តុលាការផ្តន្ទាទោស លោក ដួង ឆាយ ១ឆ្នាំ ពិន័យ៣​ លានរៀល ពីបទ ទះកំផ្លៀង កូនឧកញ៉ាទ្រីភាព

 
 

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥នេះ បានសម្រេច កាត់ទោស លោក ដួង ឆាយ កូនប្រុសឧកញ៉ា ដួង ងៀប ដែលទះកំភ្លៀង ទៅលើកូនប្រុស ឧកញ៉ាទ្រីភាព កាលពី៤ខែមុន ជាប់ ទោស១ឆ្នាំ និងពិន័យជាប្រាក់ ចំនួន៣លានរៀល ប៉ុន្តែអនុវត្តទោសតែ៤ខែប៉ុណ្ណោះ។

លោក ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ត្រូវបានតុលាការចោទពីបទ «បង្កហិង្សាដោយចេតនា» ដែលបានប្រព្រឹត្ត ទៅលើលោក ទ្រី ដាលុច កូនប្រុសរបស់ លោកឧកញ៉ា ទ្រី ភាព នៅក្នុងហាង ចាក់សាក់មួយកន្លែង ឈ្មោះ RSD2nd ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមបណ្តោយផ្លូវ ព្រះសីហនុ កាលយប់ ថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០១៥ ហើយត្រូវបានកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានភ្លាមៗតែម្តង។

ការកាត់ទោសទៅលើ លោក ឌួង ឆាយ មិនមានវត្តមានជនជាប់ចោទ នៅក្នុងសវនាការនោះទេ ដោយចៅក្រម បានសម្រេច កាត់ទោសកំបាំងមុខ ខណៈដែលជនជាប់ចោទ កំពុងស្ថិតនៅក្នុងការ ឃុំខ្លួន នៅពន្ធនាគារព្រៃស។

បើតាមការរៀបរាប់ របស់សាក្សី នាពេលកន្លងមក បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ទ្រី ដាលុច និងប្អូនប្រុស ឈ្មោះ ទ្រី ភស័ក្ត កំពុងអង្គុយជជែកគ្នា លេងជាមួយ បុគ្គលិកហាងចាក់សាក់ខាងលើ ក្រោយមកស្រាប់តែឃើញឈ្មោះ ឌួង ឧត្តមឆវិន ហៅ ឆាយ ដើរចូលទៅអង្គុយ ក្នុងហាង ពេលនោះដែរ បុគ្គលិក ទាំងអស់ ក៏នាំគ្នាមើលមុខឈ្មោះ ឆាយ ហើយជនរងគ្រោះ (ទ្រី ដាលុច) ក៌មើលមុខឈ្មោះឆាយនោះ ដែរ ព្រោះដំណើរដើរដូចជើងកាង។ ជួនពេលនោះដែរ ទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ ទ្រី ដាលុច បានអស់ថ្ម ហើយក៏ដើររកកន្លែងសាកថ្ម ក្នុងពេលនោះដែរ ឈ្មោះ ឌួង ឆាយ (កូនឧកញ៉ា ឌួង ងៀប) អង្គុយក្បែរនោះ ហើយជនរងគ្រោះ ក៏បាននិយាយទៅកាន់ឈ្មោះ ឆាយ ថា សុំអែបផ្លូវមួយ ប៉ុន្តែឈ្មោះ ឆាយ ពុំបាននិយាយអ្វីទេ ហើយបានអង្គុយនៅកន្លែងមានឆ្នាំងសាកតែម្តង ភ្លាមនោះជនរងគ្រោះក៏បាន លូកដៃទាញឆ្នាំងសាក យកមក សាកទូរស័ព្ទ ហើយក៌ដើរចេញទៅវិញ ។ បន្ទាប់មកឈ្មោះ ឌួង ឆាយ គេក៏ឲ្យអង្គរក្សរបស់គេទៅហៅ ជនរង គ្រោះទៅជួបខ្លួនគេ ពេលនោះឈ្មោះ ឆាយ សួរថា «ម្តេចឯងមើលមុខអញ ឯងស្គាល់អញ ឬអត់ អញគឺឈ្មោះ ឌួង ឆាយ និយាយចប់ស្រាប់តែ ឈ្មោះ ឆាយ បានទះកំភ្លៀងមួយដៃទៅលើជនរងគ្រោះ» ខណៈនោះជនរង គ្រោះមិនបានតបតវិញទេ ហើយបានដើរចេញ ដោយមិនអស់ចិត្តភ្លាមៗនោះឈ្មោះ ឌួង ឆាយ ក៌ស្ទុះមកវាយជន រងគ្រោះជាបន្តបន្ទាប់ទៀត បណ្តាលឲ្យបែកចេញឈាម នៅក្រោមត្រចៀកខាងឆ្វេង រួចហើយក៍ត្រូវបាន បុគ្គលិក ក្នុងហាងចាប់ឃាត់ ឈ្មោះ ឆាយ បំបែកចេញ តែឈ្មោះ ឌួង ឆាយ បានស្រែកខ្លាំងៗ បញ្ជាឲ្យអង្គរក្សរបស់គេថា យកកាំភ្លើងមកឲ្យអញ ! អញបាញ់អាហ្នឹងចោល ប៉ុន្តែអង្គរក្សឈ្មោះ ឆាយ មិនធ្វើតាមបញ្ជាមេរបស់គេឡើយ។

ស្របពេលដែលម្ចាស់ហាង និងអង្គរក្សឈ្មោះ ឆាយ ព្រមទាំងជនរងគ្រោះកំពុងនិយាយសំរបសំរួលគ្នា ស្រាប់តែ ឈ្មោះ ឆាយ បានបើកឡានគេចចេញរហូតដល់ មុខដើមពោធិ៍ផ្លូវសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ ត្រូវបានកំលាំង អាវុធហត្ថខណ្ឌដូនពេញ ឃាត់រថយន្ត និងជនសង្ស័យបានតែម្តង រួចក៏បញ្ជូនមកមូលដ្ឋាន អាវុធហត្ថក្រុងភ្នំពេញ ដើម្បីក្តាប់ចម្លើយ នៅរាត្រីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៤៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម