ដឹងច្បាស់ហើយ! ទីក្រុងដែលឆាប់លិចទឹកបំផុតក្នុងពិភពលោក ស្ថិតនៅប្រទេសមួយក្នុងតំបន់អាស៊ាន!

 
 

ឥណ្ឌូនេស៊ី៖ បើមិនរកដំណោះស្រាយទេ ផ្នែកខ្លះនៃទីក្រុងដ៏ធំនៃប្រទេសឥណ្ឌូនេស៊ីមានប្រជាជនរស់នៅជាង ១០ លាននាក់ ពោលគឺរដ្ឋធានីចាកាតា អាចនឹងលិចទាំងស្រុងនៅត្រឹមឆ្នាំ ២០៥០។ នេះបើយោងតាមអ្នកស្រាវជ្រាវ ដែលលើកឡើងថាវាជាទីក្រុងឆាប់លិចទឹកបំផុតមួយក្នុងពិភពលោក។ 

រដ្ឋធានីចាកាតា ដែលងាយលិចទឹកបំផុតក្នុងលោក

ទីក្រុងនេះស្ថិតនៅលើសណ្ឋានដីវាលល្បាប់ ដែលមានសមុទ្រជ្វា (Java Sea) និងទន្លេចំនួន ១៣ ហូរកាត់។ ដូច្នេះវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលទឹកជំនន់ឧស្សាហ៍កើតមាននៅទីនេះ ហើយបើតាមអ្នកជំនាញ វាកាន់តែធ្ងន់ធ្ងរទៅៗ។ ប៉ុន្តែបញ្ហាមិនមែននៅត្រឹមហ្នឹងទេ រឿងធំគឺថាក្រុងនេះចាប់ផ្តើមបាត់មុខទៅក្រោមដីបន្តិចម្តងៗ។ 

រដ្ឋធានីចាកាតា ដែលងាយលិចទឹកបំផុតក្នុងលោក

“ភាពអាចទៅរួចនៃក្រុងចាកាតាដែលនឹងលិចក្រោមទឹកនោះ មិនមែនជារឿងលេងសើចទេ។ បើមើលតាមគម្រូរបស់យើង នៅត្រឹមឆ្នាំ ២០៥០ ប្រហែល ៩៥% នៃភាគខាងជើងទីក្រុងនឹងលិចបាត់ក្រោមទឹក” នេះជាសម្តីរបស់លោក Heri Andreas ដែលសិក្សាពីការលិចចុះរបស់ទីក្រុងអស់ ២០ ឆ្នាំមកហើយ នៅវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង។

លោក Heri Andreas ដែលសិក្សាពីការលិចចុះរបស់ទីក្រុង

វាបាននិងកំពុងកើតឡើងរួចទៅហើយ ព្រោះភាគខាងជើងក្រុងចាកាតាបានលិចចុះក្រោម ២.៥ ម៉ែត្រក្នុងរយៈពេល ១០ ឆ្នាំ និងបន្តលិចក្នុងជម្រៅដល់ទៅ ២៥ សង់ទីម៉ែត្រ/ឆ្នាំនៅតាមតំបន់ខ្លះ ដែលតួលេខនេះមានចំនួនលើសពីទ្វេដងគិតជាមធ្យមទៅទៀត បើប្រៀបធៀបជាមួយទីក្រុងធំៗនៅតាមតំបន់ឆ្នេរ។ 

កំពង់ផែរបស់រដ្ឋធានីចាកាតា

រដ្ឋធានីនៃប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងតំបន់អាស៊ានមួយនេះ កំពុងលិចចុះជាមធ្យមពី ១ ទៅ ១៥ សង់ទីម៉ែត្រ/ឆ្នាំ ហើយបច្ចុប្បន្នស្ទើរតែពាក់កណ្តាលនៃទីក្រុងបានក្លាយជាចំណីនៃកម្រិតកម្ពស់ទឹកសមុទ្របាត់ទៅហើយ។ ផលប៉ះពាល់គឺឃើញស្តែងៗតែម្តងនៅភាគខាងជើងទីក្រុងនៃប្រទេសដែលកាន់សាសនាឥស្លាមមួយនេះ។ 

តំបន់លិចទឹកនៅរដ្ឋធានីចាកាតា

ឧទាហរណ៍ដូចជា នៅស្រុកមួររ៉ាបារុ អាគារការិយាល័យទាំងមូលត្រូវបានបោះបង់ចោលតែម្តង។ អគារនេះធ្លាប់ជាទីតាំងរបស់ក្រុមហ៊ុននេសាទមួយ ប៉ុន្តែរានហាលនៅជាន់ទីមួយប៉ុណ្ណោះដែលនៅប្រើប្រាស់។

ជាន់ក្រោមដីដែលលិចទឹក គឺពោរពេញដោយទឹកនឹងថ្កល់ ព្រោះដីនៅជុំវិញទីតាំងនេះខ្ពស់ជាងកម្ពស់ទឹក ដូច្នេះវាមិនអាចហូរទៅណាបានឡើយ។ ជាទូទៅ អាគារដែលលិចទឹកជ្រៅបែបនេះ កម្រនឹងត្រូវបោះបង់ចោលណាស់ ព្រោះភាគច្រើនម្ចាស់វានឹងព្យាយាមជួសជុល សង់ឡើងវិញ និងកែកុនក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែអ្វីដែលពួកគេមិនអាចបញ្ឈប់បានគឺ ដីដែលកំពុងស្រូបទីតាំងនេះតែម្តង។  

អាគារការិយាល័យនៅស្រុកមួររ៉ាបារុ ដែលត្រូវបានបោះបង់ចោល

សព្វថ្ងៃ ប្រជាជនចំនួន ១.៨ លាននាក់កំពុងរស់នៅរដ្ឋធានីនេះ ដែលជាបណ្តុំនៃជំនួញតាមកំពង់ផែដែលកំពុងសាបរលាប សហគមន៍ជាច្រើនតាមឆ្នេរដែលអន់ខ្សោយ និងអត្រាជនជាតិចិនកាត់ឥណ្ឌូនេស៊ីសម្បូរទ្រព្យដ៏គួរឱ្យកត់សម្គាល់។ 

ផ្នែកមួយនៃតំបន់កំពង់ផែ របស់រដ្ឋធានីចាកាតា

កញ្ញា Fortuna Sophia រស់នៅវីឡាប្រណីតមួយខ្នងដែលមានទេសភាពមាត់សមុទ្រ។ នាងបានបញ្ជាក់ថា ការលិចវីឡាមិនមែនជាបញ្ហាភ្លាមៗទេ ប៉ុន្តែស្នាមប្រេះតែងកើតមានលើជញ្ជាំង និងសសររៀងរាល់ ៦ ខែម្តង ដោយសារចលនាផ្លាស់ប្តូរសណ្ឋានដី។ ដូច្នេះយើងត្រូវបន្តជួសជុលរហូត។ 

កញ្ញា Fortuna Sophia ដែលរស់នៅវីឡាប្រណីតមួយខ្នង

ទោះយ៉ាងណា គ្មានអ្វីអាចរារាំងអ្នកអភិវឌ្ឍន៍អចលនទ្រព្យឡើយ។ អគារស្នាក់នៅប្រណីតៗកាន់តែច្រើនបានផុសឡើងនៅភាគខាងជើងទីក្រុង ថ្វីបើមានហានិភ័យបែបនេះក្តី។ លោក Eddy Ganefo ប្រធានក្រុមប្រឹក្សានៃទីប្រឹក្សារបស់សមាគមអភិវឌ្ឍន៍ផ្ទះសម្បែង បាននិយាយថា គាត់បានជំរុញរដ្ឋាភិបាលឱ្យផ្អាកការអភិវឌ្ឍន៍សិន ប៉ុន្តែដរាបណាអាគារស្នាក់នៅ នៅតែអាចលក់ចេញបាន នោះការអភិវឌ្ឍន៍ក៏នៅតែបន្តដែរ។ 

ភាគខាងជើងនៃទីក្រុង ដែលអាគារស្នាក់នៅប្រណីតៗរីកដូចផ្សិត

គួរបញ្ជាក់ថា ផ្នែកផ្សេងៗទាំងអស់នៃទីក្រុងចាកាតាទាំងមូលកំពុងលិចចុះដូចគ្នា ថ្វីបើក្នុងល្បឿនយឺតក៏ដោយ។ នៅភូមិភាគខាងលិច ដីកំពុងលិចចុះក្នុងជម្រៅ ១៥ សង់ទីម៉ែត្រ/ឆ្នាំ។ ភូមិភាគខាងកើត ១០ សង់ទីម៉ែត្រ/ឆ្នាំ។ ភូមិភាគកណ្តាល ២ សង់ទីម៉ែត្រ/ឆ្នាំ។ រីឯភូមិភាគខាងត្បូងលិចយឺតជាងគេគឺ ១ សង់ទីម៉ែត្រប៉ុណ្ណោះ។ 

ស្ថានភាពលិចទឹកនៅកន្លែងមួយ ក្នុងរដ្ឋធានីចាកាតា

គួរឱ្យដឹងថា ទីក្រុងជាប់មាត់ឆ្នេរនានាទូទាំងពិភពលោក សុទ្ធតែរងផលប៉ះពាល់នៃកម្រិតទឹកសមុទ្រកើនឡើង ដែលបង្កដោយបម្រែបម្រួលបរិយាកាសសកល។ កម្ពស់ទឹកសមុទ្រកើនឡើងព្រោះតែការកើនឡើងនៃកម្តៅ ដែលធ្វើឱ្យផ្ទាំងទឹកកកតំបន់ប៉ូលរលាយ។ ហើយអ្នកជំនាញបញ្ជាក់ថា ល្បឿននៃការលិចរបស់ទីក្រុងចាកាតាស្ថិតក្នុងកម្រិតអាសន្ន៕

ស្ថានភាពទឹកឡើងនៅរដ្ឋធានីចាកាតា

តើប្រិយមិត្តយល់យ៉ាងណាដែរ?


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម