ក្រុមហ៊ុន Google អញ្ជើញពលរដ្ឋខ្មែរ ចូលរួមយុទ្ធនាការ “ស្រឡាញ់ភាសាជាតិយើង” លើបណ្ដាញអ៊ីនធើណេត

 
 

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០១៥ ក្រុមហ៊ុន Google បានប្រកាសឱ្យដឹងថា​ ខ្លួននឹងរៀបចំយុទ្ធនាការ translate-a-thon "​កម្ពុជាស្រឡាញ់ ភាសាជាតិយើង​" លើក​ដំបូងរបស់ខ្លួន នៅកម្ពុជា រយៈពេលបីថ្ងៃ នាចុងសប្ដាហ៍នេះ (ថ្ងៃទី២-៣ ខែតុលា) ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីកាត់បន្ថយ ឧបសគ្គនៃភាសា សម្រាប់អ្នកប្រើភាសាខ្មែរ នៅលើវេបសាយ នៅផ្ទះ​និង នៅជុំវិញពិភពលោក តាមរយៈការបកប្រែពីប្រភពចម្រុះ។
ក្រុមហ៊ុន Google សូមអញ្ជើញអ្នកបកប្រែខ្មែរ ​ក្រុមអ្នកជំនាញខាងភាសា​ និង​អ្នកស្រឡាញ់ ភាសាជាតិ ឲ្យចូលរួម ​ជួយកែលម្អ គុណភាពនៃការបកប្រែ ភាសាខ្មែរ​ លើអ៊ីនធើណេត ឱ្យកាន់តែល្អប្រសើរឡើង។ លោកស្រី Amy Kunrojpanya ​ ប្រធានទំនាក់ទំនង និងកិច្ចការសាធារណៈ​​សម្រាប់ទីផ្សារថ្មីៗ ​របស់ក្រុមហ៊ុន Google ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក បានពន្យល់ថា "យើងជឿជាក់ថាកម្មវិធី Google ផ្សេងៗ ដែលមានស្រាប់ក្នុងដៃអ្នកប្រើប្រាស់ អាចជួយបង្កើត វេបសាយ មួយដែលដំណើរការបាន សម្រាប់ប្រទេសកម្ពុជា ប្រជាជនខ្មែរ និងភាសាខ្មែរផងដែរ។ យើងនាំយកយុទ្ធនាការ​ “ស្រឡាញ់ភាសាជាតិ” ដើម្បីបង្ហាញ​នូវបច្ចេកវិទ្យា ដែលជំរុញថាមភាព Google Translate ទៅកាន់សហគមន៍ ឱ្យចាប់អារម្មណ៍អំពី ភាសាជាតិ នៅក្នុង​ប្រទេស​កម្ពុជា។​ ប្រសិន​បើ​យើង​ រួម​សហការ​គ្នា​ យើងអាចធ្វើ​ឱ្យ​ការ​បក​ប្រែ ​ភាសាខ្មែរ​កាន់តែ​ងាយ​យល់​ និងមាន​គុណភាព កាន់​តែ​ល្អ​ ហើយ​យើង​ក៏​អាច​ ជួយអភិរក្ស និងផ្សព្វផ្សាយ វប្បធម៌និង ភាសាខ្មែរ លើបណ្ដាញអ៊ីនធើណិតផងដែរ។”

Google Translate Community ជាកម្មវិធីបកប្រែប្រភពចម្រុះ ឥតគិតថ្លៃ ដែលអាច​ដំណើរការបាន ដោយប្រើ​វិធី​ងាយៗ និងឆាប់​រហ័ស ពោលគឺគ្រាន់​តែ​ចុច ឬ​អូស​ទៅ​ឆ្វេង​ឬ​ស្ដាំ​លើ ទូរស័ព្ទដៃ​ ថេប្លេត ឬកុំព្យូទ័រយួរដៃ​។ ការ​ចូលរួម​សហការ​ របស់​អ្នក​តែប៉ុន្មាននាទីប៉ុណ្ណោះ អាចជួយប្រជាជនខ្មែរ រាប់លាននាក់ នៅ​ជុំវិញពិភពលោក ឱ្យទទួលបាន ការបកប្រែដែល​មាន ​គុណភាព​ល្អ​ប្រសើរ។ ក្រុមហ៊ុន Google ក៏បានណែនាំនូវកម្មវិធីបញ្ចូលសំណេរដោយដៃ (ក្ដារ​សរសេរ​ដៃឬ Google Handwriting Input) សម្រាប់ភាសាខ្មែរផងដែរ ដែលផ្ដល់ជាមធ្យោបាយ យ៉ាងសាមញ្ញឱ្យអ្នកប្រើប្រាស់ អ៊ីនធើណេត បញ្ចូលអត្ថបទ​នៅលើ​ទូរស័ព្ទទំនើប ឬថេប្លេតរបស់ខ្លួន តាមរយៈការសរសេរអក្សរខ្មែរ ដោយប្រើម្រាមដៃ​ ឬប៊ិក stylus ក៏បាន។ អ្នក​ប្រើប្រាស់​មួយ​ចំនួន ​ជួបប្រទះ​ការលំបាក ពេល​ប្រើ​ក្ដារចុច នៃ​ភាសា​ដែល​មាន ​អក្សរ​ស្មុគ ស្មាញច្រើន ឬមនុស្ស​ចាស់ដែល​គិតថា​​ ពិបាកវាយ អក្សរ​ខ្មែរ​ ឥឡូវ​នេះ​ក្ដារសរសេរ​ដៃ​របស់​ Google អាច​ជួយ​ឱ្យ​ពួកគេ​ចូលទៅកាន់​​ មាតិកាវេបសាយភាសាខ្មែរ និងពិភពលោកទាំងមូលបាន។

ក្រុមហ៊ុន Google នឹងរៀបចំ​​កម្មវិធី translate-a-thons “ស្រឡាញ់ភាសាជាតិយើង”​ ជាស៊េរី ចំនួន​បីថ្ងៃ​ជាប់​គ្នា​ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា ដោយសហការជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងក្រុមអ្នកអភិវឌ្ឍកម្មវិធី Google រាជធានីភ្នំពេញ ផងដែរ។ ប្រសិនបើអ្នកមិនអាច ចូលរួម​ព្រឹត្តិការណ៍ នេះបាន​  អ្នកក៏អាចជួយរួមចំណែក លើបណ្តាញដោយ​ចូល​ទៅ​កាន់ g.co/translate/community បានផងដែរ។

លោកស្រី​ Kunrojpanya ក៏បានមានប្រសាសន៍បន្ថែមទៀតថា "ប្រសិនបើអ្នកបាន បើកអ៊ីនធើណិត មិនថាឧបករណ៍អ្វីក៏ដោយ ក៏អ្នកនៅតែអាច ជួយកែលម្អ ភាសាខ្មែរ លើអ៊ីនធើណេតបានដែរ។ ដូច្នេះហេតុអ្វី ក៏អ្នកមិនឆ្លៀតពេលបន្តិច ដើម្បីផ្ដល់ជា​ គំនិត​យោបល់ ​របស់ខ្លួនក្នុងការជួយ ដល់មនុស្សរាប់ លាននាក់ទៀត?"​

អំពី Google Inc៖
បច្ចេកវិទ្យាស្រាវជ្រាវថ្មី​ ដ៏ទំនើបរបស់ Google បានភ្ជាប់ព័ត៌មាន ទៅកាន់មនុស្សរាប់លាននាក់ ជុំវិញពិភព លោក ជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុន Google ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយស្ថាបនិក​ពីររូប គឺ លោក Larry Page និង Sergey Brin ជានិស្សិតថ្នាក់ បណ្ឌិតនៅ​ Stanford ហើយបច្ចុប្បន្ន Google ជាបណ្ដាញវេបសាយ លំដាប់កំពូលមួយក្នុងទីផ្សារ អន្តរជាតិសំខាន់ៗទាំងអស់។ កម្មវិធីផ្សាយពាណិជ្ជកម្ម តាមគោលដៅរបស់ Google បានផ្ដល់នូវលទ្ធផល គួរកត់សម្គាល់សម្រាប់ ជំនួញអាជីវកម្មទាំងតូចធំ​ ស្របជាមួយការលើកកម្ពស់ បទពិសោធន៍ បណ្ដាញវេបសាយ ទាំងស្រុង ដល់អ្នកប្រើប្រាស់ផងដែរ។ ក្រុមហ៊ុន Google មានទីស្នាក់ការ ការិយាល័យ កណ្ដាលនៅ Silicon Valley ដោយមានការិយាល័យ ជាច្រើនទៀត នៅទូទាំងសហរដ្ឋអាមេរិក​ ទ្វីបអឺរ៉ុប និងអាសីុ។​ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់​ www.google.com




ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម