ចុះឆែកឆេរ ​ទីតាំង​លាក់​ខ្លួន​របស់ ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ នៅ​សង្កាត់​ស្ទឹង​មានជ័យ

 
 

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ច ចម្រុះជាច្រើនខណ្ឌនៅក្នុងរាជធានីភ្នំពេញ នៅវេលាម៉ោង ៩ និង ០០នាទីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានបើកប្រតិបត្តិការចុះឆែកឆេរ ទីតាំងលាក់ខ្លួនរបស់ក្រុមចោរប្លន់ប្រដាប់អាវុធមួយកន្លែង ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រតិបត្តិការចុះឆែកឆេរនេះដែរ ធ្វើឡើងក្រោមការដឹកនាំ និងបញ្ជារកម្លាំងផ្ទាល់ពីលោកឧត្តមសេនីត្រីសុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកផែនព្រហ្មទណ្ឌ និងមានសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

បើតាមមន្ត្រីនគរបាល ដែលចូលរួម ក្នុងប្រតិបត្តិការខាងលើ បានអោយដឹងថា មុនឈានដល់ការចុះឆែកឆេរទីតាំងនេះ គឺដំបូងឡើយ នគរបាលខណ្ឌចំការមន បានឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធម្នាក់ កាលពីវេលាយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិសាស្ត្រ សង្កាត់ទំនប់ទឹក ។ ក្រោយការឃាត់ខ្លួនហើយនេាះ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននៅមានបក្ខពួកជាមុខសញ្ញាប្លន់ប្រដាប់អាវុធជាច្រើននាក់ទៀត ដែលលាក់ខ្លួននៅទីតាំងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ក្រោយទទួលបានចម្លើយឆ្លើយសារភាពពីជនសង្ស័យហើយនេាះ ទើបនៅវេលាព្រឹកថ្ងៃកើតហេតុខាងលើសមត្ថកិច្ចចម្រុះជាច្រើនខណ្ឌក្នុងរាជធានី បានបើកប្រតិបត្តិការសហការគ្នាដាក់ពង្រាយកម្លាំងចុះឡោមព័ទ្ធ និងធ្វើការឆែកឆេរតែម្តងទៅ ។

សូមបញ្ជាក់ថា ក្នុងការចុះឆែរកឆេរទីតាំងខាងលើនេះដែរ ក្រុមបក្សពួករបស់ជនសង្ស័យបានរត់គេចខ្លួនអស់ទៅហើយ មុនពេលដែលសមត្ថកិច្ចចុះទៅដល់ ។ ប៉ុន្តែក្នុងនេាះដែរ សមត្ថកិច្ចបានរកឃើញ ម៉ូតូចំនួន២គ្រឿង មួយគ្រឿងម៉ាកវីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខ និងមួយគ្រឿងទៀតម៉ាក គុបស្ទាំង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AV-7016 និងរឺុម៉ក់កង់បីមួយគ្រឿងផងដែរ ។

ក្រោយឆែកឆេររកឃើញហើយនេាះ ម៉ូតូទាំង៣គ្រឿង និងវត្ថុងតាងមួយចំនួន ត្រូវបានសមត្ថកិច្ចធ្វើការដកហូតបញ្ចូនទៅកាន់ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើជាភស្តុតាងដាក់បន្ទុកបន្ថែម ក្នុងការកសាងនីតិវីធីបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់ ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម