ឈាមតរុណី មិនប្រណី ឃាតករឈាមខ្មៅ
ខេត្តបាត់ដំបង ៖ ជាង៣ម៉ោងក្រោយ ការចាប់ខ្លួនជនដៃដល់ ដែលសម្លាប់នាងក្រមុំដ៏ស្រស់សោភាសពរបស់នាងក៏ត្រូវសាច់ញាតិ ប្រទះឃើញអណ្ដែត ក្បែរមាត់ច្រាំងស្ទឹងសង្កែត្រើយខាងកើត ត្រង់ចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី១២ វិច្ឆិកា ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការអាណិតអាសូរពន់ពេកពីសំណាក់ប្រជាពលរដ្ឋ និងយុវសិស្សនានាដែលធ្លាប់ស្គាល់ និងរាប់អានរូបនាង បានទៅចោមរោមមើលពេញមាត់ស្ទឹង ។
ស្នងការរងខេត្ត លោកឧត្តមសេនីយត្រី ជេត វណ្ណនី បានប្រាប់ឲ្យដឹងថា ជនដៃដល់ឈ្មោះ ចាន់ កុសល អាយុ២៣ឆ្នាំ ត្រូវកម្លាំងសមត្ថកិច្ចរាប់សិបនាក់ តាមប្រមាញ់អស់រយៈពេលជាង២០ម៉ោង ទើបចាប់ខ្លួនបាន កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១២ វិច្ឆិកា គ្រាដែលជននេះលួចចូលទៅសម្ងំលាក់ខ្លួនក្នុងផ្ទះ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ (ភូមិ-ឃុំកើតហេតុ) ។ ប៉ុន្តែលោកថា បន្ទាប់ពីឃាត់ខ្លួនជននេះបានប៉ុន្មានម៉ោងប៉ុណ្ណោះ ស្រាប់តែសពនារីរងគ្រោះឈ្មោះ ឆាំ ស្រីរ័ត្ន ហៅតៃម៉ូ អាយុ១៨ឆ្នាំ ក៏ត្រូវអណ្ដែតឡើង នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល ចម្ងាយពីកន្លែងកើតហេតុប្រហែលជាង១គីឡូម៉ែត្រ ក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។
លោកស្នងការរងបញ្ជាក់ថា ជនសង្ស័យបានឆ្លើយសារភាពនូវទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តទៅលើនាង ហើយថែមទាំងសារភាពថា ខ្លួនបានរៀបចំគម្រោងទុច្ចរិតនេះ ក្នុងបំណងចាប់នាងរំលោភសេពសន្ថវៈ ។ ប៉ុន្តែជននេះបានបដិសេធថា ពេលធ្វើសកម្មភាពខ្លួនមិនទាន់បានរំលោភនាងទេ ដោយសារមានការផ្អើលខ្លាំងពេក ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ចាន់ កុសល បានសារភាពថា ខ្លួនមានបំណងចាប់យុវតី តៃម៉ូ រំលោភប៉ុន្មានថ្ងៃមកហើយ តែគ្មានឱកាស ។ ខ្លួនតែងក្រវែលលបមើល និងតាមដានសកម្មភាពនាង នៅកន្លែងបណ្ដុះសណ្ដែកជាប្រចាំ ។ លុះនៅយប់កើតហេតុ ខ្លួនក៏សម្រេចចិត្តចាប់នាងតែម្ដង។ ជននេះបានរៀបរាប់ថា នៅយប់កើតហេតុខ្លួនបានខ្ចីសំណាញ់គេទៅបង់ត្រីក្នុងស្ទឹង ដោយស្រាតខោ និងស្បែកជើងទុកចោល នៅក្បែរមាត់ស្ទឹង ចម្ងាយពីកន្លែងកើតហេតុប្រហែល៦០ម៉ែត្រ រួចដើរតាមមាត់ស្ទឹង ទៅលបមើលនាង តៃម៉ូ លាងសណ្ដែក ។ ជននេះបន្តថា ខ្លួនមានអារម្មណ៍ពុះកញ្ជ្រោលស្រើបស្រាលយ៉ាងខ្លាំង ពេលឃើញនាងស្លៀករ៉ូបខ្លី បញ្ចេញសាច់សខ្ចី អង្គុយលាងសណ្ដែកម្នាក់ឯង ។ គ្រានោះខ្លួនក៏បានកាន់សំណាញ់ លបចូលទៅសម្ងំក្នុងបន្ទប់ធ្លុះធ្លាយ នៅក្នុងរោងបណ្ដុះសណ្ដែករបស់នាង រហូតដល់ម៉ោងប្រហែល៩នាយប់នោះ ខ្លួនក៏សម្រេចចាប់អូសដៃនាងតែម្តង ពេលនាងងើបដើរទៅបិទភ្លើង បម្រុងចាកចេញពីរោង ។
ជនសង្ស័យបញ្ជាក់ថា គ្រានោះខ្លួនមានបំណងចាប់រំលោភនាង តែនាងបានស្រែក ហើយថែមទាំងកាន់កូនកន្ត្រៃចាក់ត្រូវពោះខ្លួនមួយកន្ត្រៃទៀត ទើបខ្លួនខឹងក៏វាយនាងរហូតសន្លប់ និងអូសចុះទៅក្នុងស្ទឹង ។ ប៉ុន្តែខ្លួនមិនទាន់បានរំលោភនាងទេ គ្រាន់តែអូសនាងហែលឆ្លងស្ទឹង តែដោយឃើញមនុស្សផ្អើលឆោឡោខ្លាំងពេក ខ្លួនក៏លែងដៃនាងចោលកណ្ដាលស្ទឹងទាំងនាងនៅសន្លប់នៅឡើយ ហើយខ្លួនបានព្យាយាមរត់គេច រហូតដល់ព្រឹកថ្ងៃទី១២ វិច្ឆិកា ក៏ត្រូវសមត្ថកិច្ចចាប់បានល្មម ពេលខ្លួនលបចូលទៅសម្ងំនៅក្នុងផ្ទះវិញ ។
ដោយឡែក ចំពោះសពនារីរងគ្រោះវិញ សមត្ថកិច្ចបានបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ ។ លោក ជេត វណ្ណនី ស្នងការរងខេត្តបានមានប្រសាសន៍ថា ការធ្វើកោសល្យវិច័យ មានការចូលរួមពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត គ្រូពេទ្យជំនាញ និងមន្ត្រីនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋានខេត្ត រួមទាំងមន្ត្រីមូលដ្ឋានផង ។ លោកថា បើតាមមន្ត្រីជំនាញ និងគ្រូពេទ្យបានអះអាងថា នៅខ្លួនសាកសពមានស្នាមរបួសលើ.កដៃរបស់នាង របួសលើខ្នង ហើយសពស្លៀកតែរ៉ូបពណ៌ខ្មៅលាយផ្កា ត្រឹមជង្គង់ មិនមានពាក់អាវទ្រនាប់ ឬ ស្លៀកខោលីអូទេ ។ នាងមានស្នាមរបួសត្រង់ប្រដាប់ភេទ ដែលគេសង្ស័យថា នាងអាចត្រូវជនដៃដល់រំលោភរួចហើយ ទើបអូសទៅចោលក្នុងទឹកជ្រៅ ដើម្បីសម្លាប់បំបិទមាត់ ។
សូមបញ្ជាក់ថា យុវតីឈ្មោះ ឆាំ ស្រីរ័ត្ន ហៅ តៃម៉ូ អាយុ១៨ឆ្នាំ ជាយុវសិស្សថ្នាក់ទី១២ នៃវិទ្យាល័យនេតយ៉ង់ ត្រូវជនមិនស្គាល់មុខចាប់នាងអូសទម្លាក់ទឹកស្ទឹងសង្កែ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ វិច្ឆិកា ពេលដែលនាងកំពុងរៀបចំធ្វើការងារនៅក្នុងរោងបណ្ដុះសណ្ដែកក្បែរមាត់ស្ទឹងតែម្នាក់ឯង ក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ។ ពេលត្រូវជនដៃដល់ចាប់អូសដៃ នាងបានស្រែកតែប៉ុន្មានមាត់ប៉ុណ្ណោះឲ្យម្ដាយដែលនៅក្បែរនោះជួយ ហើយក៏បាត់មាត់ឈឹងរហូតតែម្ដង ។ គ្រានោះម្ដាយរបស់នាងបានស្ទុះទៅរកកូនស្រី តែគាត់បានឃើញស្រមោលមនុស្សស្ទុងៗចាប់អូសកូនស្រីដល់មាត់ស្ទឹងទៅហើយ ។
គាត់បានស្រែករកជំនួយបន្តពីអ្នកភូមិ និងសមត្ថកិច្ចមូលដ្ឋានឱ្យជួយអន្តរាគមន៍ភ្លាមៗដែរ តែជនដៃដល់ហាក់ធ្វើសកម្មភាពរហ័សរហួនដូចនិនចារ មិនដឹងអូសកូនស្រីគាត់ដល់ណាបាត់ខ្លួនឈឹងតែម្ដង ។ បើទោះជាកម្លាំងសមត្ថកិច្ច និងអ្នកភូមិរាប់រយនាក់ដើររុករកតាមមាត់ស្ទឹង ខ្លះជិះទូក ខ្លះមុជរាវរកក្នុងទឹក ស្ទើរមួយយប់ទល់ភ្លឺក៏មិនប្រទះដែរ ធ្វើឲ្យសាច់ញាតិនិងសមត្ថកិច្ចមានការព្រួយបារម្ភយ៉ាងខ្លាំងពីជោគវាសនារបស់នាង ។ ប៉ុន្តែដំណឹងដ៏អកុសល្យនេះបានដឹងជាក់លាក់ នៅព្រឹកថ្ងៃទី១២ វិច្ឆិកា ក្រោយពីសមត្ថកិច្ចចាប់បានជនដៃដល់ ដែលបានសារភាពថា ខ្លួនបានអូសនាងទាំងសន្លប់ចោលនៅកណ្ដាលស្ទឹង ។ លុះប៉ុន្មានម៉ោងក្រោយមក សពនាងក្រមុំក៏បានអណ្ដែត ហើយត្រូវសាច់ញាតិប្រទះឃើញតែម្ដង ។
ជុំវិញករណីអំពើឃាតកម្មទៅលើយុវតីខាងលើនេះ លោក ជេត វណ្ណនី ស្នងការរងខេត្ត បានបញ្ជាក់ដែរថា កម្លាំងសមត្ថកិច្ចបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញា ទម្រាំឈានដល់ការឃាត់ខ្លួនជនដៃដល់បាន ។ លោកថា ជនដៃដល់បានសារភាពគ្រប់សកម្មភាពទាំងអស់ តែបានបដិសេធថា ខ្លួនមិនបានរំលោភនាងទេ បន្ទាប់ពីវាយសន្លប់អូសដល់មាត់ស្ទឹង ។ ប៉ុន្តែការធ្វើកោសលវិច័យរបស់គ្រួពេទ្យ និងមន្ត្រីជំនាញបានរកឃើញថា នាងមានស្នាមរបួសត្រង់ប្រដាប់ភេទ ។ ដូច្នេះយើងអាចសន្និដ្ធានជាបឋមបានថា ជនដៃដល់អាចរំលោភនាងពេលសន្លប់ រួចអូសនាងទៅចោលកណ្ដាលស្ទឹងដើម្បីសម្លាប់បំបិទមាត់តែម្ដង។ លោកបញ្ជាក់ថា ត្រង់ចំណុចនេះលោកនឹងធ្វើការសួរនាំជនសង្ស័យឱ្យបានជាក់លាក់បន្ថែមទៀត មុនពេលបញ្ជូនខ្លួនជននេះទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!