បាញ់ប្លន់យកម៉ូតូ ស្កុបពី លើស្ពានអាកាស ស្ទឹងមានជ័យ ស្លាប់ម្នាក់របួសម្នាក់

 
 


 

ភ្នំពេញ៖ ក្រុមចោរប្លន់ ប្រដាប់អាវុធ៣នាក់ ជិះម៉ូតូម៉ាកឌុកមួយគ្រឿង បានបាញ់ប្រហារពីរគ្រាប់ទៅ លើជនរងគ្រោះបីនាក់ ប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច ប៉ុន្ដែជនរងគ្រោះពីរនាក់ ត្រូវគ្រាប់កាំភ្លើងហើយ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ខណៈដែលនារី ជិះជាមួយបានរួចផុត ពីគ្រោះថ្នាក់មួយនេះ។

អំពើបាញ់ប្រហារប្លន់យក ម៉ូតូស្កុបពី តែមិនបានសម្រេចខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ៣ទាបភ្លឺថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅលើស្ពានអាកាស ស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

មន្ដ្រីនគរបាលមូលដ្ឋានខណ្ឌចំការមន បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបីនាក់ ប្រុសពីរនាក់ ស្រីម្នាក់ជិះម៉ូតូស្កុបពី មួយគ្រឿង ពណ៌ស ចេញមកពីក្លឹបកំសាន្ដ ប្លូធូ ក្នុងខណ្ឌសែនសុខ ឆ្ពោះមកតាម ផ្លូវលេខ ២៧១ លុះមកដល់ក្បាល ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កំពុងតែជិះឡើងនោះ ស្រាប់តែមានជន សង្ស័យ៣នាក់ ជិះម៉ូតូម៉ាកឌុក មកគៀរហើយ សំឡុតយកម៉ូតូ តែជនរងគ្រោះមិនឱ្យទើប ធ្វើពួកវាខឹងបាញ់ប្រហារមួយគ្រាប់ ។ ទោះបីត្រូវគ្រាប់កាំភ្លើងក៏ដោយ ក៏ជនរងគ្រោះ ខំបើកម៉ូតូយ៉ាងលឿន ឆ្លងកាត់ស្ពាន លុះមកដល់ពាក់កណ្ដាលស្ពាន ជនសង្ស័យបានបាញ់ មួយគ្រាប់ទៀត ប៉ុន្ដែជនរងគ្រោះមិនដួល និងមិនព្រមឈប់ បានបន្ដបើកម៉ូតូទាំងរបួស ចុះពីស្ពានក៏ ជ្រុលទៅបុករនាំងថ្ម បែងចែកទ្រូងផ្លូវ មុខផ្លូវចូលទៅផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយស្រែកចោរ បាញ់ប្លន់ ទើបធ្វើឱ្យក្រុមចោរ មិនមានឱកាស មកយកម៉ូតូរបស់ជនរងគ្រោះ ដើម្បីជិះគេចខ្លួន ។

តាមការបញ្ជាក់ពីនគរបាល ខណ្ឌចំការមន ក្រោយពីទទួលបានករណីថា មានករណីបាញ់ប្លន់យកម៉ូតូ នោះ នគរបាលប៉ុស្ដិ៍ទំនប់ ទឹកបានចុះទៅសួរនាំ ហើយជួយដឹកជនរងគ្រោះម្នាក់ ទៅព្យាបាលរបួសនៅ មន្ទីរពេទ្យ រុស្ស៊ី រីឯជនរងគ្រោះម្នាក់ទៀត បានបើកម៉ូតូ ទាំងរបួសត្រឡប់ទៅផ្ទះ របស់ខ្លួននៅឯខណ្ឌ សែនសុខ ហើយឱ្យបងប្អូនជួយដឹកទៅកាន់ មន្ទីរពេទ្យលោកសង្ឃ ដើម្បីព្យាបាលរបួស។

សម្រាប់ជនរងគ្រោះឈ្មោះ វាសនា អាយុ២៥ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលរងរបួសធ្ងន់នោះ ត្រូវបានសមត្ថកិច្ចអះអាងថា បានដាច់ខ្យល់ស្លាប់ទៅហើយ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

សូមបញ្ជាក់ថា កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ស្ថិត នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ក៏មានករណីបាញ់ប្លន់ប៉ង យកម៉ូតូម៉ាកឌុក មួយគ្រឿងពីជនរងគ្រោះ ប៉ុន្ដែក៏មិនបាន សម្រេច ដោយអ្នកជិតខាងឃើញហើយ ស្រែកឱ្យគេជួយ ទើបសមត្ថកិច្ចនៅក្បែរនោះ ចេញមកជួយអន្ដរាគមន៍ភ្លាមៗ ខណៈដែល ក្រុមជនល្មើសបានគេចខ្លួន ដោយសុុវត្ថិភាព ទៅហើយនោះ ។

ករណីបាញ់ប្លន់ តែមិនបានសម្រេចខាងលើនេះ ជនរងគ្រោះបានរងរបួសត្រូវបាន សមត្ថកិច្ចនិង សាច់ញាតិជួយដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យផងដែរ ។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបង្ហាញមុខ ក្រុមចោរប្លន់ប្រដាប់អាវុធ ចំនួន៣នាក់ព្រម ទាំងកាំភ្លើងខ្លី និងម៉ូតូចំនួន៤គ្រឿងផងដែរ ដែលជនសង្ស័យទាំងនេះ ធ្លាប់បានធ្វើសកម្មភាព បាញ់ប្លន់នាពេលកន្លង ទៅក្នុងរាជធានីភ្នំពេញ ក្នុងនោះសង្ស័យជាប់ពាក់ព័ន្ធនិងករណី បាញ់ប្លន់នៅខណ្ឌចំការមន ក្នុងសង្កាត់ ទួលស្វាយព្រៃទី១ នេះផងដែរ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម