ថ្ងៃនេះ អាជ្ញាធរ​រាជធានីភ្នំពេញ​ចុះ​ចាប់​តន្ត្រី​ជន​ពិការ

 
 

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចោទប្រកាន់​ថា ពេល​នេះ​តន្ត្រី​ជន​ពិការ​នៅ​សល់​ជាង​១០​ក្រុម​ទៀត នៅ​តែ​ជំនះ​ប្រគុំ​តន្ត្រី ដើម្បី​រៃ​អង្គាសប្រាក់​តាម​ចិញ្ចើម​ផ្លូវ​បង្ក​ភាព​អនាធិបតេយ្យ ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង​បង្ក​ការ​កកស្ទះ​ចរាចរណ៍​ ដែល​អាជ្ញាធរ​មិន​មានការ​អប់រំ ឬ​ណែនាំ​ទៀត​ទេ គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ មិថុនា​នេះ សមត្ថកិច្ច​ត្រូវ​តែ​ចុះ​ទៅ​ចាប់​រឹបអូស​យក​សម្ភារ​តែ​ម្តង ប្រសិនបើ​ចុះ​ទៅ​ឃាត់​ហើយ​នៅ​តែ​មិន​ព្រម​ឈប់​ទៀត​នោះ ។

លោក សន សុផល ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាតិ​ឲ្យ​មាន​ក្រុម​តន្ត្រី​ជន​ពិការ​លេង​តន្ត្រី​តាម​ទី​សាធារណៈ​ទៀត​ទេ ចាប់ពី​ថ្ងៃ​ទី​៣០មិថុនានេះ​​ទៅ មន្ទីរ​សង្គមកិច្ច និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ចុះ​ទៅ​ចាប់​យក​សម្ភារ​តែ​ម្តង គឺ​លែង​ដោះស្រាយ​ហើយ ព្រោះ​ពួក​គាត់​និយាយ​មិន​ស្តាប់ ។

លោក​បន្ត​ថា ក្នុង​ពេល​ចុះ​អប់រំ​ណែនាំ​កន្លង​មក ក្រុម​ជន​ពិការ​នោះ​បាន​យក​លេស​ថា បើ​មិន​ឲ្យ​គាត់​ប្រកប​មុខរបរ​នេះ តើ​បាន​មុខរបរ​អ្វី​សម្រាប់​ដោះស្រាយ​ជីវភាព? ការ​ពិត​ជន​ពិការ​បច្ចុប្បន្ន​នេះ​មាន​យន្តការ​ ច្រើន​ណាស់​សម្រាប់​ជួយ​ដល់​ជន​ពិការ ប៉ុន្តែ​ជន​ពិការ​ខ្លួន​គាត់​មិន​បាន​ជួយ​ខ្លួនឯង​ទេ កន្លង​មក ដោយ​មានការ​ជម្រុញ​ពី​រាជរដ្ឋាភិបាល មាន​ក្រុមហ៊ុន ក្រសួង និង​ស្ថាប័ន​មួយ​ចំនួន​បាន​ជ្រើសរើស​ជន​ពិការ​ឲ្យ​ចូល​បម្រើ​ការងារ និង​បាន​ទំនាក់ទំនង​ទៅ​តាម​ទីតាំង​ ប្រគុំ​តន្ត្រី​តាម​រង្គសាល​នានា ដើម្បី​ឲ្យ​ជន​ពិការ​បាន​ច្រៀង​កន្លែង​ប្រកប​របរ​ចិញ្ចឹមជីវិត ដោយ​សេចក្តី​ថ្លៃថ្នូរ សិទ្ធិ​សញ្ញា​ជួយ​ជន​ពិការ​ក៏​មិន​គាំទ្រ​ ឲ្យ​ជន​ពិការ​ប្រកប​មុខរបរ​ដែល​មិន​សម​ស្រប​នោះ​ដែរ តែ​គាត់​មិន​បាន​ទៅ​ទំនាក់ទំនង​ជាមួយ​គេ និង​មានការ​គាំទ្រ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ឡើយ ។

លោក សន សុផល បាន​ឲ្យ​ដឹង​ទៀត​ថា ថ្មី​ៗ​នេះ​តាម​រយៈ​ការ​ស្នើ​សុំ​របស់​សមាគម​សំនៀង​តន្ត្រី​ជន​ពិការ​លើ​គម្រោង​សាងសង់​អគារ​ស្នាក់​នៅ​ជូន​ក្រុម​តន្ត្រី​ជន​ពិការ​នៅ​ម​ជ្ឍ​មណ្ឌលកុមារ​កំព្រា​ភ្នំពេញ​នោះ នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទេ ។

ចំណែក​លោក ភី ច​ន្ថា អនុប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​នៅ​កម្មវិធី​ជីវិត​យើង សង្គម​យើង​របស់​វិទ្យុជាតិ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨ មិថុនា ២០១៦ នេះ​ថា ដោយសារ​កន្លង​មក ជន​ពិការ​តែងតែ​ចេញ​ប្រកប​មុខរបរ​នៅ​តាម​ភ្លើងស្តុប និង​នៅ​លើ​ដងផ្លូវ​សារ​ធារ​ណៈ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្លាប់​សង្គម និង​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​នោះ មន្ទីរ និង​ផ្នែក​ពាក់ព័ន្ធ​គ្រោង​នឹង​ធ្វើ​អគារ​ជូន​ក្រុម​តន្ត្រី​ជន​ពិការ ដើម្បី​ជា​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ផង និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផង​។

លោក​បន្ត​ថា ដើម្បី​ឲ្យ​តន្ត្រី​ជន​ពិការ​មានការ​ងារ​ល្អ​ កាន់តែ​ប្រសើរ​ឡើង រដ្ឋបាល​រាជធានី​ភ្នំពេញ​ គ្រោង​សាងសង់​អគារ​ស្នាក់​នៅ​ សម្រាប់​ក្រុម​តន្ត្រី​ជន​ពិការ​ទំហំ​៧​ម៉ែត្រ​កន្លះ និង​បណ្តោយ​៥៤​ម៉ែត្រ នៅ​ម​ជ្ឍ​មណ្ឌលកុមារ​កំព្រា​ភ្នំពេញ​ថ្មី ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​លំបាក​ជូន​ជន​ពិការ ពិសេស​ជួយ​សំរាលទុក្ខ​ដល់​សង្គម​។

លោក ភី ច​ន្ថា បាន​បញ្ជាក់​ថា កន្លង​មក ជន​ពិការ​មានការ​លំបាក ដោយសារ​គាត់​បែងចែក​ជា​ក្រុម​ៗ​ទៅ​តាម​ទីកន្លែង​ស្តុ​ប​មួយ​ចំនួន ជួនកាល​មួយ​ឬ​២​នាក់ ដែល​មើលទៅ​មាន​ភាព​រញ៉េរញ៉ៃ គឺ​យើង​ធ្វើ​យ៉ាងណា​ឲ្យ​គាត់​មានចំណេះ​ដឹង​វិជ្ជាជីវៈ មានការ​ងារ​ច្បាស់លាស់ ។

លោកស្រី ចាន់ ប្រធាន​ផ្នែក​សិទ្ធិ​ជន​ពិការ​នៃ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​បាន​ឲ្យ​ដឹង​ នៅ​ក្នុង​កម្មវិធី​ជីវិត​យើង សង្គម​យើង​ថា ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​កំពុង​ ប្រត្តិបត្តិ​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រមូល​ព័ត៌មាន​ពី​តន្ត្រី​ជន​ពិការ​ត្រឡប់​មក​វិញ​ថា តើ​ពួក​គាត់​មាន​ជំនាញ​អ្វី​ពិតប្រាកដ និង​កំពុង​ទំនាក់ទំនង​ រក​កន្លែងធ្វើការ​ជូន​ពួក​គាត់​ដូច​ជា វិទ្យុ ទូរទស្សន៍ ឬ​កន្លែង​ផ្សេង​ៗ​ដែល​អាច​ទទួល​បញ្ចូល​ជន​ពិការ​ ទៅ​តាម​ជំនាញ​ដែល​ពួក​គាត់​ត្រូវការ​។

ចំណែក កញ្ញា ទី រ៉ូ​សា​ណែ​ត ប្រធាន​គ្រប់គ្រង​កម្មវិធី​នៃ​អង្គការ​ជន​ពិការ​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា ទោះបី​មានការ​សម្របសម្រួល​ ពី​ខាង​ក្រុមប្រឹក្សា​ជន​ពិការ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​ដោយ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ នៅ​តែ​មាន​បងប្អូន​ក្រុម​ជន​ពិការ​មួយ​ចំនួន​នៅ​តែ​បន្ត​ការ​ច្រៀង​នៅ​តាម​ដងផ្លូវ​នៅឡើយ ហើយ​បញ្ហា​នេះ អង្គការ​កំពុង​ស្រាវជ្រាវ​អំពី​មូលហេតុ​ដែល​ជន​ពិការ​មិន​ទាន់​ទទួលយក​វិធានការ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ។

កញ្ញា​បន្ត​ថា ការ​ទទួលស្គាល់​ពី​សមត្ថភាព​របស់​ជន​ពិការ ​ដែល​ក្រុម​គាត់​មួយ​ចំនួន​ធំ​គ្មាន​ជំនាញ​ច្រៀង គ្មាន​លក្ខណៈ​វិជ្ជាជីវៈ ដូច​ក្រុម​តន្ត្រី​ទំនើប​។ ដូច្នេះ​វា​ពិបាក​ក្នុង​ការ​សម្របសម្រួល​ឲ្យ​ក្រុម​គាត់​ ច្រៀង​ទៅ​តាម​ស្ថានីយទូរទស្សន៍ ក្នុង​ពេល​ដែល​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​មិន​ទាន់​ទទួលយក​ នូវ​សមត្ថភាព​របស់​ជន​ពិការ​ឡើយ ៕

ប្រភព ៖ កោះសន្តិភាព

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម