ដើរ​រកប្រពន្ធ​ ដាក់អាវុធ​តាម​ខ្លួន ​ក្លាយជា​អ្នកទោស

 
 

ខេត្តព្រៃវែង ៖ សមត្ថកិច្ច​ចម្រុះ​ ស្រុក​ពាម​ជរ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ និង​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង បន្ទាប់​ពី​ត្រួត​ពិនិត្យ ​​​ឃើញ​មាន​កាំភ្លើង​ អាកាកាត់​ស្វាយ​ ១​ដើម រួម​ជាមួយ​ គ្រាប់កាំភ្លើង​ ចំនួន​២៩​គ្រាប់​ នៅ​នឹង​ខ្លួន ។

បុរស​ម្នាក់​នេះ ​ឈ្មោះ សំ ធី អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ ក្នុងភូមិ​ព្រែក​សំរោង ឃុំ​ព្រែក​សំរោង ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវ​បាន​ឃាត់​ខ្លួន​ កាលពី​វេលា ​ម៉ោង​១១​យប់ ថ្ងៃ​ទី​៣ ​កុម្ភៈ នៅ​ផ្លូវលំ​ក្នុង ភូមិ​វាល​របង​លើ ឃុំ​អង្គរ​អង្គ ស្រុក​ពាម​ជរ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​យប់ ​ថ្ងៃ​ទី​៣ ​កុម្ភៈ ខណៈ​កម្លាំង​សមត្ថកិច្ច​ កំពុង​ដើរ​ល្បាត​ នៅ​តាម​ដងផ្លូវ ស្រាប់តែ​ប្រទះ​ឃើញ បុរស​រូប​នេះ ​ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​សេ​១០០​ អត់​ស្លាក​លេខ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង និង​មាន​ដឹក​ការុង​១​ នៅ​ពីមុខ ដែល​មើល​ពី​ក្រៅ​ ដូច​ជា​វត្ថុ​រឹង ។ ដោយ​ឃើញ​បែប​នេះ​ ធ្វើ​ឱ្យ​សមត្ថកិច្ច​មានការ​សង្ស័យ ក៏​ឃាត់​ត្រួតពិនិត្យ​ និង​ដឹង​ថា នៅ​ក្នុង​ការុង​នោះ ​គឺជា​កាំភ្លើង​១​ដើម ម៉ាក​អាកា​កាត់​ស្វាយ និង​មាន​គ្រាប់​ ជា​ច្រើន​ទៀត ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន និង​តាម​ចម្លើយ​ សាកសួរ​បឋម ជន​នេះ​ឆ្លើយ​ថា ខ្លួន​មក​តាម​រកប្រពន្ធ​ឈ្មោះ ហាស់ សា​រ៉េ​ន អាយុ​៣៥​ឆ្នាំ ដែល​បាន​រត់​ចោល​ខ្លួន​ជា​ប្តី ហើយ​មក​សម្ងំ ​រស់នៅ​ក្នុង ភូមិ​វាល​របង​លើ​នេះ ។ ប្រភព​ព័ត៌មាន ​ពី​សមត្ថកិច្ច​បញ្ជាក់​ថា ទោះបីជា​ចម្លើយ ​របស់​បុរស​នេះ​ ពិត​ឬ​មិន​ពិត យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ការ​ដាក់អាវុធ​ជាតិ​ផ្ទុះ​ ដែល​គ្មាន​លិខិត​ស្នាម ​ត្រឹមត្រូវ​តាមខ្លួន គឺជា​រឿង​ខុសច្បាប់ ដូច្នេះ​សមត្ថកិច្ច ​ត្រូវ​តែ​ឃាត់ខ្លួន​កសាង​សំណុំរឿង​ ទៅ​តាម​នីតិវិធី ។

ដោយឡែក សាធារណ​មតិ​ខ្លះ ​បាន​លើក​ឡើង​ថា បើ​ជន​នេះ ​គ្រាន់តែ​តាម​រកប្រពន្ធ តើ​យក​កាំភ្លើង​ មក​តាម​ធ្វើ​អ្វី ឬ​មួយ​ពេល​រក​ឃើញ​ហើយ​ បាញ់​សម្លាប់​ចោល? ឯ​មតិ​ខ្លះ​ទៀត​ លើក​ឡើង​ថា ចម្លើយ​របស់​ជនសង្ស័យ ​អាច​គ្រាន់តែ​ជា​លេស​ ដោះសា​រ ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន ​ប៉ុណ្ណោះ ប៉ុន្តែ​ចេតនា​ពិត​ គឺ​អាច​មាន​បំណង​អ្វី​ផ្សេង ​ក៏​ថា​បាន ។

ទោះជា​យ៉ាងណា​ក៏​ដោយ ប្រជាពលរដ្ឋ​ ក៏​មានការ​ត្រេកអរ​ ផង​ដែរ ដែល​សមត្ថកិច្ច​ ឃាត់ខ្លួន​ជន​រូប​នេះ ​បាន​មុន គឺ​អាច​ទប់ស្កាត់ ​បាន​នូវ​ហេតុការណ៍​អាក្រក់​ៗ ​ដែល​យើង​នឹក​ស្មាន​មិន​ដល់ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម