២​ថ្ងៃ​ដំបូង​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​៣​កន្លែង​ផ្សេង​គ្នា​ នៅ​ស្រុក​កៀនស្វាយ ស្លាប់​ម្នាក់ របួសធ្ងន់​-​ស្រាល​៣​នាក់

 
 

ខេត្តកណ្តាល ៖ គ្រាន់តែ​ឆ្លង​ចូល​ឆ្នាំ​សកល ២០១៦ បាន​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ៣​កន្លែង​ផ្សេង​គ្នា បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​-​ស្រាល​នៅ​ក្នុងស្រុក​កៀនស្វាយ ។

ករណី​ទី​១ កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចំណុច​ចន្លោះ​បង្គោល គីឡូម៉ែត្រ​លេខ​៤៣-៤៤ ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង​២ ឃុំ​សំរោង​ធំ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​តួ​រី​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2H-5547 បើកបរ​ដោយ​ឈ្មោះ ឡុ​ង ច​ន្ថា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មានស្រុក​កំណើត​ នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​-​ភ្នំពេញ ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បើក​វ៉ា​រថយន្ត​១​គ្រឿង​ទៀត ​មិន​ស្គាល់​ម៉ាក​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1E-2355 ដែល​កំពុង​បើកបរ​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ​ខាងស្តាំ​ដៃ​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ឈ​ន ក្រួច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រង​របួសធ្ងន់ ត្រូវ​គេ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។

ករណី​ទី​២ កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​១២​នាទី​យប់ ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​បង្គោល គីឡូម៉ែត្រ​លេខ​៤៦-៤៧ ស្ថិត​ក្នុងភូមិ​សំរោង​ក្អែក​២ ឃុំ​សំរោង​ធំ រវាង​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម បើកបរ​ដោយ​ឈ្មោះ ថោ​ង នឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​ខេត្តស្វាយរៀង ក្នុង​ទិស​ដៅ​ភ្នំពេញ​-​អ្នក​លឿង បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឧត្តរមានជ័យ 1A-8132 ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បើកបរ​ដោយ​ឈ្មោះ វ៉ា កញ្ញា ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ បណ្តាល​ឱ្យ​នារី​វ័យក្មេង​ស្រស់​ស្អាត​រូប​នោះ​ ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​ភាគី​ម៉ូតូ​សង់​កូរ៉េ​រង​របួសធ្ងន់ ត្រូវ​គេ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។

ករណី​ទី​៣ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​១១០ ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ​២ ឃុំ​កំពង់ស្វាយ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​នី​សាន់ ណា​វ៉ា​រ៉ា​១​គ្រឿង ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ប៉ៃលិន 2A-1161 បើកបរ​ដោយ​ឈ្មោះ ញ៉ែ​ម លី​សត្យា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្រុងភ្នំពេញ បាន​បើកបរ​ក្នុង​ទិស​ដៅ​ភ្នំពេញ​ទៅ​ស្អាង ពេល​មក​ដល់​ចំណុច​ខាងលើ​អ្នកបើកបរ​ងងុយដេក​មួយភាំង ​ក៏​រេ​ចង្កូត​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​២​ខ្នង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ ។ ម្ចាស់ផ្ទះ​ទី​១ ឈ្មោះ រិ​ន បូ​រ៉ុ​ម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី បើកហាង​អ៊ុតសក់ ឯ​ម្ចាស់ផ្ទះ​ទី​២ ឈ្មោះ អេ​ង ផល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ ផ្ទះ​ទ្វារ​ដែក​ជញ្ជាំង​ថ្ម ។ ទោះបី​យ៉ាងណា​ករណី​រថយន្ត​បើក​ចូល​ផ្ទះ​ ប្រជាពលរដ្ឋ​នេះ​មិន​បណ្តាល ​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​ទេ គ្រាន់តែ​រង​របួស​អ្នកបើកបរ​ឡាន​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ទាំង​៣​កន្លែង​ផ្សេង​គ្នា​នេះ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង ​ប្រមូល​យក​មធ្យោបាយ រួម​និង​អ្នក​បើកបរ ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល ​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕









ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម