នាយករដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ី ទម្លាក់តំណែង ឧបនាយករដ្ឋមន្ត្រី របស់ខ្លួន ជុំវិញរឿងអាស្រូវ ស៊ីដាច់លុយជិត ៧០០លានដុល្លារ

 
 

ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី Najib Razak បានធ្វើការ ទម្លាក់តំណែង ឧបនាយករដ្ឋមន្ត្រី របស់ខ្លួនម្នាក់ ជុំវិញរឿងអាស្រូវ ទាក់ទងទៅនឹង ការស៊ីដាច់លុយ ជិត ៧០០លានដុល្លារ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី Muhyiddin Yassin បានធ្វើការចោទប្រកាន់ ទៅលើលោកនាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី គឺលោក Najib Razak ថាបានលេបយកលុយ មូលនិធិវិនិយោគទុន របស់រដ្ឋ ដែលមានចំនួនទឹកប្រាក់ ជិត ៧០០លានដុល្លារ ដោយបានធ្វើការ ផ្ទេរប្រាក់ ពីមូលនិធិ 1MDB ចូលក្នុងគណនីផ្ទាល់ខ្លួន របស់លោក ដែលបានបង្កើត កាលពីឆ្នាំ២០០៩។

យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រី Najib Razak ក៏បានចេញមុខបដិសេធ ចំពោះការចោទប្រកាន់ មួយនេះ ហើយបើផ្អែកលើរបាយការណ៍ នៃទីភ្នាក់ងារព័ត៌មាន Bernama បានបញ្ជាក់ថា លោក Najib Razak បានសម្រេចចិត្ត ទម្លាក់តំណែង លោកឧបនាយករដ្ឋមន្ត្រី Muhyiddin Yassin ព្រមទាំងអគ្គមេធាវី មួយរូបទៀត ដែលជាអ្នកដឹកនាំ ក្នុងការស៊ើបអង្កេត ជុំវិញរឿងអាស្រូវនេះ ដោយសំអាងលើ ហេតុផលសុខភាព។

ជាមួយគ្នានេះដែរ លោក Najib ក៏បានធ្វើការប្រកាស អំពីការទម្លាក់តំណែង ឧបនាយករដ្ឋមន្ត្រី របស់ខ្លួន នៅតាមកញ្ចក់ទូរទស្សន៍ ផងដែរ ដោយក្នុងនោះ លោកបាននិយាយថា “តាមពិតទៅ រឿងមួយនេះ គឺមិនគួរណា យកមកបង្ហាញ នៅក្នុងវេទិកាសាធារណៈ បែបនេះឡើយ ព្រោះវាផ្ទុយទៅនឹង ដំណើរការ នៃទំនួលខុសត្រូវ ក្នុងលក្ខណៈសមូហភាព របស់រដ្ឋាភិបាល។ ម្យ៉ាងវិញទៀត នេះគឺជាការសម្រេចចិត្ត ដ៏លំបាកបំផុតមួយ ប៉ុន្តែខ្ញុំត្រូវធ្វើវា ដើម្បីធ្វើឲ្យ ការដឹកនាំដ៏ល្អ ដែលធ្លាប់មានកន្លងមក នៅតែមានការវិវត្ត ទៅមុខ ជាបន្តទៀត”។

គួរបញ្ជាក់ផងដែរថា មូលនិធិ 1MDB (1Malaysia Development Berhad) បានអះអាងថា ខ្លួនមិនបានធ្វើការ ប្រគល់ប្រាក់ ជូនទៅលោក Najib ឡើយ ហើយចំពោះការចោទប្រកាន់នេះ គឺមិនមានភស្តុតាង បញ្ជាក់ច្បាស់ឡើយ ហើយក៏មិនអាច ទទួលយកបានដែរ។ បន្ថែមពីនេះទៀត លោកឧបនាយករដ្ឋមន្ត្រី Muhyiddin ត្រូវបានជំនួសតំណែង ដោយលោក Zahid Hamidi អតីតមន្ត្រី ក្រសួងមហាផ្ទៃ ព្រមទាំងមាន ការផ្លាស់ប្តូរតំណែង មន្ត្រី ៤នាក់ផ្សេងទៀត នៅក្នុងជួរ គណៈរដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី៕


លោក Najib Razak នាយករដ្ឋមន្ត្រីនៃ ប្រទេសម៉ាឡេស៊ី


លោក Muhyiddin Yassin ឧបនាយករដ្ឋមន្ត្រី ដែលត្រូវបានទម្លាក់តំណែង

ប្រភព៖ BBC

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម