ស្លុយកាហេ្វ? ថៅកែវ័យក្មេង បកស្រាយពីអត្ថន័យពិត នៃឈ្មោះមួយនេះ

 
 

រាជធានីភ្នំពេញ៖ គ្រាន់តែលឺពាក្យថា “ស្លុយ” ភ្លាម ជឿជាក់ថា​មនុស្សភាគច្រើនច្បាស់ គិតទៅដល់ ការតុបតែង ខ្លួនបែបប្លែកៗ ស្លៀករញ៉េរញៃ ចរិកបែក ចូលចិត្តធ្វើស្អីខុសគេជាដើម ហើយអ្នកខ្លះទៀត បែរជាគិតដល់ប្រភេទ មនុស្ស ដែលមិនចូលសាលា មិនស្លាប់ដំបូន្មានជាដើមហើយ។ ស្របពេលជាមួយគ្នានេះដែរ បែរជាមានតូប កាហ្វេមួយ ដែលមានឈ្មោះថា ស្លុយកាហ្វេ ទៅវិញ។ ត្រង់នេះ ប្រាកដជាមានប្រិយមិត្តភាគច្រើនឆ្ងល់ ហើយថា កាហ្វេនេះប្លែកខុសគេ ឬក៏តិចញ៉ាំហើយ បែកស្លុយទៅ។ តោះ! កុំឲ្យខាតពេលយូរ ថ្ងៃនេះខ្មែរឡូត នឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់ ទៅស្តាប់សម្តីរបស់ម្ចាស់តូបកាហ្វេនេះតិចទៅមើល ថាហេតុអ្វីបានជាដាក់ ឈ្មោះ តូបរបស់ខ្លួនថា ស្លុយកាហ្វេដូច្នេះ?




ទិដ្ឋភាព ពេលដែលមានអតិថិជនចូលទៅទិញ

ប្អូនប្រុស ប៉ូលីន ជាម្ចាស់តូប ស្លុយកាហ្វេ ដែលប្អូនបានប្រាប់ ខ្មែរឡូត ឲ្យដឹងថា តូបរបស់ប្អូននេះ ទើបតែបើកកាលពីថ្ងៃទី ០៤ មករា ឆ្នាំ២០១៦ ថ្មីៗនេះឯង ដោយបង្កើតចូលគ្នា  ជាមួយមិត្តភក្តិ ស្និតស្នាល ៣នាក់ផ្សេងទៀត។ បើតាមសម្តី ម្ចាស់តូបវ័យក្មេងរូបនេះ បានឲ្យដឹងថា ដំបូងឡើងប្អូន ជាមួយនិង មិត្តភក្តិ ៣នាក់ទៀតនោះ គឺគ្រាន់តែជាបុគ្គលិក ក្នុងហាងមួយប៉ុណ្ណោះ តែដោយមានមហិច្ឆតា និងការតាំងចិត្ត ពួកប្អូនក៏បានមូលមតិគ្នា ដើម្បីបង្កើតតូបលក់កាហ្វេនេះឡើង ជាមួយគ្នាតែម្តង។ ប៉ុន្តែទាក់ទងទៅនឹងការរក ឈ្មោះដាក់តូប វាពិតជាមានការពិបាក ព្រោះត្រូវដាក់យ៉ាងណាឲ្យទាក់ទាញ និងបង្កប់អត្ថន័យផងដែរ។ ជជែកគ្នាចុះ ជជែកគ្នាឡើយ ពួកប្អូនក៏នឹកដល់ពាក្យថា “ស្លុយ” ដែលមនុស្សភាគច្រើន តែងតែគិតទៅលើ ផ្លូវអវិជ្ជមាននោះ តែសម្រាប់ ”ស្លុយកាហ្វេ” របស់ពួកប្អូន គឺមានន័យផ្ទុយស្រឡះ ពីការគិតរបស់សង្គមខាងក្រៅ ដោយពួកប្អូន ចង់ប្រែវាឲ្យទៅជាន័យល្អវិញ និងចង់ឲ្យសង្គមឃើញថា អ្នកបែកស្លុយ ដែលចូលចិត្តច្រៀងរាំ ចូលក្លឹប តែងខ្លួនប្លែកៗ ដូចពួកប្អូន មិនមែនសុទ្ធតែពាលា អាវ៉ាសែទាំងអស់នោះទេ គឺពួកគេខ្លះក៏ចេះបំបែក គំនិតរកស៊ី និងតស៊ូដោយខ្លួនឯង ចង់មានភាពជាម្ចាស់ការ ហើយក៏មិនធ្វើរឿងឲ្យសង្គមស្អប់ខ្ពើមដែរ។ មិនតែប៉ុណ្ណោះ ជាមួយនឹងឈ្មោះតូបដ៏ចម្លែកនេះ បានធ្វើឲ្យអតិថិជនភាគច្រើនតែងតែសួរបែបលេងសើចថា៖ “តិចខ្ញុំញ៉ាំហើយ បែកស្លុយទៅ?” តែម្ចាស់តូបវ័យក្មេងនោះ ក៏បានឆ្លើយតបថា “តាមពិតទៅ! វាមិនធ្វើឲ្យប្អូនបែក ស្លុយនោះទេ តែបើប្អូនជ្រុលជាបែកទៅហើយ ត្រូវតែបែកស្លុយបែបខំរៀន ស្លុយបែកគំនិតរកស៊ី ស្លុយដែលមាន ប្រយោជន៍ដល់សង្គមជាតិទៅវិញ ទើបប្រសើរ”។ ហើយប្អូន ប៉ូលីន ក៏មានពាក្យស្លោកប្រចាំ តូបកាហ្វេខ្លួនដែរ៖ “ចូរធ្វើជាស្លុយ ដែលសង្គមទទួលស្គាល់ ហើយស្លុយដែលមានគេសរសើរ”។ យ៉ាងណាមិញ ប្អូនក៏បានបង្ហើប ឲ្យដឹងទៀតថា ចាប់តាំងពីបើអាជីវកម្មមួយនេះមក ពិតជាមានអតិថិជនគាំទ្រ និងស្គាល់ច្រើនគួរសម ព្រោះដោយ សារឈ្មោះចម្លែក ទើបមានអ្នកខ្លះខំស្កាត់មកតាំងពីចម្ងាយ ដើម្បីមកភ្លក់ និងចង់ដឹងថា តើស្លុយកាហ្វេមានរស ជាតិបែបណា?  

មកជួបជាមួយប្អូនប្រុស ជឿន ចាន់ វាសនា ដែលមានម្ចាស់ហ៊ុនម្នាក់ក្នុង ស្លុយកាហ្វេនេះដែរ បានឲ្យដឹងថា តាមពិតទៅ ពួកប្អូនបានប្រើថវិកាចូលគ្នាអស់ ១ពាន់ដុល្លាអាមេរិក ប៉ុណ្ណោះ ដើម្បីបើកតូបកាហ្វេមួយនេះ។ ឯចំនូលដែលរកបានជា មធ្យមក្នុងមួយថ្ងៃ គឺអាចរកបានប្រហែល ១០០ដុល្លាអាមេរិកដែរ តែបើផាត់ថ្លៃចំណាយ ផ្សេងៗ ទៅលើការសំភារៈសម្រាប់ ធ្វើការហ្វេរួចទៅ អាចសល់ ពី៥០ ទៅ ៦០ដុល្លាអាមេរិកដែរ។ ហើយបើ និយាយពីទិន្នន័យភ្ញៀវ ចូលមកទិញវិញ ជាមធ្យមគឺ ២០០ ទៅ ៣០០នាក់ ក្នុងមួយថ្ងៃ ដែលភាគច្រើន គឺជា យុវវ័យ និងមនុស្សវ័យកណ្តាល។


រូបភាពរបស់ប្អូនប្រុស ជឿន ចាន់ វាសនា

មិនតែប៉ុណ្ណោះ​ ប្អូនក៏បានប្រាប់ទៀតថា ចំពោះភេសជ្ជៈវិញ គឺសុទ្ធសឹងតែមានរសជាតិឆ្ងាញ់ ព្រោះពួកប្អូនបាន បំបែកបច្ចេកទេស ពីការរៀន បូកផ្សំជាមួយការច្នៃប្រឌិតខ្លួនផ្ទាល់ ដើម្បីធ្វើវា មានរសជាតិប្លែក ឧទាហរណ៍ ដូចជា សព្វថ្ងៃ​នេះ Blue Sloy, Coffee Sloy, Green Milk Sloy គឺជាភេសជ្ជៈមួយ ដែលទទួល ការគាំទ្រខ្លាំង ក្នុងតូបប្អូន ធានាថាត្រូវចិត្តអតិថិជនជាក់ជាមិនខាន ។ បើនិយាយពីតម្លៃវិញ គឺគួរសម ដែលអាចទទួលយកបាន ដោយចាប់ពី ៥,០០០រៀល ទៅដល់ ៨,០០០រៀលប៉ុណ្ណោះ​ និងលក់រាល់ថ្ងៃ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ និង៣០នាទីល្ងាច​  ដែលមានទីតាំងពិតជា ស្រួលរកណាស់ គឺនៅទល់មុខ សាលាប៊ែលធីអន្តរជាតិ សាខាទួលទំពូង។ ហើយនាពេលអនាគត ពួកប្អូននឹងមានគំរោងបើក ជាហាងមួយ ដើម្បីងាយស្រួលដល់ អតិថិជន ក៏ដូចជាសិស្សានុសិស្ស ចូលមកញ៉ាំ និងអាចអង្គុយជជែកគ្នា ឬធ្វើកិច្ចការសាលាជាដើម។

ជាចុងក្រោយ ប្អូនប៉ូលីន និងប្អូន វាសនា ជាតំណាង ស្លុយកាហ្វេ ក៏បានថ្លែងអំណរគុណជាខ្លាំងចំពោះខ្មែរឡូត ដែលបានចុះទៅ សម្ភាស៍ដល់កន្លែង និងអរគុណជាពិសេសនោះចំពោះអតិថិជន ដែលតែងតែគាំទ្រ ស្លុយកាហ្វេ របស់ខ្លួន​ និងសុំឲ្យមានការគាំទ្របែបនេះតទៅទៀត ហើយក៏សុំឲ្យប្អូនៗ ដែលគិតថាខ្លួន បែកស្លុយ គឺធ្វើយ៉ាងណាឲ្យទៅ ជាស្លុយមានប្រយោជន៍ ក្នុងសង្គមវិញទើបល្អ៕


ស្លុយកាហ្វេ រសជាតិ Blue Sloy

ស្លុយកាហ្វេ រសជាតិ Green Milk Sloy





តើប្រិយមិត្តធ្លាប់សាកល្បង ភ្លក់កាហ្វេនៅតូបនេះហើយឬនៅ?

ដោយ ឌី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម