Facebook និង Obama ចាប់អារម្មណ៍ ក្មេងប្រុសអាយុ ១៤ឆ្នាំ ដែលត្រូវប៉ូលិសចាប់ខ្លួន សង្ស័យបង្កើតគ្រាប់បែកកំណត់ម៉ោង

 
 

អាមេរិក៖ ព័ត៌មានគួរឲ្យចាប់អារម្មណ៍បំផុត នៅលើប្រព័ន្ធផ្សព្វផ្សាយធំៗ និងនៅលើបណ្តាញសង្គម នាពេលថ្មីៗនេះ និយាយអំពីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ ឈ្មោះ Ahmed Mohamed ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយពេលរូបគេ យកឧបករណ៍នាឡិកាអេឡិចត្រូនិកបង្កើតដោយផ្ទាល់ដៃ ទៅបង្ហាញគ្រូ នៅឯសាលា តែបែរជាគ្រូរបស់គេ យល់ច្រឡំស្មានថាជា គ្រាប់បែកទៅវិញ។

សេចក្តីរាយការណ៍ពីប្រភពព័ត៌មាន ឲ្យដឹងថា ប៉ូលិសអាមេរិក បានទទួលដំណឹង និងចុះទៅកាន់វិទ្យាល័យ MacArthur នៃរដ្ឋតិចសាស់ រួចចាប់វាយខ្នោះក្មេងប្រុស Ahmed Mohamed យកទៅសាកសួរបន្ត ខណ:ដែលក្មេងប្រុសរូបនេះ ជាប់សង្ស័យ ក្នុងការបង្កើតគ្រាប់បែកកំណត់ម៉ោង។ យ៉ាងណាមិញ ក្រោយការឃាត់ខ្លួន និងសាកសួររួចមក ជាលទ្ធផលបានឲ្យដឹងថា ឧបករណ៍អេឡិចត្រូនិកនោះ តាមពិតគ្រាន់តែជានាឡិកាតែប៉ុណ្ណោះ មិនមែនជាគ្រាប់បែកអ្វីនោះទេ។

ព័ត៌មាននេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់សូម្បីតែប្រធានាធិបតី អាមេរិក លោកបារ៉ាក់ អូបាម៉ា និងនាយកប្រតិបត្តិហ្វេសប៊ុក លោក ម៉ាក ហ្សាកហ្គើបឺក ក៏បង្ហាញចំណាប់អារម្មណ៍ពេញចិត្តយ៉ាងក្រាស់ក្រែល ណាស់ដែរ។ លោក អូបាម៉ា បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ផ្លូវការរបស់លោកថា៖ «នាឡិកាឡូយមែន Ahmed។ ចង់យកមកកាន់សេតវិមានទេ? ពួកយើងគួរតែជំរុញដល់ក្មេងៗដូចជារូបគេបន្ថែមទៀត ដែលចូលចិត្តវិទ្យាសាស្ត្រ។ វាជាអ្វីដែលធ្វើឲ្យអាមេរិកខ្លាំង»។ ចំណែកលោក ម៉ាក ហ្សាកហ្គើបឺក បានបង្ហោះសារនៅលើបណ្តាញសង្គម Facebook ថា៖ «អ្នករាល់គ្នាប្រហែលជាបានដឹងពីរឿងរបស់Ahmedហើយ។ ជាសិស្សអាយុ ១៤ឆ្នាំ នៅរដ្ឋតិចសាស់ ដែលបានបង្កើតនាឡិកាមួយគ្រឿង ហើយត្រូវបានចាប់ខ្លួន ពេលរូបគេយកវាទៅសាលា។» លោកបន្តទៀតថា៖ «ការមានទេពកោសល្យ និងមហិច្ចតា ក្នុងការបង្កើតអ្វីដែលអស្ចារ្យ គួរទទួលបានការសាទរ មិនមែនចាប់ខ្លួនអញ្ចឹងទេ។ អនាគតទៅមុខត្រូវពឹងផ្អែកលើប្រភេទមនុស្សដូចជា Ahmed បែបនេះឯង»។ ជាចុងក្រោយ លោក ហ្សាកហ្គើបឺក បន្ថែមថា៖ «Ahmed បើសិនជាប្អូនចង់មកទស្សនានៅ Facebook ខ្ញុំចង់ជួបជាមួយប្អូន។ រក្សាការប្រឹងប្រែងបន្តទៀត»៕

គួរបញ្ជាក់ថា Ahmed មិនត្រូវបានចោទប្រកាន់អ្វីនោះទេ និងមិនមានទោសកំហុសនោះដែរ៕


រូបថត Ahmed ពេលត្រូវចាប់ខ្លួន


នាឡិកាដែលគេយល់ច្រឡំថាជាគ្រាប់បែក


សាររបស់ថ្នាក់ដឹកនាំ លើបណ្តាញសង្គម

ចុះប្រិយមិត្ត មានមតិយោបល់អ្វីដែរទេ ចំពោះប្អូនប្រុស Ahmed?

ប្រភព៖ Metro

ដោយ សី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម