បញ្ជល់មាន់​ ភ្លេចខ្លួន សមត្ថកិច្ច​ឆ្មក់ ​បង្ក្រាប​រឹបអូស​បាន ​ម៉ូតូ​១៥​គ្រឿង

 
 

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​អ្នក​ញៀន​ល្បែង​ បញ្ជល់មាន់បាន​ចល័ត​ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ​ដោយ​លួចលាក់​ទោះ​នៅ​ក្នុង​ចំការ​កៅស៊ូ​កន្លែង​ស្ងាត់​យ៉ាងណា​ក្តី​ ក៏​ត្រូវ​បាន​កម្លាំង​ស្នងការដ្ឋាន​ នគរបាល​ខេត្តសហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ឆ្មក់​បង្ក្រាប​បាន​ កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ កញ្ញា ២០១៥ ត្រង់​ចំណុច​គីឡូ​ចែក ស្ថិត​ក្នុងភូមិ​ឆ្លូង​៣ ឃុំ​កំ​ពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​ដកហូត​បាន​ម៉ូតូ​១៥​គ្រឿង អា​គក​ងាប់​២​ក្បាល ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ដុត​កម្ទេច​ចោល​ នៅ​នឹង​កន្លែង ។

អធិការ​នគ​បាល​ស្រុក​មេមត់ លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន ប្រាប់​ឲ្យ​ដឹង​ថា ទីតាំង​លេងល្បែង​បញ្ជល់មាន់​ខាងលើ​គឺ​បាន​លេង​ជា​ច្រើន​ខែ​មក​ហើយ​ ដោយ​ក្រុម​អ្នក​ញៀន​ល្បែង​នេះ​ បាន​ចល័ត​ពី​កន្លែង​មួយ​ទៅ​ កន្លែង​មួយ​ដើម្បី​គេច​ពី​ខ្សែ​ភ្នែក​ របស់​សមត្ថកិច្ច​មូលដ្ឋាន ។

លោក​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ការ​ណែនាំ​ ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត ឲ្យ​មាន​វិធានការ​ចំពោះ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល​ជា​ប្រភព​បង្កើត​នាំ ​ឲ្យ​មាន​បទល្មើស​នានា និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម ។ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​រូប​លោក​ដឹងថា​ ​នៅ​ត្រង់​ចំណុច​គីឡូ​ចែក ក្នុងភូមិ​ឆ្លូង​៣ បាន​បើក​សង្វៀន​បញ្ជល់មាន់​ដោយ​ខុសច្បាប់ ក្នុង​ពេល​ដែល​លេង​បញ្ជល់ មាន់​១​គូ​ៗ​តែងតែ​ឮ​សូរ​សំឡេង​ហ៊ោកញ្ជ្រៀវ​អឹង​កក ។

លោក​អធិការ​នគរបាល​ ស្រុក​មេមត់​បានឱ្យ​ដឹង​ទៀត​ថា ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់ មាន់​ទាំងនោះ​គឺ​ឆ្លាត បាន​ចល័ត​លេង​ពី​កន្លែង​មួយ​ទៅ​ កន្លែង​មួយ​ដោយ​បាន​បាត់ដាន​២​ស​ប្តា​ហ៍ ​មិនឃើញ​លេង​ទេ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា ស្រប​ពេល​ដែល​កំពុង​តែ​លេង​នោះ កម្លាំង​ប្រចាំ​ទិស​នៅ​ស្រុក​មេមត់ ដែល​បាន​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ុ​ន មាគ៌ា ស្នងការ​រង​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ត្រៀមកម្លាំង​ចុះ​ទៅ​ជា​បន្ទាន់ ដើម្បី​បង្ក្រាប​ល្បែងស៊ីសង​នេះ ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​ពេល​ដែល​ឃើញ​ កម្លាំង​សមត្ថកិច្ច​ទៅ​ពី​ចំងាយ​ប្រញាប់​ នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន បញ្ជាក់​ថា មាន់គក​២​ក្បាល​ងាប់​ដោយ​ ជល់​ចាញ់​នោះ​ត្រូវ​បាន​រឹបអូស ហើយ​សង្វៀន​បញ្ជល់មាន់​ត្រូវ ​បាន​រុះរើ​រួច​បាន​ដុត​កំទេច​ចោល ថែម​ទាំង​បាន​ហៅ​ម្ចាស់ផ្ទះ ​ម្នាក់​មក​ធ្វើ​កិច្ចសន្យា​អប់រំ​មិន​អនុញ្ញាត​ឲ្យ​បើក​លេង​ជា​បន្ត​ទៀត បើ​ពុំនោះ​ទេ​នឹង​ចាត់វិធានការ​តាម​ច្បាប់ ចំណែក​ម៉ូតូ​១៥​គ្រឿង​ត្រូវ​បាន​ដឹក​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ឲ្យ​ម្ចាស់​ម៉ូតូ​នីមួយ​ៗ​ចេញ​មុខ​មក​ទទួល​ខុសត្រូវ និង​ផាកពិន័យ​ទៅ​តាម​ច្បាប់​ ព្រមទាំង​ធ្វើ​កិច្ចសន្យា​អប់រំ​ថែម​ទៀត ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម