ព័ត៌មានសង្ខេប អំពីការវិវឌ្ឍន៍ នៃនយោបាយ នៅកម្ពុជា នាពេលថ្មីៗ កន្លងទៅនេះ
រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ មួយចំនួន ពីប្រភពសារព័ត៌មាននានា អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖
“ឆ្នាំ២០១៦គ្រូបង្រៀននឹងទទួលបានប្រាក់បៀវត្សរ៍ពី៨០ម៉ឺនរៀលឡើងទៅ"
ប្រមុខរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ខែគ្រូបង្រៀន និងមន្ត្រីរាជការចាប់ពីខែមករា ឆ្នាំ២០១៦។ គ្រូបង្រៀនខ្លះ បង្ហាញជំហរស្ទាក់ស្ទើរ មិនទាន់ទុកចិត្ត និងខ្លះទៀត នៅមិនទាន់ពេញចិត្ត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមដំឡើងប្រាក់ខែដល់គ្រូបង្រៀនកម្រិតទាបបំផុត ឲ្យដល់ ៨០ម៉ឺនរៀលនៅដើមខែមេសា ឆ្នាំ២០១៦។ លោក ហ៊ុន សែន ប្រកាសក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារទី២ នៅព្រឹកថ្ងៃទី២២ តុលា ថា ការដំឡើងប្រាក់ខែនេះ នឹងធ្វើឡើងជាពីរដំណាក់កាល៖ «ខ្ញុំព្រះករុណាខ្ញុំក៏ចង់បញ្ជាក់ជូនលោកគ្រូអ្នកគ្រូ និងមន្ត្រីរាជការបន្តិចដែរ ការឡើងបៀវត្សសម្រាប់ឆ្នាំក្រោយ គឺឡើងពីរដំណាក់កាល។ ដំណាក់កាលទី១ នៅខែមករា គឺឡើងមួយដំណាក់កាល។ អាចថាឡើង ៥០% ក្នុងចំនួនដែលត្រូវឡើងនេះ។ ដល់នៅក្នុង ៥០% ទៀត នឹងត្រូវឡើងនៅមុនចូលឆ្នាំខ្មែរ។ ឧទាហរណ៍ គ្រូបង្រៀនបច្ចុប្បន្ន គឺ ៦៤ម៉ឺន បូកជាមួយនឹង ៨ម៉ឺន ឬ ១២ម៉ឺនទៅតាមតំបន់។ ប៉ុន្តែដល់ឆ្នាំ២០១៦ នឹងឡើងទៅដល់ ៨០ម៉ឺន។ ៨០ម៉ឺន ៥០០ ដែលស្មើនឹងប្រហាក់ប្រហែល ២០០ដុល្លារសហរដ្ឋអាមេរិក ដែលគ្រូទាបបំផុត ទាំងគ្រូមត្តេយ្យ និងគ្រូបឋម។ ប៉ុន្តែខែមករា ឡើងត្រឹម ៧០ម៉ឺន»។ ប្រភព៖ RFA
លោក ហ៊ុន សែន ទាមទារឲ្យរកឫសគល់ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស២៣តុលា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារឲ្យអ្នកនយោបាយដែលមានទស្សនៈខុសពីលោក បកស្រាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឲ្យគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែអ្នកតាមដានព្រឹត្តិការណ៍នយោបាយលើកឡើងថា អ្នកនយោបាយសព្វថ្ងៃកំពុងកេងចំណេញពីកិច្ចព្រមព្រៀងសន្តិភាពនេះ។ លោកថា មនុស្សមួយចំនួនចូលចិត្តបំភ្លេចពីឫសគល់ ដោយគេច្បិចតែចំណុចតូចមួយយកមកនិយាយ៖ «២៣ តុលា មានដើមចមរបស់វា ដូច្នេះត្រូវរកឫសគល់ បើសិនជាគេជាមនុស្សពិតប្រាកដ កុំលាក់លៀម។តើហេតុអ្វីត្រូវមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយ ហ៊ុន សែន ចាំបាច់ទៅចរចាជាមួយសម្ដេច សីហនុ ដើម្បីបើកផ្លូវឲ្យដំណើរការនៃកិច្ចព្រមព្រៀងនេះ?»។ លោក ហ៊ុន សែន ថ្លែងដូចនេះក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារទី២ និងរង្វង់មូលត្រើយខាងលិច ត្រើយខាងកើត នៅថ្ងៃទី២២ ខែតុលា។ ប្រភព៖ RFA
លោក ហ៊ុន សែន ថាលោកអូបាម៉ាកំពុងហូរទឹកភ្នែក ដោយសារភាពអនាធិបតេយ្យ នៃការប្រើប្រាស់អាវុធ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងចំអកឱ្យប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ថាកំពុងតែហូរទឹកភ្នែក ព្រោះតែលោកមិនអាចគ្រប់គ្រងអាវុធដែលនាំឱ្យមានការបាញ់បោះនៅតាមទីសាធារណៈ សម្លាប់ពលរដ្ឋអាមេរិកជាហូរហែកន្លងមកនោះ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា៖ "សហរដ្ឋអាមេរិកឥឡូវដល់ថ្នាក់ប្រធានាធិបតីរបស់ខ្លួនស្រក់ទឹកភ្នែកហើយ ព្រោះផ្ទះណាក៏មានកាំភ្លើង អ្នកណាក៏មានសិទ្ធិទិញកាំភ្លើង ទីបំផុតកាំភ្លើងហ្នឹងបាញ់តែតាមសាលារៀន បាញ់ទីកន្លែងសារធារណៈ"។ លោកបន្តថាប្រធានាធិបតីខំប្រឹងធ្វើច្បាប់ដើម្បីគ្រប់គ្រងអាវុធ កុំឱ្យមានលក់អាវុធទៅទៀត តែសភាមិនព្រមអនុម័តហើយសម្រាប់កម្ពុជាគឺមិនដូច្នេះទេ។ ប្រភព៖ VOD
លោក ហ៊ុន សែន រម្លឹកពីគុណសម្បត្តិលោកស្រី ពុង ឈីវកេក
ក្នុងឱកាសរម្លឹកខួបលើកទី២៤ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន នៅតែរម្លឹកពីគុណសម្បត្តិរបស់លោកស្រី ពុង ឈីវកេក ដែលបច្ចុប្បន្នជាប្រធានអង្គការលីការដូ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំអោយមានជំនួបរវាងសម្តេច នរោត្តម សីហនុ និងរូបលោកនៅប្រទេសបារាំង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរៀបរាប់ពីលទ្ធផលយូរឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងជាលទ្ធផលនៃការចរចាជាច្រើនលើកច្រើនសារ ដែលកើតចេញពីជំនួបដំបូងរវាងសម្តេច នរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចុងឆ្នាំ១៩៨៧ ។ លោក ហ៊ុន សែន ក៏មិនអាចបំភ្លេចបានទេ នូវគុណសម្បត្តិរបស់លោកស្រី ពុង ឈីវកេក ។ លោករម្លឹកថា លោកស្រី ពុង ឈីវកេក គឺជាអ្នកប្រឹងប្រែងជាងគេក្នុងការរៀបចំទំនាក់ទំនងជំនួបរវាងលោក ជាមួយសម្ដេចឪ នរោត្ត សីហនុ ជាច្រើនពេលចចារនីទីក្រុងប៉ារីស។ តាមរយៈសារលិខិតប្រមាណជា៦ទំព័រនោះប្រមុខរដ្ឋាភិបាលបានរម្លឹកយ៉ាងដូច្នេះថា៖«ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះលោកស្រី ពុង ឈីវកេក ដែលបានធ្វើការងារពាក់ព័ន្ធនឹងសន្តិភាពនៅកម្ពុជា»។ ប្រភព៖ ថ្មីៗ
គណបក្សធំពីរដែលពលរដ្ឋបោះឆ្នោតឱ្យ យល់ផ្សេងគ្នាពីសារៈសំខាន់នៃកិច្ចព្រមព្រៀង២៣តុលា
គណបក្សបក្សប្រឆាំងអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ជាកិច្ចព្រមព្រៀងមួយ បញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិល ជំរុញឱ្យមានការអភិវឌ្ឍឡើងវិញនៅកម្ពុជា ខណៈបក្សកាន់អំណាចអះអាងថា អ្វីៗទាំងអស់ដែលកម្ពុជាមានពេលនេះ ជាដើមចមចេញពីជ័យជម្នះថ្ងៃ៧មករា។ លោក កឹម សុខា អះអាងថា កិច្ចព្រមព្រៀងនេះ បានផ្តល់កំណើតថ្មីដល់កម្ពុជាដូចជា បញ្ចប់សង្គ្រាម បញ្ចប់ការឈ្លានពានពីបរទេស កសាងគ្រឹះនៃលទ្ធិប្រជាធិតេយ្យ។ មេដឹកនាំបក្សប្រឆាំងរូបនោះ ជំរុញឱ្យអ្នកដឹកនាំប្រទេស ត្រូវពិនិត្យឡើងវិញ និងបន្តអនុវត្តន៍នូវស្មារតីនៃ កិច្ចព្រមព្រៀងសន្តិភាពនេះ ដែលលោកបញ្ជាក់ថា ជាដើមចមធ្វើឱ្យកម្ពុជា បានទទួលជំនួយហិរញ្ញវត្ថុ ធនធានបច្ចេកទេស ពីបណ្តាប្រទេសជាមិត្ត ដើម្បីស្តា និងកសាងប្រទេសឡើងវិញ បន្ទាប់ពីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាង៣០ឆ្នាំមកនេះ អះអាងកាលពីថ្ងៃទី២២ ខែតុលាម្សិលមិញ ក្នុងពិធីប្រកាសឱ្យប្រើប្រាស់ស្ពានជ្រោយចង្វារទី២ថា ថ្ងៃជ័យជម្លេះ៧ មករា ឆ្នាំ១៩៧៩ទៅវិញទេ ជាអ្នកផ្តល់កំណើតដល់ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ដែលលោកថា ធ្វើឱ្យកម្ពុជាមានថ្ងៃនេះ។ ប្រភព៖ VOD
លោក ម៉ម សូណង់ដូ ថាបណ្តឹងរបស់លោក ហ៊ាង រិទ្ធី នាំឲ្យលោកស្គាល់សមាជិកមិនស្មោះត្រង់
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បាននិយាយបែបចំអកថា ការប្តឹងឲ្យបិទដំណើរការគណបក្សរបស់អនុប្រធានខ្លួន គឺ លោក ហ៊ាង រិទ្ធី គឺជារឿងល្អ។ លោកថា ការប្តឹងនេះ អាចជួយឲ្យលោករៀបចំមន្ត្រីបក្សឡើងវិញ ជាពិសេសរកឃើញមន្ត្រីដែលមិនមានការស្មោះត្រង់។ ជាការឆ្លើយតប លោក ហ៊ាង រិទ្ធី រិះគន់លោក ម៉ម សូណង់ដូ វិញថា កំពុងរៀបឬកធ្វើខ្លួនឲ្យបានត្រឹមត្រូវ បោកប្រជាពលរដ្ឋប៉ុណ្ណោះ។ក្រោយពីទទួលរងការប្ដឹងផ្ដល់ពីលោក ហ៊ាង រិទ្ធី នោះ លោក ម៉ម សូណង់ដូ បានចំអកថា ការប្ដឹងរបស់លោក ហ៊ាង រិទ្ធី នេះ គឺជារឿងល្អមួយសម្រាប់គណបក្សលោក ក្នុងការផ្លាស់ប្ដូរមន្ត្រីណាដែលមិនអាចធ្វើការចុះសម្រុងគ្នាជាមួយនឹងសមាជិកគណបក្ស ដើម្បីងាយស្រួលរៀបចំបក្សឲ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ «ការប្ដឹងរបស់លោក ហ៊ាង រិទ្ធី គឺជាការល្អមួយ សម្រាប់ខ្ញុំក្នុងការផ្លាស់ប្ដូរមន្ត្រីដែលមិនពេញចិត្តធ្វើការជាមួយខ្ញុំ យើងត្រូវផ្លាស់ប្តូរឲ្យទាន់ពេលវេលា ដើម្បីពង្រឹងគណបក្សតាមបែបប្រជាធិបតេយ្យឡើងវិញ»។ នេះជាការបញ្ជាក់របស់លោក ម៉ម សូណង់ដូ ដែលបានបន្ថែមថា លោកកំពុងរៀបចំក្រុមការងារធ្វើសមាជបក្សក្នុងការដកមន្ត្រីបក្សដែលធ្វើការមិនចុះសម្រុងគ្នា ។ ប្រភព៖ ថ្មីៗ
លោក ខឹម វាសនា ចាត់ទុកអ្នកចង់សម្លាប់រូបលោក ថាជាជនដែលត្រូវជួយសង្គ្រោះ
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណ បានទូរសព្ទទៅគំរាមសម្លាប់ កាលពីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំពី២០១៥ ។ ប្រមុខបក្សរូបនេះ មិនបានចាត់ទុកការគំរាមនេះ ថាជាទម្រង់នៃការប៉ុនប៉ងធ្វើឃាតពិតប្រាកដនោះទេ តែគ្រាន់ជាកំហឹងរបស់ជនដែលមិនពេញចិត្តនឹងចលនានយោបាយរបស់លោកតែប៉ុណ្ណោះ។ អនាមិកជនម្នាក់ មានបំណងទូរសព្ទទៅលោក ខឹម វាសនា ដើម្បីគំរាមសម្លាប់ តែដោយមិនស្គាល់លេខទូរសព្ទរបស់ប្រធានបក្សរូបនេះ រូបគេក៏ហៅទៅលេខទូរសព្ទទីស្នាក់ការបក្សតែម្តង។ ក្នុងការឆ្លងឆ្លើយជាមួយលោក កូវ គា អគ្គលេខាធិការរងគណបក្ស ដែលជាអ្នកលើកទូរសព្ទ បុរសនោះបានសួរថា៖ «អ្នកណានិយាយហ្នឹង គឺ លោក ខឹម វាសនា ឬមិនមែនទេ?»។ ពេលដឹងថាអ្នកដែលនិយាយមិនមែនជាលោក ខឹម វាសនា ជនមិនស្គាល់មុខនោះក៏ចាប់ផ្តើមនិយាយឌឺដងផង និងជេរប្រមាថផង ទៅកាន់លោក ខឹម វាសនា។ បុរសនោះបានគំរាមដូច្នេះថា៖ «ខឹម វាសនា ជេរបានល្អណាស់ ចង់ទៅបាញ់ ខឹម វាសនា ចោល។ ខឹម វាសនា ជេរល្អ ពូកែជេរ ចង់ទៅអារក ខឹម វាសនា ទម្លាក់ទឹកចោល»។ ប្រភព៖ ថ្មីៗ
រៀបចំដោយ ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!