ប្រតិភូ និងអត្តពលិក កីឡាអូឡាំពិក Rio 2016 បានធ្វើដំណើរមកដល់កម្ពុជា វិញហើយ

 
 

(ភ្នំពេញ)៖ ប្រតិភូ មន្រ្តីដឹកនាំ គ្រូបង្វឹក និងអត្តពលិក ដែលទៅចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅ ប្រទេសប្រេស៊ីលនោះ បានធ្វើដំណើរមកដល់កម្ពុជាវិញហើយនាយប់ព្រហស្បតិ៍ ទី២៥ ខែសីហា នៅព្រលានយន្ត ហោះភ្នំពេញអន្តរជាតិពោធិ៍ចិនតុង។

សមាជិកទាំងអស់ដែលវិលមកពីប្រេស៊ីល ដោយមានគ្នាសរុប ១៦រូបនោះ គឺត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ថោង ខុន និងរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា រួមជាមួយ ថ្នាក់ដឹកនាំកីឡា កីឡាករ-កីឡាការិនី និងបងប្អូនជនរួមជាតិជាតិជាច្រើនទៀត បើទោះបីជាពុំឈ្នះមេដាយក៏ដោយ។

សូមបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូនអត្តពលិក ៦រូបក្នុងនោះមានស្រី៤រូប ស្មើនឹង៤ប្រភេទកីឡា រួមមានកីឡាហែល ទឹក (ពូ សុវិជ្ជា និង ហែម ថុន វិទិនី) កីឡារត់ប្រណាំងម៉ារ៉ាតុង (នីកូ និង លី ណារី) កីឡាបោកចំបាប់ ចូវ សុធារ៉ា និង កីឡាតេក្វាន់ដូ ស៊ន សៀវម៉ី ក្នុងចំណោម ២៨ប្រភេទកីឡាប្រកួតនៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលចាប់ ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ពាក់ព័ន្ធនឹងការប្រកូតនេះដែរ  វិរៈកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បានបង្ហូរទឹកភ្នែកសម្តែងការសោកស្តាយ និងបាន សុំទោសពលរដ្ឋខ្មែរទាំងអស់ ចំពោះការបរាជ័យ បន្ទាប់ពីប្រកួតចាញ់កីឡាការិនីហូឡង់។

តែទោះជាយ៉ាងណាអត្តពលិកមានវ័យទើបតែ ២០ឆ្នាំ កម្ពស់ ១,៨៣ម៉ែត្រ សៀវម៉ី ក៏សូមថ្លែងអំណរអរគុណដល់ប្រជាជនខ្មែរទាំងអស់ដែលលើកទឹកចិត្តនាងរហូតមក។ នេះបើយោងតាម Facebook Page ផ្លូវការរបស់គណៈកម្មាធិការជាតិកម្ពុជា (NOCC)។

សូមបញ្ជាក់ថា កីឡាការិនី ស៊ន សៀវម៉ី ជាអត្តពលិក ដែលកម្ពុជារំពឹងឈ្នះមេដាយកីឡាអូឡាំពិក ឆ្នាំ២០១៦ ព្រោះកញ្ញាបានឈ្នះមេដាយមាស ១គ្រឿងក្នុងវគ្គជម្រុះនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីខែមេសា ឆ្នាំ២០១៦ តែមកចាញ់គូប្រជែងរបស់ហូឡង់ Reshimie Oogink វ័យ ២៧ឆ្នាំ កម្ពស់ ១,៧៩ម៉ែត្រ ដោយលទ្ធផលបច្ចេកទេស ១-៧ ក្នុងវគ្គ១៦នាក់ កីឡាតេក្វាន់ដូ ផ្នែកនារីទម្ងន់លើស ៦៧គីឡូក្រាម៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម