ពលរដ្ឋ​ភូមិ​ស្វាយ​សាមសិប​ ត្អូញត្អែរ​ជុំវិញ​អាជីវកម្ម​ថ្ម ភ្នំ​ឈើ​កាច់

 
 

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ នៅ​ភូមិ​ស្វាយ​សាមសិប ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​នាំ​គ្នា​រអ៊ូរទាំ​ថា ក្រុមហ៊ុន​ធំ​ៗ​ចំនួន​៤ ដែល​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​នៅ​លើ​ភ្នំ​ឈើ​កាច់ កំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សុខភាព និង​ការ​រស់នៅ​របស់​ពួក​គាត់ ហើយ​បាន​សំណូមពរ​សុំ​ឱ្យ​អាជ្ញាធរ ក៏​ដូច​ជា​ស្ថាប័ន​ពាក់​ព​ន្ធ័​នានា មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​ពួក​គាត់​ផង ។

អ្នកស្រុក​ទាំងនោះ​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំងនោះ​បាន​បង្ក​ផល​ប៉ះពាល់​ ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពួក​គាត់​ចេះ​តែ​អត់ធ្មត់​សម្ងំ​ទ្រាំ ព្រោះ​មិនដឹង​ប្តឹង​ទៅ​ខាង​ណា ប៉ុន្តែ​ពេល​នេះ​ទ្រាំ​លែង​បាន​ទៀត​ហើយ ។ ពួក​គាត់​បាន​បន្ត​ទៀត​ថា សព្វ​ថ្ងៃនេះ​ពួក​គាត់​ពិបាក​រស់នៅ​ណាស់ ដេក​ពួន​ក៏​មិន​បាន​ស្រួល ហូប​ចុក​ក៏​មិន​ឆ្ងាញ់ លក់ដូរ​រកស៊ី​អ្វី​ក៏​មិនកើត មួយ​ថ្ងៃ​ៗ​ភ័យ​ព្រួយ​ខ្លាច​តែ​ថ្មភ្នំ​ប៉ើង​ខ្ទាត​មក​ត្រូវ​ផ្ទះ និង​កូនចៅ​រកក្តី​សុខ​មិនឃើញ​នោះ​ទេ ។

ពួក​គាត់​បាន​បញ្ជាក់​ថា ពេល​ក្រុមហ៊ុន​ដាក់​គីប​រំសេវ​បំផ្ទុះ​ភ្នំ​ម្តង​ៗ សំឡេង​ផ្ទុះ​លាន់ឮ​កក្រើក​ភ្នំ និង​ញ័រ​រញ្ជួយ​ដល់​ផ្ទះ​អ្នកស្រុក​ថែម​ទៀត​ផង ហើយ​ក្លិន​រំសេវ​នោះ​ពេល​ខ្យល់​បក់​នាំ​មក​ចំ​ម្តង​ៗ ​ជះក្លិន​ឆួល​រកកល​ ស្ទើរតែ​សន្លប់​ទៅ​ហើយ​។ ចំណែកឯ​ម៉ាស៊ីន​កិនបំបែក​ថ្ម​វិញ ពេល​កិន​ម្តង​ៗ​ហុយ​កម្ទេច​ថ្ម និង​ផេះ​ថ្ម​គ្របដណ្តប់​មក​លើ​ផ្ទះ​អ្នកស្រុក​ជូត​សម្អាត​មិន​ឈ្នះ​នោះ​ទេ ហើយ​អ្វី​ដែល​សំខាន់ និង​កំពុង​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​នោះ គឺ​រថយន្ត​ធំ​ៗ​ដែល​បើក​ចេញ​-​ចូល​ដឹក​ជញ្ជូន​ថ្មភ្នំ​ យក​ទៅ​លក់​ជា​ រៀងរាល់ថ្ងៃ​នោះ បាន​បង្កើត​ឱ្យ​មាន​ធូលី​ដី​ ហុយ​ងងឹត​ពេញ​ដងផ្លូវ​ធ្វើ​ឱ្យ​ដំណាំ និង​ផ្ទះ​អ្នកស្រុក​ដែល​នៅ​សងខាង​ផ្លូវ ត្រូវ​គ្របដណ្តប់​ទាំងស្រុង​ដោយ​ធូលី ​ដី ។​ពេល​កំពុង​ហូប​បាយ បើ​មាន​រថយន្ត​ដឹក​ថ្ម​នោះ ​បើក​មក​ដល់​ត្រូវ​នាំ​គ្នា​បិទ​គ្រប​បាយ​សម្ល​ ទុក​សិន សម្លៀក​បំពាក់​ដែល​បោកគក់​លើក​ហាល​បាន​តែ​ពេល​ល្ងាច ឬ​យប់​ប៉ុណ្ណោះ បើ​ហាល​ពេល​ថ្ងៃ​ដូច​កើប​យក​ដី​អ​ញ្ចឹ​ង ។

អ្នកស្រុក​ទាំងនោះ ​បាន​សំណូមពរ​ទៅ​អាជ្ញាធរ​ស្រុក​-​ខេត្ត មេត្តា​ជួយ​ចាត់វិធានការ​ ទៅ​លើ​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​នៅ​លើ​ភ្នំ​ឈើ ​កាច់​នោះ​ផង ធ្វើ​យ៉ាងណា​កុំឱ្យ​ក្រុមហ៊ុន​បង្ក​ការ​រំខាន និង​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​អ្នកស្រុក​ខ្លាំង​ពេក ជា​ពិសេស​គឺ​ក្រុម​រថយន្ត​ ដែល​បើក​បង្ហុយធូលី​ដី​ដាក់​ផ្ទះ​អ្នកស្រុក​នោះ សូម​ជួយ​ស្រោច​ទឹក​តាម​ផ្លូវ​ផង កុំឱ្យ​ហុយ​ខ្លាំង​ពេក ហើយ​បើ​ជួយ​ធ្វើ​ផ្លូវ​នេះ​ឱ្យទៅ​ជា​ផ្លូវ​កៅស៊ូ​តែ​ម្តង គឺ​កាន់តែ​ល្អ ។

លោក ឈុ​ន ពុធ​គុណ មេឃុំ​ជើងភ្នំ​បានឱ្យ​ដឹង​ថា រឿង​កម្ទេចផេះ​ដែល​ហុយ​ចេញពី​ម៉ាស៊ីន​កិន​ថ្ម​ របស់​ក្រុមហ៊ុន​នោះ ខាង​អាជ្ញាធរ​និង​មន្ត្រី​បរិស្ថាន ​ធ្លាប់​បាន​ទៅ​ណែនាំ​ដល់​ម្ចាស់​ ក្រុមហ៊ុន​ទាំងនោះ​ហើយ ឱ្យ​ចាក់ទឹក​លាយ​ពេល​កិនបំបែក​ថ្ម​ដើម្បី​កុំឱ្យ​ហុយ ប៉ុន្តែ​ទំនងជា​ក្រុមហ៊ុន​ទាំងនោះ​មិន​អនុវត្ត​តាម​ទើប​នៅ​តែ​មាន​ហុយ​ កម្ទេច​ថ្ម​មក​លើ​ផ្ទះ​អ្នកស្រុក​បែប​នេះ ។ ចំណែក​រឿង​សំឡេង​ផ្ទុះ​ខ្លាំង និង​រឿង​កម្ទេច​ថ្ម​ខ្ទាត​ប៉ើង​មក​លើ​ផ្ទះ​អ្នកស្រុក​នោះ លោក​មេឃុំ​អះអាង​ថា​វា​ពិបាក​ដោះស្រាយ​ណាស់ ។ តាម​ពិត​ទៅ​ទីតាំង​ទាំងនោះ​គេ​ហាម​មិន​ឱ្យ​អ្នកស្រុក​ទៅ​រស់នៅ​ក្បែរ​នោះ​ទេ ប៉ុន្តែ​អ្នកស្រុក​ខ្លួនឯង​អ្នកខ្លះ​ចំណាក ស្រុក​មក​ពី​ឆ្ងាយ អ្នកខ្លះ​លក់​ដី​ឱ្យ​គេ​អស់​អត់​ដី​នៅ ក៏​ចេះ​តែ​នាំ​គ្នា​ទៅ​រុករាន​រស់នៅ​ក្បែ​ៗ​ជើងភ្នំ​នោះ ឥឡូវ​មាន​បញ្ហា​ក៏​ស្រែក​ឱ្យ​ជួយ​ដោះស្រាយ តើ​ឱ្យ​ជួយ​ធ្វើ​ម៉េច បើ​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន គឺ​មិន​បាន​នោះ​ទេ​ព្រោះ​គេ​រកស៊ី​ស្របច្បាប់ មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ត្រឹមត្រូវ ។

ចំពោះ​បញ្ហា​ក្រុម​រថយន្ត​ធំ​ៗ ​បើក​បង្ហុយដី​តាម​ដងផ្លូវ​នោះ ខាង​ក្រុមហ៊ុន​លោក ផុ​ន ផលិត បាន​សន្យា​ថា នឹង​ជួល​រថយន្ត​ដឹក​ទឹក​ស្រោច​ឱ្យ​ហើយ គឺ​ស្រោច​ក្នុង​១​ថ្ងៃ​២​ដង ដូច្នេះ​វា​នឹង​អាច​កាត់​បន្ថយ​រឿង​ដី​ហុយ​បាន​ច្រើន ។ ហើយ​អ្វី​ដែល​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​នោះ គឺ​ផ្លូវ​១​នេះ​ប្រវែង​ជាង​៥​គីឡូម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវកែង​ភូមិ​ស្វាយ​សាមសិប រហូត​ដល់​ផ្លូវ​កៅស៊ូ​មុខ​វត្ត​វិហារ​ធំ សម្តេច​ក្រឡាហោម ស ខេ​ង បាន​ប្រកាស​ធ្វើ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ឱ្យ​ហើយ និង​បាន​ដាក់​មន្ត្រី​ជំនាញ​ចុះ​មក​សិក្សា​អស់ហើយ​ដែរ ដូច្នេះ​ឆាប់​ៗ​នេះ​បងប្អូន​នឹង​បាន​ផ្លូវ​កៅស៊ូ​ប្រើប្រាស់ ហើយ​ក៏​លែង​ហុយធូលី​ដី​តទៅ​ទៀត​ដែរ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម