មន្ត្រីកសិកម្ម៖ ក្រសួងមិនចង់ឲ្យពលរដ្ឋបាញ់ថ្នាំគីមីពុល លើ​​បន្លែឡើយ

 
 

សារធាតុគីមីលើបន្លែបានក្លាយជាប្រធានបទមួយដែលមានការឆ្លើយឆ្លងជាហូរហែពីសំណាក់អ្នកលក់បន្លែ អ្នកទិញ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ។ ឆ្លើយឆ្លងព្រោះថា ភាគច្រើនពលរដ្ឋតែងតែចង់បរិភោគ​បន្លែផ្លែឈើ ដែលពុំមានសារធាតុពុល ខណៈអ្នកដាំអាចនឹងប្រើប្រាស់បរិមាណថ្នាំគីមី​ពុលតិច ឬច្រើនដើម្បីកុំឲ្យមានសត្វល្អិតលើដំណាំ និងបន្លែបង្ការរបស់ខ្លួន។

ប្រាប់Khmerload នាថ្ងៃទី០៩មករា លោកស្រី ពុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយថាក្រសួង​មិនចង់ឲ្យកសិករប្រើប្រាស់ថ្នាំគីមីលើបន្លែឡើយ។ មិនចង់ព្រោះថា វិធីសាស្រ្តដើម្បីកុំឲ្យមានសត្វល្អិតលើពពួកបន្លែទាំងនោះ គេអាចមានបច្ចេកទេសដោយប្រើលក្ខណៈធម្មជាតិ។ លោកថា ក្រសួង​​​កំពុងណែនាំបណ្តើរៗពីវិធានទំនើបដូចជា ដូចជាការប្រើប្រាស់ផ្ទះសំណាញ់លើបន្លែស្ពៃជាដើម ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំគីមីពុលច្រើនឡើយ។ ហើយមន្ត្រីជំនាញ នឹងជួយពន្យល់ពីរបៀបការពារសត្វល្អិត និងដង្កូវផងដែរ។

រូបភាពពីក្រសួងកសិកម្ម

បើទោះជាបែបនេះក្តី អ្នកនាំពាក្យរូបនេះបន្ថែមថា៖ «ក្រសួងទទួលស្គាល់ថា ខ្លួននៅតែមានបញ្ហាប្រឈមខ្លះៗ ក្នុងការជួយដល់កសិករព្រោះថា កន្លងមកក្រសួងមានសមាសភាពដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់កសិករបានតែ១/៤(មួយភាគបួន) នៃចំនួនកសិករសរុបប៉ុណ្ណោះ ព្រោះលទ្ធភាពក្រុមការងារ និងថវិការបស់ក្រសួងនៅមានកម្រិត»។

ហើយថាការពិតទៅ កន្លងមករដ្ឋាភិបាលបានផ្តល់ថវិកាជាតិ​មកឲ្យក្រសួងច្រើនដែរតែមិន​ទាន់​ឆ្លើយ​តប​ទៅនឹងចំនួនកសិករដែលមានប្រហែលជាង៤លាននាក់នៅឡើយ ដែលជាហេតុធ្វើ​ឲ្យ​ក្រសួង​ជួយអន្តរា​គមន៍​ជួយកសិករបានមិនទាន់គ្រប់។

លោកស្រី ពុទ្ធីបង្ហើបថា តាមផែនការរបស់ក្រសួងពីឆ្នាំ២០១៩ - ២០២៣ ក្រុមការងារក៏កំពុង​រៀបចំប្រព័ន្ធគម្រោងជួយបច្ចេកទេសទំនើបដល់កសិករផងដែរ។​លើសពីនេះ ក្រសួងមានគម្រោងដោះស្រាយបញ្ហារបស់កសិករក្នុងវិស័យកសិកម្ម ដាំដុះ ព្រៃឈើជលផល និងចិញ្ចឹមសត្វជាដើម ដោយប្រើធនធានរបស់រដ្ឋ​​ និងដៃគូរអភិវឌ្ឍ​ ដែលអាចមានជាជំនួយបច្ចេកទេសដាំដុះទំនើប ធននឹងអាកាសធាតុ កាត់បន្ថយការប្រើថ្នាំពុល​។

រូបភាពពីក្រសួងកសិកម្ម

ជាការកត់សម្គាល់ បន្លែបង្ការមិនតិចជាង៦០% ត្រូវបានគេមើលឃើញថា​បន្តនាំចូលពីប្រទេសជិតខាងដើម្បីមកបំពេញតម្រូវការឲ្យប្រជាពលរដ្ឋក្នុងស្រុក។ ក្នុងនោះ ពលរដ្ឋបន្តរិះគន់ថាបន្លែផ្លែឈើទាំងនោះសម្បូរទៅដោយសារធាតុគីមី ប៉ុន្តែពួកគេនៅតែបន្តបរិភោគដោយសំអាងថាគ្មានជម្រើស​។ ចំណែកកសិករមួយចំនួនអះអាងថា បន្លែផ្លែឈើដាំបែបធម្មជាតិ ពេលបានផលបែរជាគ្មានទីផ្សារ​។

គួររំឭកថា រយៈកាលកន្លងមកមានព័ត៌មានរិះគន់ច្រើនគួរឲ្យកត់សម្គាល់ដែរ ទៅលើក្រសួងកសិកម្ម​ថាមានភាពស្ពឹកស្រពន់រឿងជំនួយបច្ចេកទេស និងការណែនាំនានាដល់កសិករនៅតាមបណ្តាខេត្ត។​ដោយការរិះគន់មួយចំនួនបានធ្វើការប្រៀបធៀបថារដ្ឋាភិបាលកម្ពុជា មានកម្រិតនៃការគាំទ្រលើកសិករមិនទាន់ពេញលេញដូចប្រទេសជិតខាងនៅឡើយ។ យ៉ាងណា មន្ត្រីរដ្ឋាភិបាល​បានចេញមុខបកស្រាយជាបន្តបន្ទាប់អំពីការប្រឹងប្រែងរបស់ខ្លួន ដើម្បីឲ្យមានតុល្យភាពរវាងតម្រូវការពលរដ្ឋ និងលទ្ធភាពរបស់ស្ថាប័ន៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម