ព្រឹទ្ធាចារ្យ ​ឈិ​ន ឈៀង ញាំញីដោយ​ជំងឺ​នៅ​តែ​ផ្ទះ​ចាំ​ដាក់​បាត្រ​លោក

 
 

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធាចារ្យ​សិល្បៈ​បុរាណ ឈិ​ន ឈៀង បាន​បោះបង់​អាជីព​របស់​ខ្លួន បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ​អស់​រយៈពេល​ប្រមាណ​ជាង​១៣​ឆ្នាំ​មក​ហើយ ។ គាត់​ទើបតែ​ធ្លាក់ខ្លួន​ទ្រុឌទ្រោម​មិន​អាច​ដើរ​បាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

អ្នកស្រី​អ៊ុ​ក សុ​ផា ជា​ភរិយា​ដែល​ជា​អ្នកចម្រៀង​អា​យ៉ៃ​ដូច​គ្នា កាលពី​ថ្ងៃ​ទី​៣ មេ​សា ២០១៧ បញ្ជាក់​ថា ស្វាមី​របស់​អ្នកស្រី​ជួបនឹង​បញ្ហា​សុខភាព​នេះ​អស់​រយៈពេល​ជាង​១៣​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ជំងឺ​ក្រួសក្នុងប្រមាត់ និង​ជំងឺ ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

ចាប់តាំងពី​ស្វាមី​អ្នកស្រី​ឈឺ​មក ក្រុម​គ្រួសារ​បាត់បង់​ចំណូល​ស្ទើរតែ​ទាំងស្រុង ក្នុង​នោះ​ការ​ចំណាយ​ព្យាបាល​ជំងឺ​ស្វាមី​អ្នកស្រី និង​ការ​ផ្គត់ផ្គង់​គ្រួសារ​គឺ​បាន​មក​ពី​ការ​ដោះ​ដូរ​របស់របរ ផ្សេង​ៗ ។

លោក​ព្រឹទ្ធាចារ្យ​ឈិ​ន ឈៀង ពើបប្រទះ​ជំងឺ​ក្រួសក្នុងប្រមាត់​នៅ​ឆ្នាំ​២០១៥ ហើយ​ធ្លាប់​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ និង​វៀតណាម តែ​មិន​បាន​ទទួលលទ្ធផល​ជា​វិជ្ជមាន​ទេ ។ លុះដល់​ដំណាក់កាល​មួយ ក្រុម​គ្រួ​សារបាន​បញ្ជូន​លោក​ឈិ​ន ឈៀង ទៅ​ទទួល​ការ​ពិនិត្យ ដើម្បី​សម្រេច​វះកាត់ នៅ​មន្ទីរពេទ្យ​ជោ​រៃ​នាទី​ក្រុងភ្នំពេញ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​មិន​អនុញ្ញាត្ត​ឲ្យ​វះកាត់​ទេ ដោយ​សំអាង​ថា​អាការ​របស់​គាត់​មាន​សភាព​ធ្ងន់​ទៅ​ហើយ និង​មិន​អាច​រស់នៅ​បាន​យូរអង្វែង​ទៀត​ទេ ។

ដោយសារ​មិន​អស់ចិត្ត ក្រុម​គ្រួ​សារបាន​បញ្ជូន​លោក​ឈិ​ន ឈៀង ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ នៅ​ទីនោះ​ហើយ​ដែល​ក្រុម​វេជ្ជបណ្ឌិត​សម្រេច​វះកាត់ ខណៈ​ពេល​អ្នកស្រី​សម្តែង​ក្តី​បារម្ភ និង​មិន​ចង់​ឲ្យ​វះកាត់​ទេ ដោយសារ​តែ​អ្នកស្រី​គិត​ថា អាណិត​ស្វាមី​ព្រោះ​មិន​អាចរ​ស់បាន​ច្រើន​ឆ្នាំ​ទៀត​ទេ ។

ជា​ការ​កត់សម្គាល់​បន្ទាប់​ពី​វះកាត់​រួច​មក បច្ចុប្បន្ន​ស្វាមី​របស់​អ្នកស្រី​ហាក់​មាន​អាការ​ធូរស្បើយ​បន្តិច និង​អាច​ដើរទៅ​ធ្វើបុណ្យ​នៅ​វត្ត​បាន​ខ្លះ និង​ចាំ​ដាក់​បាត្រ​លោក​រៀង​រាល់​ព្រឹក​នៅ​ឯ​ផ្ទះ ។

បើ​តាម​ការ​អះអាង​របស់​អ្នកស្រី​អ៊ុ​ក សុ​ផា បន្ទាប់​ពី​ស្វាមី​អ្នកស្រី​ធ្លាក់ខ្លួន​ឈឺ និង​បាត់បង់​សមត្ថភាព​សម្តែង​មក មាន​ផ្នែក​ពាក់ព័ន្ធ​មួយ​ចំនួន​ចូលរួម​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ផង​ដែរ ក្នុង​នោះ​ទទួល​ការ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី​ហ៊ុន សែន ។ បន្ទាប់​ពី​ជំងឺ​ធ្វើ​ឱ្យ​សម្តែង​លែង​កើត​នេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​តួនាទី​ជាទី​ប្រឹក្សា​ក្រសួង គ្រាន់​ទទួល​ប្រាក់បៀវត្ស​ន៍​រួម​ទាំង​ប្រាក់​ចូល​និវត្តន៍​ចំនួន​១​លាន​រៀល​ក្នុង​មួយ​ខែ​សម្រាប់​ព្រឹទ្ធាចារ្យ​ឈិ​ន ឈៀង ។

ប្រាក់​ចំណូល​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ឲ្យ​បាន​ធូរស្បើយ​ទេ ព្រោះ​អ្នកស្រី​អ៊ុ​ក សុ​ជា ត្រូវ​រ៉ាប់រង​បីបាច់​ថែរក្សា និង​ចិញ្ចឹម​ចៅ​កំព្រា​ចំនួន​៤​នាក់​ក្នុង​បន្ទុក ។

ព្រឹទ្ធាចារ្យ ឈិ​ន ឈៀង ដែល​បច្ចុប្បន្ន​មាន​វ័យ​៧២​ឆ្នាំ​នេះ​បាន​ចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​បុរាណ​តាំងពី​អំឡុង​ទស​វត្ស​ទី​៦០​មក​ពោល​ក្នុង​ពេល​មាន​អាយុ​១៨-១៩​ឆ្នាំ ។ គាត់​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​មុន និង​មានកូន​ចំនួន​៥​នាក់ មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី អ៊ុ​ក សុ​ផា មានកូន​២​នាក់​ទៀត ។ កូន​ទាំងអស់​របស់​លោក​ព្រឹទ្ធាចារ្យ​ពុំ​មាន​អ្នក​ណា​ម្នាក់​មាន​និស្ស័យ​សិល្បៈ​ទេ ។

លោក​ព្រឹទ្ធាចារ្យ​ឈិ​ន ឈៀង និង​អ្នកស្រី អ៊ុ​ក សុ​ផា ជា​សិល្បករ​-​សិល្ប​ការិនី​បុរាណ​ប្រចាំ​វិទ្យុជាតិ ហើយ​ពួក​គាត់​ជា​គ្រូ​នៅ​សាលា​វិចិត្រសិល្បៈ​ផង​ដែរ ៕

ប្រភព : កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម