ចាប់​រថយន្ត​ដឹក ​ឈើ​ក្រញ៉ូង​២គ្រឿង​ និង​ឃាត់ខ្លួន​មនុស្ស​ ៣នាក់​ ខណៈ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​មក កាន់​ខេត្ត​រតនគិរី​

 
 

រតនគិរីៈ កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្ត ដោយមានការអនុញ្ញាតិ ពីលោកព្រះរាជអាជ្ញាអមសាលាដំបូង និងលោកស្នងការនគរបាល ខេត្តកាលពីវេលាម៉ោង ២២និង១៥នាទី យប់ថ្ងៃទី០៥ ខែកញ្ញា បានស្ទាក់ចាប់រថយន្តដឹកឈើ ក្រញ៉ូង ២គ្រឿង ខណៈកំពុងធ្វើដំណើរ តាមបណ្តោយផ្លូវជាតិ លេខ៧៨ ស្ថិតក្នុងភូមិសាស្ត្រស្រុកកូនមុំ ឆ្ពោះមកកាន់ទីរួមខេត្តរតនគិរី។

លោកវរសេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រាប់ឲ្យដឹងថា ក្រោយពីទទួលពត៌មាន ពីកម្លាំងសម្ងាត់ថាមានរថយន្ត ២គ្រឿងលួចដឹកឈើក្រញ៉ូង ចេញពីគោលដៅ ខេត្តព្រះវិហារ ក៏សុំយោបល់ថ្នាក់លើបង្ក្រាបតែម្តង។

លោកវរសេនីយ៍នូវ ដារ៉ា ប្រាប់បន្តទៀតថា រថយន្តទី១ម៉ាកកាមរីស្វិត ពាក់ស្លាកលេខភព២ ង៥១១៦ និងរថយន្តទី២ ម៉ាកកាមរីឆ្លាម គ្មានស្លាកលេខ ត្រួតពិនិត្យឃើញឈើក្រញ៉ូងក្រាក់ ចំនួន២០៣ដុំ ស្មើនឹង៩៦០គីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួន៣នាក់ ទី១មានឈ្មោះ អ៊ែល ពៅ អាយុ៤៥ឆ្នាំ (ម្ចាស់រថយន្តដឹកឈើកាមរីស្វិត) ទី២ឈ្មោះ សាត សិរី (អ្នកបើករថយន្តកាមរីឆ្លាម) ទី៣ឈ្មោះ ជឹម កែវ អ្នករួមដំណើរ។ ចំណែកឯជនទី៤(មិនស្គាល់អត្តសញ្ញាណ) បានរត់គេចខ្លួនបាត់។

បន្ទាប់ពីធ្វើការត្រួតពិនិត្យរួចកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបាននាំយកវត្ថុតាងនឹងជនសង្ស័យ៣នាក់មកស្នងការដ្ឋាននគរបាលខេត្តរតនគិរី លុះព្រឹកឡើងថ្ងៃទី០៦ ខែកញ្ញា មន្ត្រីនគរបាលជំនាញ បានកសាងសំណុំរឿងវត្ថុតាង និងជនសង្ស័យទាំង៣នាក់ ខាងលើប្រគល់ឲ្យមន្ត្រីផ្នែករដ្ឋបាលព្រៃឈើ លំផាត់យកទៅចាត់ការបន្ត តាមផ្លូវច្បាប់។

ករណីបង្ក្រាបរថយន្ត ដឹកឈើក្រញ៉ូងទាំង២គ្រឿង និងឃាត់ខ្លួនជនសង្ស័យ៣នាក់ ខាងលើនេះជាសក្ខីភាពបញ្ជាក់ពី ការខិតខំប្រឹងប្រែង ទប់ស្កាត់បទល្មើសព្រៃឈើ ពីសំណាក់សមត្ថកិច្ច ជំនាញនិងស្ថាប័នពាក់ព័ន្ធ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម