស្តិ៍ និងជំនាញស្រុក ទើបរាយការណ៍មកលោកអធិការ ដើម្បីឃាត់ខ្លួនមកសាកសួរ ក្រោយមកជនសង្ស័យ ក៏បានសារភាពនូវរឿងហេតុខាងលើ ពីការបាញ់កាំភ្លើងនៅមុខផ្ទះជនរងគ្រោះចំនួន៣គ្រាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលស្រុកកណ្តាលស្ទឹង កសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!