សង្ស័យមានការបើកភ្លើងខៀវ ! រថយន្តដឹកដី ដឹកទំនិញសំពីងសំពោង ចូលក្នុងក្រុងទេសចរយ៉ាងរលូន
ខេត្តសៀមរាប ៖ នៅតំបន់ប៉ូលទេសចរប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា មានការបើកភ្លើងខៀវឱ្យរថយន្តដឹកដី និងដឹកទំនិញសំពីងសំពោងធ្វើសកម្មភាពជញ្ជូនចូលក្រុងសៀមរាបយ៉ាង អនាធិបតេយ្យ ធ្វើឱ្យធូលីដីហុយស្ទើរមើលផ្លូវមិនឃើញ ខណៈពេលដែលអាជ្ញាធរ និងសមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវនានាមិនមានចំណាត់ការសោះឡើយ ។
បើតាមសេចក្តីរាយការណ៍ជាក់ស្តែងដែលបានផ្តិតយករូបភាពបានបង្ហាញ ឱ្យដឹងថា មានរថយន្តដឹកដីពីតាមបណ្តាស្រុកមួយចំនួននៃខេត្តសៀមរាបរាប់រយ គ្រឿងសម្រុកដឹកដីយកមកលក់នៅក្នុងទីប្រជុំជន នៃក្រុងសៀមរាប ដោយមិនបានគ្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយគេសង្កេតឃើញមានធូលីដីធ្លាក់រប៉ាត់រប៉ាយតាមផ្លូវ ធ្វើឲ្យពលរដ្ឋមានការខឹងសម្បារ និងរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើអាជ្ញាធរខេត្តសៀមរាបថា គ្មានចំណាត់ការណាមួយសមរម្យសោះឡើយ ដោយឃើញតែយកលុយពីក្រុមឈ្មួញ ឬថៅកែដឹកដីដាក់ហោប៉ៅខ្លួនឯងទៅវិញ ។
ប្រភពបានបន្តថា ចំណែករថយន្តដឹកទំនិញសំពីងសំពោងរាប់រយគ្រឿងដឹកចូលក្រុងសៀមរាបជា រៀងរាល់ថ្ងៃ ក៏មិនឃើញមានអាជ្ញាធរពាក់ព័ន្ធ ឬក៏សមត្ថកិច្ចណាមួយចេញមុខបង្ក្រាប ឬក៏ធ្វើការណែនាំសោះឡើយ ដោយឃើញតែសមត្ថកិច្ចនៅតាមដងផ្លូវមួយចំនួនយកលុយពីក្រុមរថយន្ត ទាំងនោះយ៉ាងត្រជាក់ចិត្ត ជាពិសេសនរណាក៏ឃើញជាក់ស្តែងដែរថា សមត្ថកិច្ចដែលយកលុយបានច្រើនជាងគេគឺខាងសាធារណការ និងដឹកជញ្ជូនខេត្ត, មន្ត្រីប៉ូលិសចរាចរណ៍ និងប៉ូលិសសណ្តាប់ធ្នាប់ផងដែរ ។ ហើយក្រុមមន្ត្រីទាំងនោះតែងតែប្រមូលលុយយកទៅឱ្យថ្នាក់លើដើម្បីទប់ តំណែងរបស់ខ្លួនឱ្យបាននៅយូរអង្វែង ។
ប្រភពបានបន្ថែមទៀតថា នៅក្នុងក្រុងសៀមរាប ទាំងយប់ទាំងថ្ងៃ គេសង្កេតឃើញមានសភាពធូលីដីហុយស្ទើរមើលផ្លូវមិនឃើញនៅពេលដែល រថយន្តធំៗបើកឆ្លងកាត់ម្តងៗ ហើយក្រុមពលរដ្ឋបានស្នើឲ្យអាជ្ញាធរជុំវិញខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ គួរតែមានវិធានការឱ្យបានតឹងតែង ដើម្បីឱ្យស័ក្តិសមទៅនឹងពាក្យថា «ទីក្រុងស្អាត រមនីយដ្ឋានល្អ» ពិតប្រាកដមែននោះ ។
លោកវរសេនីយទោ ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់ថា លោកបានច្រានចោលនូវការលើកឡើងខាងលើ ហើយលោកបានអះអាងថា មិនបានអនុញ្ញាតឱ្យកូនចៅរបស់លោកដែលឈរជើងនៅតាមគោលដៅទាំងអស់នៃ ខេត្តសៀមរាបយកលុយពីឡានដឹកដី និងដឹកទំនិញសំពីងសំពោងនោះឡើយ ប៉ុន្តែលោកបានបញ្ជាក់ថា ប្រសិនបើឃើញមានកូនចៅមួយណាយកលុយពីឡានដឹកទំនិញទាំងនោះ លោកបានស្នើឱ្យអ្នកកាសែតរាយការណ៍ និងប្រាប់ឈ្មោះមន្ត្រីទាំងនោះ ដើម្បីលោកមានវិធានការដកបញ្ឈរជើងនៅស្នងការតែម្តង ។
ជុំវិញករណីខាងលើនេះដែរលោកវរសនីយឯក កែវ រក្សា ប្រធានការិយាល័យសណ្តាប់ធ្នាប់ខេត្ត មិនអាចទាក់ទងសុំការពន្យល់បានទេ ដោយទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា ។ ចំណែក លោក គឹម ប៊ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរនៅរសៀលថ្ងៃនេះ ខណៈទូរស័ព្ទរបស់លោកក៏នៅក្រៅតំបន់សេវាដែរនោះ ។
ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ស្នើឱ្យលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប មានចំណាត់ការយ៉ាងណា ដើម្បីរៀបចំឱ្យទីក្រុងប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ក្លាយទៅតាមពាក្យស្លោកថា «ទីក្រុងស្អាត រមនីយដ្ឋានល្អ» នោះ ។ ពលរដ្ឋស្នើទៀតថា លោកអភិបាលខេត្តគួរមានវិធានការដុះក្អែលមន្ត្រីខិលខូចនៅជុំវិញខេត្ត ផង ព្រោះមន្ត្រីមួយចំនួនតូចទាំងនោះធ្វើជាឆ្អឹងទទឹង.ក នៃការអភិវឌ្ឍន៍នៅក្នុងខេត្តសៀមរាបទាំងមូល ជាពិសេសកុំឱ្យពួកគេធ្វើព្យុះធ្វើភ្លៀងស្រេចតែអំពើចិត្តរបស់ ពួកគេ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!