ក្រុម​អាជីវ​ករ​​ ក្រុង​ព្រះ​សីហនុ ​ត្អូញត្អែរថា ​ការ​តាំង​ពិ​ព័រណ៍ ពាណិជ្ជកម្ម​ មិត្តភាព​កម្ពុជា-ថៃ ធ្វើ​ឱ្យ​ពួក​គាត់​​ ដាច់​បាយ​

 
 

ខេត្ត​​ព្រះ​សីហនុ ៖ ពលរដ្ឋ​ដែល​មាន​លំនៅ​​ឋាន​​​ នៅ​ចំណុច​អតីត​មហោស្រព​ចាស់ ​និង​​គ្លី​និ​ក​ឯកជន​​ចំនួន ​២​កន្លែង​​ផង​ដែរ ​ស្ថិត​នៅ​ក្នុង​ភូមិ២ សង្កាត់២ ក្រុង​ព្រះ​សីហ​នុ ក៏​ដូច​ជា​មន្ត្រីរាជការ ​អាជីវករ​លក់ដូរ ​​បាន​ត្អូញត្អែរ​ថា បន្ទាប់​ពី​អាជ្ញាធរ​ក្រុង/​ខេត្ត​ បាន​អនុញ្ញាតឱ្យ​​ជនជាតិ​ថៃ​មក​ដាក់​តាំង​ពិ​ព័រណ៍ លក់ទំនិញ​គ្រប់​ប្រភេទ​នៅ​ក្នុង ​ខេត្ត​​ជា​ច្រើន​លើក​នា​ពេល​កន្លង​មក​នោះ ធ្វើ​ឱ្យ​​ពួក​គាត់​ត្រូវ​ប្រឈម​ នឹង​ការ​​ដាច់​បាយ ដោយសារ​តែ​​​ត្រូវ​បង្ខំ ចិត្ត​បិទ​តូប​លក់ដូរ​របស់​ខ្លួន​ព្រោះ​​គ្មាន​អ្នក​​ចូល​ទិញ ខណៈ​ដែល​ ផ្សារ​ចល័ត​របស់​ថៃ ​នាំ​ចូល​​អីវ៉ាន់​​គ្រប់​ប្រភេទ សម្រុក​ចូល​​​យ៉ាង​គំហុក​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ ដោយ​ជ្រក​ក្រោម​ស្លាក​ការ ​តាំង​ពិ​ព័រណ៍មិត្តភាពកម្ពុជា-ថៃ​ ។

លោក​អភិបាលរង​ខេត្ត​​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​​​ឱ្យ​ដឹង ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី៤​ សីហា ​២០១៥ ថា ផ្អែក​តាម ​លិខិត​លេខ៣៦៦ (​ស​ជ​ណ​/១៥) ចុះ​ថ្ងៃ​ទី១៦ ​កក្កដា ​២០១៥ របស់​លោក ឈិ​ត សុ​ខុន អភិបាលខេត្ត​​ ដែល​បាន​ជម្រាប ​មក​លោកស្រី តាន់ ទ្រី​យ៉ា នាយិកា​ក្រុមហ៊ុន តាន់ ហ៊ួ​ត ដែល​បាន​សហ​ការ​​ ជាមួយ​អាជីវករ​លក់ដូរ​ខេត្តច័ន្ទ​បូ​រី ខេត្ត​ត្រាវ និងខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ក្នុង​ករណី​សុំ​ការ​អនុញ្ញាត រៀបចំ​ពិ​ព័រណ៍មិត្តភាព​កម្ពុជា​-ថៃ​ ដែល​បាន​ប្រព្រឹត្ត ឡើង​កាលពី​ថ្ងៃ​ទី២៩ ​កក្កដា ​ដល់​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ២០១៥ កន្លង​មក​នោះ ​​គាត់​​​សង្កេត​ឃើញ​ថា លោកស្រី​​មិន​បាន​អនុវត្តឱ្យ​​ បាន​ល្អ​ប្រសើរ​ទៅ​តាម​ការ​ណែនាំ​របស់ ​លោក​អភិបាលខេត្ត​ឡើយ​ ។

ដូច​ជា​ ការ​ណែនាំ​ឱ្យ​​ក្រុមហ៊ុន​ខាងលើ​ ត្រូវ​​ទំនាក់ទំនង​ឱ្យ​​បាន​ល្អ​​ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ ​សណ្តាប់ធ្នាប់​សាធារណៈ និង​រក្សា​អនាម័យ បរិស្ថាន​​ក្នុងអំឡុងពេល និង​ក្រោយ​ពេល​នៃ​ការ​តាំង​ពិ​ព័រណ៍ ​ដូច​ជា ការ​ប្រើប្រាស់​ទឹក​ស្អាត បង្គន់​អនាម័យ បន្ទប់ទឹក... ។​ល​។

ប្រភព​​ដដែល បាន​បន្ថែម​​ថា ​​លោក​ស្រី​នាយិកា​ ក្រុមហ៊ុន​ខាងលើ មិន​មាន​ភាព​ទំនួល​ខុស​ត្រូវ ​លើ​បញ្ហា​ដែល​បាន​លើក​ឡើង​ខាងលើ​នោះ​ទេ បណ្តែតបណ្តោយឱ្យ​​អតិថិជន ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​មក​ចូលរួម​​ក្នុង​កម្មវិធី​​ បត់ជើងតូច-ធំពាស​វាល​ពាស​កាល ​បណ្តាលឱ្យ​​ជះក្លិនឆ្អេះឆ្អាប​នៅ ​លើ​ទីលាន​សួនច្បារ​សាធារណៈ ដែល​ជា​ផល​ប៉ះពាល់​ យ៉ាងធ្ងន់ធ្ងរ​ផ្នែក​បរិស្ថាន ​​និង​ប្រជាពលរដ្ឋ​ដែល​ មាន​លំនៅ​ឋាន​​ក្បែរ​នោះ​ ។​

មន្ត្រី​​សភាពាណិជ្ជកម្ម​ខេត្ត​​​ម្នាក់ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បានឱ្យ​ដឹង​​ដែរ​ថា ជុំវិញ​ការ​តាំង​ពិ​ព័រណ៍ ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា-ថៃ ខា​លើ​នេះ លោកស្រី​នាយិកា​ក្រុម​ហ៊ុន ​​មិន​បាន​មក​​ធ្វើការ​ផ្លាស់​ប្តូរ​យោបល់​ ទៅ​វិញ​ទៅ​មក​​ដើម្បី​រិះរក​មធ្យោបាយ​ក្នុង​ការ​រក្សា​​​ទៅ​ លើ​គុណភាព​ទំនិញ​គ្រប់​ប្រភេទ ​ដែល​ត្រូវ​យក​មក​ដាក់​ តាំង​បង្ហាញ​ផលិតផល​រវាង​ប្រទេស​​ទាំង​​ពីរ​នោះ​ឡើយ ដែល​ជា​លក្ខណៈ​ឆ្គាំឆ្គង​ទៅ​ នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក ​ពាណិជ្ជកម្ម​ខេត្ត​ ។​

​ប្រជាពលរដ្ឋ មន្ត្រីរាជការ ​អាជីវករ​លក់ដូរ ​សំណូមពរ​ដល់​អាជ្ញាធរ ​ក្រុ​ង​ក៏ដូចជា​អាជ្ញាធរ​ខេត្ត​ និងសម្តេច​ក្រឡា ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​សូម​​មេត្តា​​ជួយ​​សម្រួល ​​ដល់​ពួក​​គាត់ ដែល​ជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​ ខេត្ត​ព្រះ​សីហ​នុ​ទាំងមូលផង​ បើ​សកម្មភាព​នេះ ​នៅ​តែ​​​បន្ត​ទៀត ពួក​គាត់​នឹង​គ្រោង​​​សុំជួយ​អន្តរាគមន៍ ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាក់​ជា​មិន​ខាន​ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម