អាជ្ញាធរអប្សរា ដាក់ចេញវិធានការ ពង្រឹងក្រមសីលធម៌ អ្នកចូលទស្សនាប្រាសាទ

 
 

ភ្នំពេញ៖ យ៉ាងយូរបំផុតនៅដំណាចឆ្នាំ២០១៥នេះ អាជ្ញាធរអប្សរា នឹងចាប់ផ្តើមផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តឲ្យ  បានខ្លាំងក្លាទៅលើ «ក្រមប្រតិបត្តិអង្គរ» ក្នុងការអប់រំក្រមសីលធម៌ដល់អ្នកទេសចរជាតិ និងអន្តរជាតិ ឲ្យចេះគោរព  តម្លៃប្រាសាទរបស់ខ្មែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរអប្សរា។

ក្រមសីលធម៌ ដែលនឹងត្រូវឲ្យភ្ញៀវអនុវត្តនៅពេលចូលទស្សនាប្រាសាទនោះ មានដូចជា៖ ការស្លៀកពាក់ស៊ិចស៊ី ការ ប៉ះចម្លាក់ឬធ្វើឲ្យខូចខាតថ្មប្រាសាទ ការរំខានដល់ភាពស្ងប់ស្ងាត់នៃទីសក្ការបូជា ការចូលទីតាំងដែលហាមឃាត់ឬ ប្រឈមនឹងគ្រោះថ្នាក់ ការពិសាបារីនិងចោលសំរាមពាសវាលពាសកាល ការឲ្យថវិកាឬស្ករគ្រាប់ដល់ក្មេងៗ និង ការប៉ះពាល់ព្រះសង្ឃ។

លោកស្រី ចៅ ស៊ុនកិរិយា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥នេះថា  អាជ្ញាធរអប្សរា បាននិងកំពុងធ្វើការប្រជុំជាមួយទីភ្នាក់ងារទេសចរណ៍ ក៏ដូចជាអ្នកនាំភ្ញៀវផងដែរ ឲ្យធ្វើការអប់រំទៅ ដល់ភ្ញៀវទេស ចរណ៍ ឲ្យគោរពទៅតាម «ក្រុមប្រតិបត្តិអង្គរ» ដែលបង្កើតឡើងដោយអាជ្ញាធរអប្សរា។

លោកស្រី បានបញ្ជាក់ថា ក្រុមប្រិតបត្តិអង្គរ នឹងត្រូវធ្វើការផ្សព្វផ្សាយ ហើយដាក់ឲ្យអនុវត្តយ៉ាងទូលំទូលានៅ ដំណាច់ឆ្នាំ២០១៥នេះ ដើម្បីធ្វើការអប់រំដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យល់ពីគុណតម្លៃរបស់ប្រាសាទ  ដែលជាទីសក្ការៈគោរពបូជារបស់ខ្មែរ។ បើតាមលោកស្រីអ្នកនាំពាក្យ ការដាក់ចេញវិធានការឲ្យអនុវត្តបានតឹងរឹង  លើក្រមប្រតិបត្តិអង្គរនេះ ទទួលបានការគាំទ្រខ្លាំងពីអ្នកពាក់ព័ន្ធ។

ការដាក់ចេញវិធានការតឹងរឹងឲ្យអនុវត្តន៍ទៅលើ «ក្រមប្រតិបត្តិអង្គរ» ធ្វើឡើងបន្ទាប់ពីមានការរិះគន់នានាថា អាជ្ញា ធរអប្សរាមិនបាន យកចិត្តទុកដាក់ទៅលើការថែទាំងប្រាសាទអង្គរ ព្រមទាំងប្រាសាទផ្សេងៗទៀត ក្នុងខេត្តសៀម  រាប ដោយបណ្តែតបណ្តោយឲ្យភ្ញៀវទេសចរធ្វើសកម្មភាពមិនគួរគប្បីមួយចំនួន ពេលចូលទៅលេង និង ទស្សនា ប្រាសាទ។

អាជ្ញាធរអប្សរា បានបញ្ជាក់ថា ខ្លួនបានបង្កើត «ក្រមប្រតិបត្តិអង្គរ» តាំងពីឆ្នាំ២០១២ តាមរយៈការប្រមូលពត៌មាន  កិច្ចសហការ ការស្រាវជ្រាវឯកសារអន្តរជាតិ ការអង្កេត និងការពិគ្រោះយោបល់ រវាងអាជ្ញាធរជាតិអប្សរា ក្រសួង ទេសចរណ៍ និងអង្គការយូណេស្កូ ក៏ដូចជាតំណាងមកពីឧស្សាហកម្មទេសចរណ៍ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ  សហគមន៍មូលដ្ឋាន និងព្រះសង្ឃផងដែរ។

អាជ្ញាធរអប្សរា បានពន្យល់ថា «ក្រមប្រតិបត្តិអង្គរ» គឺជាសេចក្តីណែនាំដល់ភ្ញៀវទេសចរ ដែលមកទស្សនារមណី  យដ្ឋានអង្គរឲ្យ យល់ពីគុណតម្លៃនៃតំបន់អង្គរ គោរពនិងប្រកាន់នូវអាកប្បកិរិយាសមរម្យ ក្នុងអំឡុងពេលទស្សនា ប្រាសាទ ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើអង្គរ (ប្រាសាទ វប្បធម៌ និងបរិស្ថាន) និងទទួល បាននូវបទពិសោធន៍ទស្សនាដ៏ល្អប្រសើរ។

«ក្រមប្រតិបត្តិអង្គរ» មិនមែនជាច្បាប់ដែលមានលក្ខណៈបង្ខិតបង្ខំនោះទេ។ ផ្ទុយទៅវិញ «ក្រមប្រតិបត្តិអង្គរ» មាន លក្ខណៈជាការអប់រំដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយជំរុញលើកទឹកចិត្តឲ្យភ្ញៀវទេសចរយល់ និងជៀស វាងនូវរាល់ទង្វើមិនគួរគប្បីដែលមិនគោរពទៅដល់ទីសក្ការបូជា និងវប្បធម៌ខ្មែរដូចជា៖ ការស្លៀកពាក់ស៊ិចស៊ី ការ ប៉ះចម្លាក់ឬធ្វើឲ្យខូចខាតថ្មប្រាសាទ ការរំខានដល់ភាពស្ងប់ស្ងាត់នៃទីសក្ការបូជា ការចូលទីតាំងដែលហាមឃាត់ឬ ប្រឈមនឹងគ្រោះថ្នាក់ ការពិសាបារីនិងចោលសំរាមពាសវាលពាសកាល ការឲ្យថវិកាឬស្ករគ្រាប់ដល់ក្មេងៗ និង ការប៉ះពាល់ព្រះសង្ឃ។

អាជ្ញាធរអប្សរា ក៏បានរំលឹកផងដែរថា នៅក្នុងសម័យប្រជុំបច្ចេកទេស ICC Angkor លើកទី២៤ នាខែមិថុនាឆ្នាំ ២០១៥ កន្លង ទៅនេះ អ្នកជំនាញអាដហុក បានគាំទ្រនិងធ្វើការកើតសសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបាន សិក្សានិងរៀបចំឲ្យមាន «ក្រមប្រតិបត្តិអង្គរ» ដោយជំរុញឲ្យអាជ្ញាជាតិអប្សរា អនុវត្តក្រមប្រតិបត្តិនេះឲ្យបានឆាប់រ ហ័ស។

លើសពីនេះ «ក្រមប្រតិបត្តិអង្គរ» ក៏ទទួលបាននូវការសាទរយ៉ាងខ្លាំងផងដែរពីសំណាក់វិស័យឯកជន ទីភ្នាក់ងារ ទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ផ្នែកពាក់ព័ន្ធដែលកំពុងបំពេញការងារនៅក្នុងតំបន់អង្គរ ព្រះសង្ឃ  សារធារណជនទូទៅ អាជ្ញាធរមូលដ្ឋានក្នុងតំបន់អង្គរ និងស្រទាប់យុវជន។

អាជ្ញាធរជាតិអប្សរានឹងធ្វើការផ្សព្វផ្សាយនិងអនុវត្ត «ក្រមប្រតិបត្តិអង្គរ» នាពេលឆាប់ខាងមុខ ដោយសហការជា  មួយគ្រប់ផ្នែកពាក់ព័ន្ធរួមទាំងផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ។ អាជ្ញាធរជាតិអប្សរាសង្ឃឹម និងជឿជាក់យ៉ាងមុតមាំ ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ នឹងចូលរួមគោរពនិងអនុវត្តតាម «ក្រមប្រតិបត្តិ អង្គរ» យ៉ាងខ្ជាប់ខ្ជួន ដើម្បីរួមចំណែកថែរក្សា តំបន់អង្គរដែលដួងព្រលឹងរបស់ជាតិខ្មែរនិងជាសម្បត្តិរបស់មនុស្ស ជាតិ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម