ហាង Brown កាហ្វេ និងនំប៉័ង បានលាតត្រដាងពីប្រវត្តិ នៅពីក្រោយភាព ជោគជ័យរបស់ខ្លួន
(កិច្ចសម្ភាសន៍នេះរៀបចំដោយ Everjobs.com.kh)
“យើងសង្ឃឹមថា ប្រវត្តិហាង កាហ្វេ និងនំប៉័ង Brown នឹងអាចធ្វើជាគំរូមួយ សម្រាប់ប្រជាជនកម្ពុជា ជំនាន់ក្រោយធ្វើតាម”, លោក ឡាក់, សហស្ថាបនិក ហាងកាហ្វេ និងនំប៉័ង Brown “
ភ្នំពេញ៖ អស់រយៈពេលប្រាំឆ្នាំហើយ ដែលសហគ្រិនខ្មែរវ័យក្មេង ប្រាំរូប បានត្រលប់ពីការសិក្សា នៅខាងក្រៅប្រទេស និងបានបង្កើតហាង កាហ្វេនិងនំប៉័ង Brown ដែលជា អាជីវកម្មទទួលបាន ភាពជោគជ័យមួយនាពេលបច្ចុប្បន្ន។ នៅឆ្នាំ២០០៩ ហាង Brown កាហ្វេ ចាប់ផ្ដើមដំណើរ ការដោយបងប្អូនជីដូនមួយ ចំនួនប្រាំនាក់ ក្នុងគោលបំណង នាំយកនូវវប្បធម៌ នៃការញ៉ាំ កាហ្វេ មកក្នុងប្រទេស មួយនេះ។ បន្ទាប់ពីដំណើរការបាន ប្រាំឆ្នាំ ក្រុមហ៊ុនមួយនេះ មានអតិថិជនប្រមាណជា 1,700 នាក់ជារៀងរាល់ ថ្ងៃដែលបាន មកកាន់ហាង ទាំងប្រាំពីរខាសា កន្លែងធ្វើនំមួយសាខា និងកន្លែងបណ្ដុះបណ្ដាល មួយសាខា។
សប្ដាហ៍នេះ គេហទំព័រ Everjobs (គេហទំព័រស្វែងរកការងារដែលរីកចំរើន យ៉ាងលឿននៅក្នុង ទីផ្សារកម្ពុជា) មានក្ដីសោមន្សរីករាយ ជួបជាមួយលោកឡាក់ ដែលជាសហស្ថាបនិក ហាងកាហ្វេ និងនំប៉័ង បានរៀបរាប់ ពីប្រវត្តិ នៅពីក្រោយភាពជោគជ័យ នៃហាងរបស់លោក។ ជាមួយប្រធានបទ មួយចំនួន គេហទំព័រ Everjobs បានសួរគាត់ អំពីចំណុចសំខាន់ៗ នៃដំណើរការ គ្រប់គ្រងធនធានមនុស្ស និងនិតិវិធីដើម្បី ទទួលបានជោគជ័យ ក្នុងការគ្រប់គ្រង បុគ្គលិកចំនួន រហូតដល់ ប្រាំពីររយនាក់។
តើអ្វីទាក់ទាញឲ្យក្រុមរបស់លោកត្រលប់មកប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់ការ សិក្សាពីប្រទេស អូស្រ្តាលី?
បន្ទាប់ពីបញ្ចប់ការសិក្សានៅក្រៅប្រទេស គោលដៅរបស់ក្រុមយើង គឺត្រលប់មក ប្រទេសកំណើត និងចូលរួម ចំណែកមួយនៅ ក្នុងប្រទេសកម្ពុជា តាមរយៈការយកចំណេះ ដែលទទួល បានពីក្រៅប្រទេស មកអនុវត្តទៅតាម បរិបទ របស់ប្រទេសកម្ពុជា។
តើអ្វីជំរុញលោក និងបងប្អូនជីដូនមួយរបស់លោក ចាប់ផ្ដើមមុខរបរហាងកាហ្វេ នៅក្នុងរាជធានី ភ្នំពេញ?
កាលពីប៉ុន្មានឆ្នាំមុន យើងមានការលំបាកខ្លាំង ដោយគ្រាន់តែស្វែងរកកាហ្វេ ឈ្ងុយឆ្ងាញ់មួយកែវ ជាមួយកន្លែង អង្គុយលេង ជួបជុំមិត្តភ័ក្រ។ អំឡុងពេលសិក្សានៅ ក្រៅប្រទេស ពួកយើងបានទៅ ស្គាល់កន្លែង និងស្វែងយល់ អំពីចំណេះដឹងក្នុងវិស័យ កាហ្វេជាច្រើន ទៅតាមវប្បធម៌នីមួយៗ បន្ទាប់មកពួកយើង ក៏បានគិតថា វាជារឿងល្អ មួយបើស្រុកយើង មានកន្លែងបែបនេះ។ ពេលនោះហើយ Brown បានចាប់កំនើត។
នៅពេលចាប់ផ្ដើមដំបូង តើហាង Brown កាហ្វេ មានបុគ្គលិកចំនួនប៉ុន្មាននាក់? ចុះបច្ចុប្បន្ន បុគ្គលិកមានចំនួន ប៉ុន្មាននាក់ ដែរ?
ដូចទៅនឹងមុខរបរផ្សេងៗដែរ ហាង Brown កាហ្វេ ចាប់ដំណើរការដំបូង ដោយមានបុគ្គលិក តែមួយចំនួនតូច ប៉ុណ្ណោះ ហើយយើងមាន ភាពសប្បាយរីករាយណាស់ដោយ ពួកគេមួយចំនួន នៅតែបន្តធ្វើការជាមួយ Brown មកដល់បច្ចុប្បន្ន។ សព្វថ្ងៃហាង Brown គ្រប់សាខា បានផ្ដល់ការងារឲ្យ ប្រជាជនកម្ពុជាសរុប ប្រមាណជា ៧០០នាក់។
តើហាង Brown កាហ្វេផ្ដល់កម្មវិធីបណ្ដុះបណ្ដាលដល់បុគ្គលិកដែរ រឺទេ? តើមានជំនាញ តម្រូវការសំខាន់ៗ អ្វីខ្លះ ក្នុងហាងកាហ្វេ បែបនេះ?
ពិតប្រាកដណាស់ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្ដាលបុគ្គលិក។ ហាងរបស់យើង បានផ្ដល់ វគ្គបណ្ដុះបណ្ដាល ទាំងពីរប្រភេទជំនាញ (soft and hard skills) គឺចាប់តាំងពីការងារ ឆុងកាហ្វេ ដល់ផ្នែកបំរើ សេវាអតិថិជន ព្រមទាំងមានវគ្គខ្លី រៀនភាសាអង់គ្លេសថែមទៀត។ យើងធ្វើការផ្ដល់ វគ្គបណ្ដុះបណ្ដាល ទាំងនោះ ដើម្បីធានាថាបុគ្គលិករបស់យើង អាចផ្ដល់នូវសេវាកម្ម ដ៏ល្អមួយជូនដល់អតិថិជន។ ម៉្យាងទៀតវាក៏បាន ផ្ដល់ឲ្យ បុគ្គលិកយើងនូវជំនាញ សម្រាប់ជីវិតរបស់ ពួកគេនៅថ្ងៃអនាគត។
តើលោកមានវិធីសាស្ត្រយ៉ាងណាដើម្បីជ្រើសរើសបុគ្គលិកដែលយកចិត្តទុក ធ្វើការងារ ដូចលោកកំពុង ធ្វើសព្វថ្ងៃ?
ការជ្រើសរើសបុគ្គលិកប្រភេទនេះ ពិតជាមិនមានភាពងាយស្រួលឡើយ។ កិច្ចការត្រូវធ្វើដំបូង គឺត្រូវ ជឿជាក់ ១០០% លើអ្វីដែលយើង កំពុងធ្វើជាមុនសិន បន្ទាប់មកធ្វើឲ្យបុគ្គលិក ជឿលើអ្វីដែលយើង កំពុងជឿ។ បុគ្គលិក របស់យើងភាគច្រើន ជានិស្សិតដែលទើប តែបញ្ចប់ការសិក្សា ឫនិស្សិត មហាវិទ្យាល័យ ដែលធ្វើការបានតែ ការងារក្រៅម៉ោង ហើយហាង Brown ជាកន្លែងការងារ ដំបូងរបស់ពួកគេ។ តែទោះជាយ៉ាងណា ក៏ដោយការ បណ្ដុះបណ្ដាលបុគ្គលិក ដែលមិនទាន់បទ ពិសោធន៍ការងារ គឺមានទាំងការ លំបាក និងលទ្ធផលល្អ។
តើគេហទំព័រស្វែងរកការងារ ឧទាហរណ៍គេហទំព័រ Everjobs អាចផ្ដល់ផល ប្រយោជន៍អ្វីខ្លះ ដល់ ក្រុមហ៊ុន ដែលមានតម្រូវការចំនួន បុគ្គលិកច្រើន ដូចជាហាង Brown កាហ្វេ? តើក្រុមការងារ គ្រប់គ្រងធនធាន មនុស្សរបស់លោក ធ្លាប់បានគិតគូ ពីការជ្រើសរើស បុគ្គលិក តាមបែបទំនើប នេះដែររឺទេ?
គេហទំព័រស្វែងរកការងារបានជួយសម្រួលកិច្ចការជាច្រើន ដល់ក្រុមការងារ គ្រប់គ្រងធនធាន មនុស្សរបស់ យើង។ រាល់ពេលហាងយើង ត្រូវការជ្រើសរើសបុគ្គលិកថ្មី, ការជ្រើសរើសបុគ្គលិក តាមរយៈគេហទំព័រ គឺជាវិធី សាស្រ្តដំបូងគេបង្អស់ ដែលយើងប្រើប្រាស់។ វាជួយពន្លឿនដំណើរ ការជ្រើសរើសបុគ្គលិក បានច្រើន ដូច្នេះក្រុម ការងារ Brown បានចំណេញ ពេលវេលា និងអាចឲ្យយើងមានពេល និងកំលាំងបន្ថែម ចំណាយទៅ លើការ ចម្រាញ់យកគុណភាពនៃបុគ្គលិក ឲ្យត្រូវទៅតាម តួនាទីការងារ។
តើបុគ្គលិកពូកែ អាចមានឥទ្ធិពលយ៉ាងណាខ្លះដល់ភាពជោគជ័យក្នុងអាជីវកម្ម របស់លោក?
បុគ្គលិករបស់យើងជា ចំណុចសំខាន់ដែលធ្វើឲ្យពាណិជ្ជកម្មនេះដំណើរការ។ បើគ្មានពួកគាត់ យើងក៏ពំុអាចឈរ ជើងដល់សព្វថ្ងៃ នេះឡើយ។ បុគ្គលិកឆ្នើមគឺពិបាក នឹងស្វែងរកណាស់។ ហាង Brown កាហ្វេ ជឿ ជាក់ថា ការមានបុគ្គលិកឆ្នើមមាន ទេពកុសល្យ គឺសំខាន់ខ្លាំងណាស់ ព្រោះជារៀងរាល់ថ្ងៃពួកគេ តែងធ្វើឲ្យហាង Brown អភិវឌ្ឍន៍ទៅមុខ និងឈរនៅ លំដាប់ជួរមុខគេជានិច្ច។
ក្នុងរយៈពេល១០ ឆ្នាំខាងមុខ តើលោករំពឹងថា អាជីវកម្មរបស់លោកនឹង ឈានដល់កំរិតណា? តើលោក នឹងមានគម្រោងពង្រីក អាជីវកម្មនេះបន្ថែម នៅក្នុងស្រុក ឬនៅក្រៅប្រទេសដែរ រឺទេ?
នៅក្នុងពេល១០ឆ្នាំខាងមុខ ប្រសិនបើក្រុមការងាររបស់យើងខិតខំធ្វើ ការងារខ្លាំងគ្រប់គ្រាន់ បូកផ្សំ ទាំងសំណាង ផងនោះ យើងសង្ឃឹម ថាយើងអាចនឹងមានហាង Brown កាហ្វេ នៅតាមបណ្ដា ខេត្តធំៗក្នុងប្រទេស កម្ពុជាហើយ ប្រហែលជានឹងមាន តាមបណ្ដាប្រទេសមួយចំនួន ក្នុងតំបន់ អាស៊ានផងដែរ។
តើមានអ្វីខ្លះ ដែលជំរុញទឹកចិត្តលោក?
វត្ថុដែលជំរុញទឹកក្រុមការងាររបស់យើង គឺនៅពេលហាងយើង បានទទួល លិខិតថ្លែងអំណរគុណពី អតិថិជន ជាមួយអត្ថន័យថា ហាង Brown កាហ្វេជាផ្នែកមួយ នៃជីវិតរបស់ពួកគេ។ លើសពីនេះទៅទៀត គឺពេលបុគ្គលិក របស់យើងបា្រប់ថា ជីវិតរបស់ពួកគេ មានការកែប្រែ បានយ៉ាងប្រសើរជាងមុន ព្រោះតែការងារ និងជំនាញ ដែលយើងបានផ្ដល់ឲ្យពួកគេ។ ចំណុចទាំងពីរនេះ ហើយ ដែលជំរុញទឹកចិត្តរបស់យើង យ៉ាងខ្លាំងបំផុត។
តើនរណា បានជំរុញទឹកចិត្តលោកខ្លាំងជាងគេ?
អ្នកជំរុញទឹកចិត្ត ដល់ក្រុមការងារយើងខ្លាំងជាងគេនោះ គឺជាឪពុកម្ដាយ របស់យើងតែម្តង។ ខ្ញុំគិតថាអ្នកនឹង ទទួលបានចម្លើយ ស្រដៀងគ្នាដែរ ពីប្រជាជនកម្ពុជា ដែលឪពុកម្ដាយរបស់ពួកគេ ធ្លាប់ឆ្លងកាត់របប ប្រល័យពូជសាសន៍ ប៉ុលពត។ ពួកគាត់ជាឪពុកម្ដាយ ដែលតែងតែ ជំរុញយើង ឲ្យចាប់ផ្ដើមខិតខំធ្វើ តាំងពីកិច្ចការ តូចតាច ហើយដាស់តឿនឲ្យធ្វើការ យ៉ាងម៉ត់ចត់ ជាប្រចាំ។
តើកត្តាអ្វីខ្លះបានចូលរួមចំណែក កសាងភាពជោគជ័យរបស់លោក? អាចថាអ្វីជា គន្លឺះសំខាន់ៗ អ្វីខ្លះអាចឲ្យ លោកចាប់ផ្ដើម បើកហាង និងដាក់ដំណើរការ មុខរបរនេះប្រកបដោយ ជោគជ័យយ៉ាងនេះ?
ខ្ញុំអាចនិយាយថា ក្រុមការងាររួមគ្នា កសាងភាពជោគជ័យបានដូចសព្វថ្ងៃគឺ ដោយសារតែយើង បានចាប់ផ្ដើម អាជីវកម្មនេះ ត្រូវចំពេលវេលា ត្រូវចំទីកន្លែង និងជាពិសេស គឺត្រូវឥតខ្ចោះ ជាមួយក្រុមការងារ។ មិនត្រឹម តែប៉ុណ្ណោះ ភាពជោគជ័យនេះ ក៏ទាមទារឲ្យមាន កិច្ចខិតខំប្រឹងប្រែងធ្វើការ, ការមានវិន័យ ផ្ទាល់ខ្លួន, ការហ៊ាន ប្រថុយប្រថាន និងការចេះបង្កើតអ្វី ដែលប្លែកផ្សេង ពីអ្នកដទៃ។
លោកអាចប្រាប់បានទេថា តើមានជំនាញធំៗទាំង៣ អ្វីខ្លះសម្រាប់អាជីវករជោគជ័យម្នាក់?
ភាពបត់បែនតាមស្ថានការ, ស្មារតីជាក្រុម និងភាពច្នៃប្រឌិតបង្កើតថ្មី គឺជាពាក្យ ទាំង៣ នៅក្នុងការ គិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំប្រាកដណា វាមិនមានរូបមន្ត ច្បាស់លាស់អ្វីទេ។ អ្វីដែលសំខាន់បំផុត ក្នុងការសម្រេច ជោគជ័យរាល់ គ្រប់កិច្ចការ យើងត្រូវខិតខំ ស្វែងយល់ នឹងធ្វើការវិវត្តន៍ខ្លួនជាប្រចាំ ឲ្យស្របតាមការអភិវឌ្ឍន៍។
តើលោកអាចរៀបរាប់ពីសកម្មភាពប្រចាំថ្ងៃរបស់លោកបានដែររឺទេ?
សកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំ គឺសាមញ្ញណាស់។ ខ្ញុំទៅធ្វើការនៅជាង ៧ព្រឹក, បរិភោគអាហារពេលព្រឹក នៅក្នុង ហាង Brown Roastery ដែលនៅក្រោមការិយាល័យ ការងាររបស់ខ្ញុំតែម្ដង។ បន្ទាប់មកខ្ញុំចូលរួម ការប្រជុំ ឆ្លើយតបអ៊ីម៉ែល និងត្រួតពិនិត្យឯកសារ ។ល។ ខ្ញុំតែងតែព្យាយាម ចំណាយយ៉ាងតិច ១ម៉ោងក្នុងការ អានសៀវភៅនៅពេលយប់។ គិតៗទៅច្រើន គួរសមដែរ។
តើលោកអាចមើលឃើញចំណុុចជារួមអ្វីខ្លះពីសំណាក់អតិថិជនប្រចាំថ្ងៃ របស់ហាង Brown កាហ្វេ ដែលជា និស្សិត និងជាបញ្ញាវ័ន? តើហាងកាហ្វេនេះ អាចចាត់ទុកថាជា កន្លែងបង្កើត សហគិ្រនកម្ពុជា នាពេលអនាគត បានដែររឺទេ?
រាល់ និស្សិត និងបញ្ញាវ័នដែលចូលចិត្តចំណាញពេលវេលារបស់ពួកគេនៅក្នុងហាង Brown កាហ្វេ ព្រោះ Brown ផ្ដល់ឲ្យពួកគេ គ្រប់គ្រាន់ នូវរបស់ដែល ពួកគេត្រូវការ ដើម្បីសម្រេចការងារ ដូចជាអារម្មណ៍ ជាផ្នែកមួយនៃ សហគមន៍, គ្រឿងបរិក្ខា និងកន្លែងអង្គុយដ៏មាន ផាសុខភាព, ការប្រើប្រាស់ អ៊ីនធ័រណីតឥតគិតថ្លៃ (Free Wifi), អាហារ ហើយអ្វីដែលមិន អាចមើលរំលងនោះ គឺរសជាតិកាហ្វេ ដ៏ឈ្ងុយឆ្ងាញ់។ យើងសប្បាយ រីករាយយ៉ាងខ្លាំង ដែលអាចផ្ដល់ ឲ្យពួកគេនូវ ទីកន្លែងសម្រាប់បង្កើន ផលិតភាព របស់ពួកគេ។ យើងសង្ឃឹមថា នៅថ្ងែណាមួយ ពួកគេណាម្នាក់នឹងនឹក ឃើញនូវគំនិតអស្ចារ្យថ្មីមួយ ខណៈពេលពួកគេអង្គុយ នៅក្នុងហាង Brown កាហ្វេ។ តែយើងទាំងអស់គ្នាមិនប្រាដក ច្បាស់អំពីរឿងនេះឡើយ។
តើលោកគិតថា ប្រវិត្តិអាជីវកម្មរបស់លោកអាចជម្រុញទឹកចិត្ត ដល់អ្នកជំនាន់ក្រោយ បានដែររឺទេ?
យើងសង្ឃឹមថា អ្នកជំនាន់ក្រោយ បានដឹងនូវកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការបង្កើត ផលិតផលឲ្យមាន គុណភាព។ យើងសង្ឃឹមថា ប្រវត្តិអាជីវកម្មនេះ នឹងអាចជាគំរូមួយ សម្រាប់អ្នក ជំនាន់ក្រោយធ្វើតាម។ យើងក៏ សង្ឃឹមថា ពួកគេអាចយល់ ពីមូលហេតុដែល កេរ្តិ៍ឈ្មោះហាង ក្នុងស្រុក ដូចជាហាង Brown អាចប្រកួតប្រជែង ជាមួយកេរិ៍្តឈ្មោះហាង អន្តរជាតិបាន គឺដោយសារតែការ យកចិត្តទុកដាក់លើ បទពិសោធន៍អតិថិជន និងគុណ ភាពដែលមាន ស្តង់ដារមួយ។
តើលោកអាចជូនជាអនុសាសន៍៣ ដល់សិស្សនិស្សិត ដែលចង់ក្លាយខ្លួនជា សហគ្រិន បានដែររឺទេ?
អនុសាសន៍ ដែលខ្ញុំតែងតែប្រាប់ដល់សិស្សនិស្សិត ក៏ដូចជាបុគ្គលិករបស់យើង គឺទី១ ខិតខំធ្វើការ និងឈប់ ត្អូញត្អែរ ។ ទី២ ត្រូវធ្វើដំនើរ និងធ្វើការស្វែងយល់ ពីខ្លួនឯង និង ទី៣ គឺធ្វើការផ្ដល់ទៅ ឲ្យសង្គម។ ប្រសិន បើអ្នកចង់បង្ហាញថាខ្លួន ជាបុគ្គលជាតិនិយម កុំគ្រាន់តែយកទង់ជាតិមក គ្របដណ្ដប់ខ្លួនអ្នក តែអ្នកត្រូវ តែលះ បង់កំលាំង ខិតខំធ្វើការ ដែលអ្នកកំពុងធ្វើឲ្យ អស់ពីចិត្ត បើទោះជាកិច្ចការនោះ តូចក្ដី ធំក្ដី។ នៅទីបំផុតលទ្ធផល ល្អ ដែលចេញពីកិច្ចខិតខំប្រឹង ប្រែងនោះ នឹងផ្ដល់ជាប្រយោជន៍ ដល់ប្រទេសជាតិ ជាក់ជាមិនខាន៕
អំពីគេហទំព័រ Everjobs
Everjobs ជាគេហទំព័រដំណឹងការងារមួយ បានប្រតិបត្តិការណ៍ក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា សិរីលង្កា បង់ក្លាដេស កាំម៉ារ៉ូន សេនេហ្គាល់ កូតឌីវ័រ និង អ៊ូហ្គង់ដា។ នៅខែមីនា ឆ្នាំ២០១៥នេះ គេហទំព័រ Everjobs បានចាប់ផ្ដើមប្រតិបត្តិការណ៍ក្នុង ប្រទេសកម្ពុជា ជាមួយនឹងបំណង សម្រេចខ្លួនឲ្យ ក្លាយជាគេហទំព័រដំណឹង ការងារឈានមុខគេមួយ នៅក្នុងទីផ្សារសេដ្ឋកិច្ច ដែលកំពុងតែមាន កំណើន យ៉ាងឆាប់រហ័សមួយនេះ ព្រោះយើង នឹងផ្ដល់នូវការផ្គូរផ្គងដល់ត្រឹមត្រូវ និងមានប្រសិទ្ធភាព មួយរវាង បេក្ខជនស្វែងរកការងារ និងនាយកជក។ គេហទំព័រនេះមានការសហការ និងជំនួយពី ក្រុមហ៊ុន អ៊ីនធឺណិតប្រចាំទ្វីបអាស៊ី ប៉ាស៊ីភិច (APACIG)។
អំពីក្រុមហ៊ុន APACIG
ក្រុមហ៊ុនអ៊ីនធ័រណីតអាស៊ីប៉ាស៊ីភិច (www.apacig.com) បងើ្កតឡើងដោយការ សហការគ្នារវាង សគ្រាស Rocket Internet និងសហគ្រាស Ooredoo។ សហគ្រាសទាំងពីរមាន ក្រុមហ៊ុនធ្វើពាណិជ្ជកម្មតាម អ៊ីនធឺណីត និងទីផ្សារអនឡាញចំនួន១៣ (e-commerce and online marketplace) និងធ្វើប្រតិបត្តិការនៅ បណ្ដាប្រទេសចំនួន១៥។ ក្រុមហ៊ុន APACIG បានបងើ្កតឡើងក្នុងឆ្នាំ២០១៤ និង ក្លាយជាក្រុមហ៊ុន ផ្នែកគេហទំព័រ នាំមុខគេក្នុង ទ្វីបអាស៊ី និងបានកសាងក្រុមហ៊ុន អ៊ីនធឺណីតធំៗ ជាច្រើន នៅក្នុងតំបន់នោះ។
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!